Wednesday, April 22, 2015

ទស្សនៈវិភាគដោយ៖ ទេព អម្រឹត​,គួរ​ពិចារណា​ពី​កិត្តិយស​ជាតិ ​មុន​ធ្វើ​ការ​បង្ហោះ​ និង​ផ្សព្វផ្សាយ​រូបភាព​ រឺ​សារ​ណាមួយ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​

បច្ចុប្បន្ន​មាន​បុគ្គល​មួយ​ចំនួន ដែល​តែង​ធ្វើ​សកម្មភាព​កេង​ចំនេញ​នយោបាយ​តាម​រយៈការបង្ហោះ​រូបភាព​ដែល​កាត់​ត រូប​ភាព ក្លែង​បន្លំ និង ខ្លះ​ជា​រូប​ភាព​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំងដល់​តំលៃ​កិត្តិយ​សជាតិ​ខ្មែរ។ ការ​ផ្សព្វផ្សាយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ថ្លៃ​ថ្នូរ នៃ​កិត្តិយសជាតិ​ទាំង​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​ ​តែង​បាន​ធ្វើ​ឡើង​ជា​ប្រចាំ ដើម្បី​បំរើ​ឲ្យ​មហិច្ឆតា នយោបាយ​របស់​ក្រុម​ខ្លួន។ រូប​ភាព​ទាំង​នោះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ចរិត​បែប​បំភ្លៃបំភាន់ និង​លាប​ព័ណ៌​ទាំង​ស្រុង ដែល​ពេល​ខ្លះ ​វាបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​បាន​ដឹង​ពី​ការ​ពិត ​នាំ​គ្នា​ជឿ​ស្លុង និង​យល់​ច្រឡំ​ពីស្ថាន​ភាព​នៃ​ប្រទេស​កម្ពុជា។
ជាក់​ស្តែង ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ នៅឆ្នាំ​២០១៥នេះ Account Facebook មួយចំនួន បាន​បង្ហោះ​រូប​ភាព មនុស្ស​ជា​ច្រើន​ ដែល​អង្គុយ​តាម​ដង​ផ្លូវ​មួយ ហើយ​បាន​សរសេរ Comment ថា មិន​ហ៊ាន​ទៅ​លេង​ភ្នំតាម៉ៅទេ បើនៅតាម​ដង​ផ្លូវ មាន  អ្នក​សុំ​ទាន​អង្គុយ​ដង្ហែរ​ច្រើន​បែប​នេះ ខ្មាស​ស្រុក​គេ​ណាស់។ ការ​ពិត​រូប​ នេះ​គឺជា​រូប​ប្រជាកសិករ​នៃ​ប្រទេស មីយ៉ាន់ម៉ា ដែល​កំពុង​អង្គុយ​រង់​ចាំ​អាហារ បន្ទាប់​ពី​ពួក​គេ​បាន​រងគ្រោះដោយ​សារ​ខ្យល់​ព្យុះ​ស៊ី​ក្លួន កាល​ពី​ពេល​កន្លង​ទៅ។ រូប​ភាព​មួយ​នេះ ធ្លាប់​ត្រូវ​បាន​គេចែក​ចាយ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណេត តាំង​ពី​កំឡុងឆ្នាំ២០០៨មក​ម្លេះ គឺនៅ​ក្នុង​ពេល​ដែលប្រទេស​មីយ៉ាន់ម៉ា ទទួល​រង​គ្រោះ​ធម្មជាតិ​ដ៏សា​ហាវ​នេះ។ ការ​បង្ហោះ​រូបភាព​ និង​សរសេរ​ Comment បែប​នេះ ពិត​ជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ និង​កិត្តិយស​ជាតិ​យ៉ាង​ធំធេង ដែល​ហាក់​បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ កំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​អា​ក្រក់​បំផុត តែតាម​ការពិត​ខ្មែរ​បច្ចុប្បន្ន​កំពុង​តែ​រស់​នៅ​ដោយ​មាន​សេចក្តី​សុខ ជា​មួយ​និង​សន្តិភាព​ពេញ​លេញ​របស់​ខ្លួន។
ក្រៅ​ពី​ការ​បង្ហោះ​រូបភាព ដោយ​សរសេរ Comment បោក​ប្រាស់ ខាង​លើ ក៏មាន Account Facebook មួយ​ចំនួន​ទៀត​ដែល​បាន​ធ្វើ​ការ​រិះគន់​ចំពោះ​ការ​ធ្វើ​នំ​អន្សម​យក្ស ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា ការ​ធ្វើ​នំ​អន្សម ជាការ​ខ្ជះខ្ជាយ ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​អត់​ឃ្លាន។ ផ្ទុយ​ពីការ​លើក​ឡើង​នេះ​ទាំង​ស្រុង ប្រទេស​កម្ពុជាកំពុង​ស្ថិត​នៅ​ក្នុង​សន្តិភាព​ពេញ​បរិបូរណ័ មិន​មាន​ភាព​អត់​ឃ្លាន​ដូច​ការលើក​ឡើង​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ កម្ពុជា​មាន​កាក​បាទ​ក្រហម និង​អង្គការ សមាគម ទាំង​ក្នុង និង​ក្រៅ​រាជរដ្ឋាភិបាល ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ដោយមិន​ប្រកាន់​និន្នាការ ​នយោបាយ ពោល​គឺ​ទី​ណាមាន​ទុក្ខ ​ទីនោះ​មាន​ការ​ជួយសង្រ្គោះ ដូច្នេះមិន​អាច​មាន​ពលរដ្ឋ​ខ្មែរ​ណាម្នាក់​ស្លាប់​ដោយសារ​អត់​ឃ្លាន​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ការ​ធ្វើនំអន្សមយក្ស​នេះ គឺ​កម្ពុជា​មិន​ត្រឹម​តែ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង ពី​សំណាក់​បងប្អូន​ខ្មែរ​ទូ​ទាំង​ប្រទេស​នោះ​ទេ សូម្បី​តែ​បរទេស ​ក៏​កត់សំគាល់​ពី​ភាព​រីក​ចំរើន និង​អស្ចារ្យរបស់​ខ្មែរ​ផង​ដែរ។ ពិសេស​ជាង​នេះ​ទៅ​ទៀត យើង​មិន​បាន​បោះចោល​នូវ​នំ​អន្សមយក្សដែល​យើង​បាន​ធ្វើ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​យើង​បាន​យក​វា​មក​ធ្វើ​ជា​អាហារ​ចែក​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ ​ដែល​ចូល​រួម​កម្មវិធីអង្គរ​សង្រ្កាន្ត​ទាំង​អស់​បាន​ទទួល​ទាន។ តើការ​ធ្វើ​នំ​ដើម្បី​ទទួលទាន​គឺ​ជា​ការ​ខ្ជះ​ខ្ជាយ​ដែរ​រឺ? ជាក់​ស្តែង​នំអន្សម​យក្ស​ត្រូវ​បាន​ចៅ​ក្រម​វាយ​តំម្លៃ​អន្តរជាតិរបស់​ស្ថាប័ន Guinness ទទួល​ស្គាល់​ថា ជា​នំ​អន្សម​ដែល​ធំ​ជាង​គេ​លើ​លោក ដែល​នេះបង្ហាញ​ពី​ភាព​លេច​ធ្លោ​ដែល​ខ្មែរ​សម័យ​បច្ចុប្បន្ន អាច​ធ្វើ​ទៅ​បាន​ដើម្បី​បង្ហាញ​អន្តរ​ជាតិ​ឲ្យ​ស្គាល់​ខ្មែរ​កាន់​តែ​ ច្បាស់។ ទិស​ដៅ​ធំ​បំផុត​នៃ​ការរៀប​ចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ក្រុង​សៀមរាប គឺអង្គរសង្រ្កាន្ត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​ អន្តរ​ជាតិ ​ឲ្យ​មក​ចូល​រួម​ទស្សនា ក្នុងបំណង​ទទួល​បាន​ផល​ចំនេញ​ពីវិស័យ​ទេសចរណ៍។ យ៉ាង​ណា​មិញ​ការរៀប​ចំ​ឲ្យ​មាន​ភាពទាក់ទាញ​ណាមួយ​ ទាម​ទារ​ឲ្យ​មាន ការ​បង្កើត​ជា​ផ្ទាំង​ទស្សនីយ័ភាព​អស្ចារ្យ ដើម្បី​ជា​ការចាប់​អារម្មណ៍ ដូច្នេះ​យើង​សង្ឃឹម​ថា អ្នក​រិះ​គន់​គួរ​តែ​ធ្វើ​ការ​រិះ​គន់ ដោយ​ប្រើ​បញ្ញា និង​ធ្វើឡើង​ក្នុង​ន័យ​ស្ថាប​នា ដើម្បី​ជួយ​ជាតិ​ខ្លួន ជា​ជាង​បង្កើត​ការ​រិះគន់​ដើម្បី​តែ​រិះ​គន់ រឺគ្រាន់​តែចង់​ល្បី​នោះ។
នៅ​មាន​ក្រុមអគតិមួយ​ចំនួន​ទៀត ក៏​បាន​ធ្វើ​កា​ររិះ​គន់​បែបបំផ្លាញ​ ដោយ​ពួក​គេ​បាន​មើលឃើញ​ផ្ទុយ​ស្រឡះពី​ការ​ពិត។ ពលរដ្ឋ​ខ្មែរ​ស្ទើរ​តែពេញ​ផ្ទៃ​ប្រទេស នាំ​គ្នាសាទរ​និង​ឲ្យតំលៃវប្បធម៌​សន្ទនា​រវាង​ប្រមុខ​រាជ​រដ្ឋាភិបាល គឺ​ សម្តេចតេ​ជោ និង ឯកឧត្តម សម រង្ស៊ី តែ​គេ​បែរ​ជា​ទោសមន្ស និង​ការ​បន្ទន់​ឥរិយាបថ​របស់​បក្សនយោបាយ​ធំៗទាំង​ពីរ​នេះ​ទៅ​វិញ។ នៅពេល​ស្រុក​ទេស​មាន​សន្តិភាព​អ្នក​នយោបាយ មាន​ភាព​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ដោះស្រាយបញ្ហា​នយោបាយ​ដែល​ជាប់​គាំង​នានា តាម​រយៈ​ការសន្ទនា ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចំរើន គេ​បែរ​ជា​បំផុស​ឡើង​ថា មាន​ការ​ស៊ុម​គ្រលំ​គ្នា រវាង​ សម្តេចតេជោ និង​ឯក​ឧត្តម សម រង្ស៊ី ។ តើ​នេះ​ឬទង្វើរ​ដែល​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​មនុស្ស​មួយ​ក្រុម​ដែល​តែង​តែ​និយាយ​ថា ខ្លួន​ជាអ្នក​ស្នេហា​ជាតិ? ហេតុ​អ្វីបាន​ជា​គេ​មិន​សំ​លឹង​មើល​ពី​គុណ​សម្បតិ្ត​ និង​អត្ថ​ប្រយោជន៍ ជាច្រើន​ដែល​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​ តាម​រយៈ​វប្បធម៌​សន្ទនារ​វាង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃគណបក្សន​យោបាយ​ទាំង​ពីរ គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។
តាម​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន វប្បធម៌​សន្ទនា​នេះ​ គឺ​មិន​បាន​បំផ្លាញ​ផលប្រយោជន៍ជាតិ​ណា​មួយ​ឡើយ គឺ​ធ្វើ​ឡើង​ដើម្បី​តែ​បំរើផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។
ជាការ​ពិត​ណាស់ មាន​ហេតុ​ផល​ជា​ច្រើន​ដែល​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម Facebook មិន​គួរនិង​ផ្សព្វ​ផ្សាយនូវ​អ្វី​ដែលឲ្យ​ ធ្វើ​ប៉ះពាល់​ដល់​សង្គមជាតិ​ឡើយ ព្រោះ​ក្នុង​នាម​យើង​ជា​ខ្មែរ បើទោះ​បីជា​មិន​បាន​ជួយ​អ្វី​ធំ​ដុំ​ដល់​ប្រទេស​ជាតិ​ខ្លួន​ឯង ក៏​គួរ​រក្សាឲ្យ​បាន​នូវ​សេចក្តី​ថ្លៃ​ថ្នូរ ផលប្រយោជន៍​ជាតិ​ជា​ធំ និង​រក្សា​ឲ្យ​បាន​នូវ​មុខ​មាត់​ប្រទេស​ជាតិ​របស់​ខ្លួន​លើ​ឆាក​អន្តរ​ជាតិ។ កិត្តិយស​ជាតិ ស្មើ​និង​កិតិ្តយស​របស់​មនុស្ស​ជាតិ ដូច្នេះ​បើ​យើង​បង្ហាញ​នូវ​ភាព​មិន​ថ្លៃ​ថ្លូរ និងការ​ប្រព្រឹត្ត​ទង្វើរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​យើង វា​ហាក់​បី​ដូច​ជា​យើង​មិន​ចេះស្រលាញ់​ប្រទេស​ជាតិ​របស់​ខ្លូន​។ យើង​សង្ឃឹម​ថា អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ថ្មី ដែលកំពុង​តែ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​យុវជន និង​មហា​ជន នឹង​ខិត​ខំ​ស្វែង​យល់​ឲ្យ​បានច្បាស់​អំពី​ភាព​វិជ្ជ​មាន​និងអវិជ្ជ​មាន​ដែល​ នឹង​ផ្តល់​ឲ្យ​តាម​រយៈការ​ផ្សព្វផ្សាយ​របស់​ខ្លួន។

សូម​សរសេរ និង បង្ហោះ​នូវ​រូប​ភាព​ រួម​ជា​មួយ​និង​សារ​រិះគន់​ណាដែល​សម​ស្រប និង​មានលក្ខណៈល្អ​ប្រសើរ​សំរាប់​ជាតិ​យើង និង​ជៀស​វាង​ការ​បង្កភាព​អាប់​ឱន​ដល់​កិត្តិយស​ជាតិ។ ជា​ការ​ពិត​នៅក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​នៅ​ទី​ក្រុង​សៀម​រាប មានផ្ទាំងទស្សនីយ៏ភាព​ដ៏អស្ចារ្យ និង​គួរ​ជាទី​ចាប់​អារម្មណ៍​ជា​ច្រើន ដែល​កម្ពុជា​ទទួល​បាន​ការ​ចុះ​ក្នុង​កំណត់​ត្រា Guinness របស់​ពិភពលោក ដូច​ជា​នំអន្សម​យក្ស, ការ​រាំ​ម៉ា​ឌី​ស្សូន​ដែល​មាន​ចំនួន​មនុស្ស​ដ៏​ច្រើន​ពុំធ្លាប់​មាន, មួក​ស្លឹក​ត្នោត​យក្ស, កន្រ្តង​ប្រហុក​យក្ស, បំពង់​ទឹត​ត្នោត​យក្ស, ការលេង​ល្បែងប្រជា​ប្រិយ​ខ្មែរ និង​ការរាំ​របាំ​ជាតិ​ជា​ច្រើន​។ ទិដ្ឋភាព​ទាំង​នោះ​ពួក​គេអាច​ធ្វើ​ការ​ផ្សព្វផ្សាយបាន ដើម្បី​ជួយ​ដល់​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍ជាតិ និង​អន្តរ​ជាតិ​មក​កម្សាន្ត​នៅ​ប្រទេសកម្ពុជា​ឲ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។ ក្រៅ​តែ​ពី​ទិដ្ឋភាពដ៏រស់រ​វើក និង​គួរ​ជា​ទីរីករាយ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម គួរ​តែ​ជួយ​ផ្សព្វផ្សាយ​ពី​អ្វី​ដែល​ជា​សមិទ្ធ​ផល​ថ្មី លេច​ធ្លោពុំធ្លាប់​មាន ដូចជា មេគង្គ​ស្ទឹង​ត្រែង ជា​ពិសេស ស្ពាន ត្សឹបាសា (ស្ពាន​អ្នក​លឿង)ជា​ដើម ដែល​ប្រជាជនខ្មែរ​ចាត់​ទុក​ជា​ចំណង​ដៃ​ប្រវត្តិសាស្ត្រ ដែល​ជាទីគាប់​ចិត្ត​បំផុត នៃទំនាក់​ទំនង​កម្ពុជា-ចិន កម្ពុជា-ជប៉ុន និង​ជា​ស្ពាន​ដែល​បានត​ភ្ជាប់​កម្ពុជា​ទៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ។ ក្នុង​នាម​ជាខ្មែរ យើង​គួរ​តែ​មាន​មោទនភាព ដែល​បាន​កើត​មក​ជា​ខ្មែរ និង​មានមោទន​ភាព​ចំពោះអ្វីដែលជា​សកម្មភាព​ល្អ​ដែល​ខ្មែរ​កំពុង​តែ​ធ្វើ និង​កំពុង​បន្ត​ធ្វើដើម្បី​ភាពរីក​ចំរើន​នៃជាតិ​យើង។ ទាំងអស់​នេះ​គឺ​ជាសមិទ្ធផល​ដែល​គប្បី​អ្នក​ប្រើប្រាស់ Facebook ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ទើប​មាន​ឈ្មោះថា​ ចូល​រួម​គិត ចូល​រួម​ធ្វើ​ទាំង​អស់​គ្នា ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ៕

No comments:

Post a Comment