Wednesday, April 22, 2015

អ្នកនាំពាក្យ​ ចាត់ទុកអនុ​ប្រធាន​បក្ស​​សង្គ្រោះ​ជាតិ​ ​ជាអ្នក​នយោបាយ​ជ្រុល​និយម

ជាថ្មីម្តងទៀត​ អនុប្រធានគណបក្សសង្គ្រោះជាតិ​ ឯកឧត្តម កឹម សុខា​ កាលពីថ្ងៃទី ២១​ ខែមេសា ឆ្នាំ២០១៥​ នៅ​ឯខេត្តបាត់ដំបង ​បានលើកឡើងថា ​ឯកឧត្តម​នឹងរក្សា​ជំហរចង់ឲ្យមានការផ្លាស់ប្តូរ​ ហើយឯកឧត្តម ​កឹម សុខា​ ក៏បានចោទថា​ ប្រមុខរាជរដ្ឋាភិបា​លបច្ចុប្បន្ន ​គឺកំពុងដឹកនាំ​ប្រទេសតាមបែបកុម្មុយនីស្ត ​ផ្តាច់ការ ទាក់ទងនឹង​ការលើកឡើងនេះ ឯកឧត្តម ទិត សុធា ​អនុប្រធាន​ និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន ​និងប្រតិកម្មរហ័សនៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ​បានចាត់ទុកថា ឯកឧត្តម កឹម សុខា​ ថា​កំពុងផ្គើនប្រឆាំងវប្បធម៌សន្ទនា និងជាអ្នកនយោបាយជ្រុលនិយម។
ឯកឧត្តម ទិត សុធា ​បានលើកឡើង​ ការបន្តរិះគន់របស់ ឯកឧត្តម កឹម សុខា ​ចំពោះបក្សកាន់អំណាចថា ផ្តាច់ការ និងកុម្មុយនីស្ត គឺមានចេតនាធ្វើឲ្យស្ថានការណ៍នយោបាយឡើងកំដៅ ដោយការនិយមជ្រើសយកវប្បធម៌ហិង្សា គំនុំ និងសងសឹក ខណ:ផ្ទៃក្នុងបក្សប្រឆាំងខ្វែងគំនិតគ្នារវាងមេបក្សគាំទ្រវប្បធម៌សន្ទនា អនុប្រធានបក្សប្រឆាំងវប្បធម៌នេះ និងញុះញង់ឲ្យមានហិង្សាជាថ្មី។
ឯកឧត្តម ទិត សុធា ​បានបន្តថា​ បុគ្គលគ្រប់រូបទាំងអ្នក​នយោបាយក៏ដូចជា​ពលរដ្ឋធម្មតា​ ធ្វើសកម្មភាព​អ្វីមួយ គួរស្ថិតនៅក្រោម​ក្របខណ្ឌច្បាប់​ ក៏ប៉ុន្តែសំរាប់​សំដីរបស់​ ឯកឧត្តម​ កឹម សុខា ​ដែលថារក្សាជំហរ​ដដែល ​គឺនៅក្នុងការ​ផ្លាស់ប្តូរ ​យើងឃើញថា ​នេះគឺជាពាក្យ​ឃោសនា​របស់​ ឯកឧត្តម កឹម សុខា​ ក៏ប៉ុន្តែការ​ផ្លាស់ប្តូរ​ណាមួយ​ ដែលនាំឲ្យមាន​មហន្តរាយ​ដល់សង្គមជាតិ​ រឺមួយក៏ជាការ​ផ្លាស់ប្តូរ​ណាមួយ​ ដែលប្រើ​កំលាំង​ផ្លូវកាត់​ បានន័យថា​បំពានលើ​រដ្ឋធម្មនុញ្ញ ​ការផ្លាស់​ប្តូរនោះ​គឺស្ថិតនៅ​ក្នុងវិធាន​ការនៃច្បាប់​។
ឯកឧត្តម ទិត​ សុធា​ បានគូសបញ្ជាក់ថា​ នៅក្នុងដំណាក់កាល​ដែល  ឯកឧត្តម កឹម សុខា ​កំពុងស្ថិតនៅ​ក្នុងនីតិវិធី ​នៃការស៊ើបអង្កេត​សួរនាំ ដំណើរការ​ផ្លូវច្បាប់នៅ​ឡើយ ខ្ញុំយល់​ថា ការផ្គើនចំពោះ​នីតិវិធីផ្លូវច្បាប់ ​វាជារឿងមួយ​របស់អ្នកនយោបាយ​ជ្រុលនិយម។ ​បើ​ទោះជាគេមិនទាន់​ដឹងថា ​តុលាការ​ នឹងចាត់ការ​យ៉ាងណា​ចំពោះ ​ឯកឧត្តម​ កឹម សុខា​ នៅឡើយ​នោះ ​ ឯកឧត្តម​ ពន្យល់ថា ​ការចាត់​វិធានការ​ផ្លូវច្បាប់​ណាមួយ​ វាស្រ័យទៅ​លើសកម្មភាព​ជាក់ស្តែង​របស់គាត់​បន្ត​ទៅមុខទៀត​ ថា​តើ​បន្ទាប់​ពីគាត់​បាន​និយាយថា​ និងបន្ត​ចលនា​ផ្លាស់ប្តូរ​នេះតើគាត់​នឹង​ធ្វើ​សកម្មភាព​អ្វីទៀត​ ជា​សកម្មភាព​ញុះញុង​បង្កចលាចល​នាំឲ្យសង្គម​វឹកវររឺ​មួយក៏គ្រាន់តែ​ជាសារ​នយោបាយ​ដើម្បីសំយ៉ែញ​ ទាញទឹក​ចិត្តមហាជន​ឲ្យមានការ​យល់ច្រឡំ​ថាគាត់​ពិតជា​មាន មហិច្ឆតា​ទៅមុខទៅ​នឹងបានជា​គណបក្សមួយ​ដែលអាច​ដឹកនាំ​ប្រទេសបាន​។​  ឯកឧត្តម ​បន្តថា​ ក៏ប៉ុន្តែ​សំរាប់​ប្រជា​ពលរដ្ឋ ​នៅក្នុង​យុគសម័យ​នេះគឺគេ​មិនជឿ​ទៅលើអ្វី​ដែលគាត់​គ្រាន់តែ​ឃោសនា​បោកប្រាស់​ប៉ុណ្ណឹង​គេជឿតាម​នោះទេ ​ គឺ​សំខាន់​ប្រជាពលរដ្ឋ​គាត់យល់ថា​អ្វីដែល​ជាអត្ថ​ប្រយោជន៍​ពិត​ប្រាកដ​ដល់រូបគាត់​ ដែល​គណបក្ស​ណា ​ផ្តល់​ឲ្យគាត់នោះ។​

អត្ថបទ​៖ ច័ន្ទ ទេវី

No comments:

Post a Comment