Wednesday, April 22, 2015

ទស្សនៈ៖ ​កឹម សុខា គឺជា​ឥស្សរជន​ហិង្សា​និយម​នៅ​ក្នុង​យុគ​សម័យ​ថ្មី

បើទោះជា​ មានការប្រកាន់​យកនូវរបៀប​ថ្មី​នៃវប្បធម៌​សន្ទនា ​ដែលបាន​កើតចេញ​ជា​រូបរាង​កាលពីថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៤​ ហើយបាន​ឈានឲ្យមេ​ដឹកនាំ​គណបក្ស​ទាំងពីរ ​សិ្ថតនៅ​ក្នុងសភាព​ផ្អែមល្ហែម​ លើ​បញ្ហាទូទៅ ​ទាំង​នយោបាយ ទាំងការ​ដោះស្រាយ​បញ្ហាផ្សេងៗ​ដែលជា​ភាពតាន​តឹងនៃ​គណបក្ស​ទាំងពីរធ្លាប់​មាន ​ប៉ុន្តែដោយ​ផ្អែកលើស្មារតី​នៃការ​បង្រួប​បង្រួមជាតិ​ ការយោគ​យល់គ្នា​ គេបានមើល​ឃើញថា​ លោក ហ៊ុន​ សែន ​និងលោក​សម ​រង្ស៊ី ​បានផ្លាស់ប្តូរ​ការទំនាក់​ទំនង ​ការសន្ទនា​គ្នាជាញឹកញាប់​ រហូតដល់​បង្កើត​បាន​នូវបរិយាកាស​នយោបាយ​ប្រសើរ​ដូចបច្ចុប្បន្ន។
ដោយឡែក​លោក​ កឹម សុខា ​ដែលគេបាន​ដឹងថា​ ជាបុគ្គល​ដែលប្រកាន់​យកនូវ​ទម្លាប់​ហិង្សា​និយម​ ហើយហិង្សា​និយមនេះ​ បានចង​ក្រៀក​ជាប់ជា​មួយនឹង​សកម្មភាព​ប្រចាំ​ថ្ងៃរបស់​លោក ​កឹម​ សុខា​ តាំងពី​មុនពេល​យុទ្ធនា​ការបោះឆ្នោត ​អំឡុង​ពេលបោះ​ឆ្នោត​ និង​ក្រោយ​ពេលបោះ​ឆ្នោត។
ស្តែងចេញ​ជាសកម្មភាព​បន្តបន្ទាប់​មកទៀត ​ដើម្បី​បង្ហាញ​ថា​ខ្លួនជា​បុគ្គលដែល​មាន​ឥទ្ធិពល​នៅក្នុង​បក្ស​ប្រឆាំង​ លោក​ កឹម សុខា​ បាន​និយាយ​ប្រាប់គេ​ឯងថាលោក​មាន​ការ​សោក​ស្តាយ​ដែលបំណង​នៃការ​ផ្លាស់ប្តូរ ​ដែលមាន​តម្លៃ​ស្មើនឹង​ការផ្តួល​រំលំ​រាជ​រដ្ឋា​ភិបាល​​ស្រ​ប​​ច្បាប់របស់​លោក ​ហ៊ុន​ សែន ​មិនបាន​សំរេច ​ហើយលោក​ កឹម ​សុខា​ បានប្រកាស​ដាច់​ខាត​មិន​គាំទ្រ​នូវវប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ​នោះឡើយ។
រហូតមក​ដល់​ដំណាក់​កាល​ចុងក្រោយ​នេះ ​បើទោះ​ជាគុណ​តម្លៃនៃ​វប្បធម៌​សន្ទនា​​បាន​នាំឲ្យ​សង្គម​កម្ពុជា​ត្រូវបាន​គេមើល​ឃើញ​ថា ​មានបរិកាស​ល្អប្រសើរ​ ដែល​វប្បធម៌​សន្ទនា​នេះ​ គឺជា​ការ​ផ្លាស់ប្តូរ​យោបល់គ្នា​ ដើម្បី​តំកល់​ផលប្រយោជន៍​ជាតិ​ សមដូចការ​បញ្ជាក់​របស់លោក ​ហ៊ុន ​សែន​ ថ្លែង​នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ ថ្ងៃទី១៤​ ខែ​មេសា​ ឆ្នាំ​២០១៥​ ថា​ «គ្មាន​ការសន្ទនា​ណាមួយ​ដែលនាំ​ឲ្យមាននូវ​ការ​បំផ្លាយ​ជាតិ​នោះទេ»  ផ្ទុយ​ទៅវិញ​ផ្លែផ្កា​នៃវប្បធម៌​សន្ទនា​ គឺការពង្រឹង​ឯកភាព​ជាតិហើយ​ជំរុញឲ្យ​មានការ​អភិវ​ឌ្ឍន៍»។ ត្រង់​នេះមាន​ន័យថា​ មេបក្ស​ទាំងពីរ​បានដើរ​ដល់​ផ្លូវ​ឯកភាព​ជាតិ​ ដែលនឹង​នាំឲ្យ​សង្គម​ជាតិ​ឈានទៅ​រកការ​សំរេច​នូវ​លទ្ធផល​ជាវិជ្ជមាន​ជា​បន្ត​បន្ទាប់​ទៀត ​ដែលអាច​នឹង​បញ្ចៀស​បាន​នូវហិង្សា ​សកម្មភាព​បង្ក​ចលាចល​ក្នុង​សង្គម​ ដូច​អតីតកាល​ដែលក្រុម​ប្រឆាំងបាន​បង្ក ឡើង​តាមរយៈ​ការញុះ​ញង់ ​ដឹក​ប្រមូល​ផ្តុំកម្លាំង​ធ្វើកូដកម្ម ​បាតុកម្ម​ និង​ឈានដល់​កុបកម្ម ​តាម​ដងផ្លូវ​ នាំមក​នូវ​ការព្រួយ​បារម្ភ​ពី​សំណាក់​ប្រជាពលរដ្ឋ ​និង​អ្នក​វិនិយោគ​អន្តរជាតិ​។  ផ្ទុយ​ទៅវិញ ​គេបាន​មើល​ឃើញថា​ លោក​ កឹម សុខា ​ហាក់បីដូច​ជាក្បាល​រឹងមិនព្រម​សុខចិត្ត​ផ្លាស់ប្តូរ​ឥរិយាបថ​ទទួល​យកនូវ​វប្បធម៌​សន្ទនា ​ដែលជា​វប្បធម៌​នៃសនិ្តវិធី ​ដែល​ជាវប្បធម៌​ នៃ​ការបង្រួប​បង្រួម​ជាតិ​នោះទេ​ ។
យ៉ាងណា​មិញការថ្លែង​របស់លោក​ កឹម សុខា​ ខណៈ​ជួបជាមួយ​និងប្រជា​ពលរដ្ឋ​នៅតាម​បណ្តាល​ខេត្តមួយ​ចំនួន​នាពេលចុង​ក្រោយនេះ​ ក្នុង​កាយវិការ​ក្រអឺត​ក្រទម​ រួមផ្សំ​ជាមួយ​​នឹងការតំ​ឡើង​ឫកពា​ ហាក់បី​ដូចជាខ្លួននឹង​ប្រឆាំង​ជាមួយ​និង​សកម្មភាព​របស់មេ​បក្ស​ខ្លួន​ ដោយ​លោក ​កឹម ​សុខា ​បានថ្លែង​ដូច្នេះថា​ « សូម​ឲ្យ​សកម្ម​ជន​របស់ខ្លួន​កុំឲ្យមាន​ការ​ភាន់​ច្រឡំ​ថា​ សកម្មភាព​របស់​លោក​ប្រធាន​ សម​ រង្ស៊ី​ ជាមួយ​លោក​ ហ៊ុន​ សែន​ គឺជា​ការចុះញ៉ម ​រឺមួយ​ក៏ជាការ​ធ្វើជា​អាយ៉ង​របស់​គណបក្ស​កាន់​អំណាច​ ។ ​ផ្ទុយទៅវិញ​លោក​ កឹម ​សុខា​ បាន​បន្ថែមថា​ គោល​របស់​គណបក្ស​ប្រឆាំង​នៅរក្សា​ដដែល​ គឺនឹង​ដណ្តើមយក​ជ័យជំនះឲ្យ​បាន​ជាដាច់ខាត​ក្នុង​ការផ្តួល​រំលំ​គណបក្ស​កាន់​អំណាច​នៅឆ្នាំ២០១៨​ខាងមុខ។
​បើទោះ​ជាគេ​មិនទាន់​ដឹងថា ​តើនឹងមាន​ព្រឹត្តិការណ៍ ​សកម្មភាពអ្វី​ខ្លះវានឹងកើត​ឡើង​នៅក្នុងទង្វើដែលដឹកនាំដោយលោក កឹម សុខា ក៏ប៉ុន្តែគេ បាន​មើលឃើញថា ជានិច្ច​កាល​លោក កឹម សុខា ហាក់បីដូចជាបានធ្វើសកម្មភាព​នានាដែលដើរឆ្ងាយអំពី​គោលការណ៍​ច្បា​ប់ បើទោះជាក្នុង ដំណាក់កាលនេះ លោក កឹម សុខា កំពុងស្ថិតនៅ​ក្នុងការ​ឃ្លាំ​មើល​នៃ​នីតិវិធី​របស់តុលាការ​ក្តី។
អំពើរបស់ជនទុច្ចរិត សកម្មភាពរបស់ជនល្មោភអំណាច គឺ​ហាក់បីដូចជា​គ្មានព្រំដែន​កំណត់នៃ​ក្រមសីលធម៌ និង​ការទទួលយកនៅក្នុង​ក្របខណ្ឌ នៃ​គោលការណ៍ប្រកប​ដោយ​សន្តិវិធី​ នៃដោះស្រាយនោះទេ។
ការប្រកាន់យកនូវទស្សនៈផ្ទុយគ្នា រវាងម្ខាងនិយមគោលការណ៍សន្តិភាព និងម្ខាង​ទៀត ប្រឆាំងជំទាស់នឹងគោលការណ៍សន្តិភាព ហើយជ្រើស រើសយក​នូវទំលាប់​ហិង្សា​និយម ជាលទ្ធផលដែលរំពឹងទុក បក្សប្រឆាំងមួយនេះ ហាក់បីដូចជាពស់ក្បាលពីរ រឺមួយ​ក៏ហាក់បី ដូចជាឋិតក្នុងការកាន់ចង្កូត​ប្រទាញប្រទង់គ្នា រវាងអំណាចជាមេបក្ស និង​អំណាច​ជាអនុ ប្រធាន​បក្សដែលមិនចុះសម្រុងគ្នា។
ផលវិបាកជាច្រើនដែលគេរំពឹងទុក គឺការបន្តបែកបាក់ វិបត្តិផ្ទៃក្នុងកាន់​តែរីកធំ​ឡើងៗ​ពីមួយថ្ងៃទៅមួយថ្ងៃ ដូច​ជា សកម្មភាពនៃ​ការ​ចាកចេញ​ពីបក្សដោយស្ងាត់ស្ងៀម ​ រឺក៏​ដោយ​ចំហរ របស់ក្រុមអ្នកគាំ​ទ្រ នឹងអាចរីកធំ​ធាត់ដោយ​សារអ្នកដឹកនាំ​បក្ស​ប្រឆាំង​ ខ្វែង​គំនិតគ្នា។ ការធ្វើនយោបាយ​ដោយមិនមានការស្រុះស្រួលគ្នា គឺជាជំហានឆ្ពោះ​ទៅរកការ​បរាជ័យ​នៃ​គណបក្សនយោបាយនោះ។
ម៉្យាង​វិញ​ទៀត បើពិនិត្យមើលអំពីសារជាតិពិតប្រាកដ​រវាង​បុគ្គល សម រង្ស៊ី និងកឹម សុខា អ្នកទាំងពីរនេះប្រៀបដូចជាទឹក និងប្រេង បើទោះ​ណាពូកគេ​ខំសម្តែងជាឆាកល្ខោន ដើម្បីឆ្ពិនភ្នែកអ្នកដ៏ទៃក៏ដោយ ប៉ុន្តែ ធាតុពិតនៃរបៀបការ​ដឹកនាំ​គណបក្សនយោបាយមួយនេះ មិនមែនជាអាថ៌កំបាំង សំរាប់ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត នៅ​ក្នុង​យុគសម័យបច្ចេកវិទ្យា បាន នោះឡើយ៕


ដោយ៖ សាន បូរិទ្ធ

No comments:

Post a Comment