សេចក្តីព្រាងច្បាប់ស្តីពីសហជីព ត្រូវបានរំពឹងថា នឹងដាក់ស្នើជូនរាជរដ្ឋាភិបាលកម្ពុជា
ត្រួតពិនិត្យនៅអំឡុងខែឧសភាក្រោយនេះ ក្រោយពេលដែលពិគ្រោះយោបល់ ជាមួយក្រុមអន្តរក្រសួងរួចរាល់
នេះបើតាមការឲ្យដឹងពី ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីសហជីព
ត្រូវបានក្រុមការងារអន្តរក្រសួង រៀបចំជិតរួចរាល់ហើយ គឺបច្ចុប្បន្នកំពុងពិនិត្យ
បន្ថែមបន្ថយយោបល់មួយចំនួនទៀតរបស់ក្រុមអន្តរក្រសួងប៉ុណ្ណោះ ។
ឯកឧត្តម ហេង សួរ បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងការងារកំពុងតែដឹកនាំ
កិច្ចប្រជុំអន្តរក្រសួង ស្តីពីសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ហើយគិតមកដល់ពេលនេះ
សេចក្តីព្រាងច្បាប់ ស្តីពីសហជីព បានដំណើរការរួចរាល់ ប្រហែល៦៥ទៅ៧០% សង្ឃឹមថា នឹងអាចបញ្ចប់
បូកសរុបមតិរបស់អន្តរក្រសួង យ៉ាងយូរដើមសប្តាហ៍ទី១ នៃខែឧសភា សម្រាប់ដាក់ជូនរាជរដ្ឋាភិបាល
ដើម្បីពិចារណាអ្វីដែលជាសំណើរ របស់អន្តរក្រសួង»។
ពង្រាង នៃសេចក្តីព្រាងច្បាប់ ស្តីពីសហជីព រៀបចំដោយក្រសួងការងារ និងភាគីពាក់ព័ន្ធ
កាលពីចុងឆ្នាំ២០១៤ មាន១៧ជំពូក និង ៩១ មាត្រា ។ ច្បាប់នេះ មានគោលបំណងផ្តល់សិទ្ធិ
និងសេរីភាព នៃអង្គការ វិជ្ជាជីវៈដល់កម្មករ និយោជិត និងនិយោជក ក្នុងប្រទេសកម្ពុជា
ឲ្យប្រព្រឹត្តទៅស្របតាមគោលការណ៍ច្បាប់។ ប៉ុន្តែ សេចក្តីព្រាងច្បាប់នេះ
ត្រូវអាក់ខានមិនបានដាក់ជូនគណៈរដ្ឋមន្រ្តី ដោយសារតែមានការជំទាស់ក្រុមសហជីពមួយចំនួន
ដែលពួកគេ យល់ថា ច្បាប់នេះ បានរិតត្បិតសេរីភាពរបស់ពួកគេ ។ ប៉ុន្តែ សម្តេចតេជោ
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា
បើទោះជាមានការជំទាស់ពីអង្គការសមាគមណាក៏ដោយ ច្បាប់នេះ នឹងត្រូវតែដាក់ជូនសភាអនុម័តនាពេលខាងមុខ
វាជាសិទ្ធិរបស់អ្នកតំណាងរាស្ត្រ។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍
លើកទី១២៩ នៃទិវាពលកម្មអន្តរជាតិ ០១ ខែឧសភា ឆ្នាំ២០១៥ សម្តេចតេជោក៏បានអំពាវនាវឱ្យ
ភាគីពាក់ព័ន្ធ ឆាប់ពន្លឿន ការអនុម័តច្បាប់ស្តីពីសហជីព នេះឡើងវិញ។ ក្រៅពីនោះសម្តេចតេជោ
ក៏បានអំពាវនាវឱ្យពន្លឿន ការបង្កើតតុលាការការងារ នៅក្នុងប្រទេសកម្ពុជាថែមទៀត។
លើបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ ឯកឧត្តម ហេង សួរ ក៏បានឱ្យដឹងផងដែរថា ចំពោះច្បាប់ស្តីពីតុលាការការងារវិញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពិភាក្សាយ៉ាងជិតស្និតជាមួយ
ក្រសួងយុត្តិធម៌ ហើយសង្ឃឹមថា សភាការងារមួយ ក្រុមការងារដោះស្រាយវិវាទ
ទំនាក់ទំនាក់ទំនងវិជ្ជាជីវៈ នៅសាលាដំបូងគ្រប់រាជធានី-ខេត្ត នឹងដាក់ឱ្យដំណើរការ មុនឆ្នាំ២០១៧
ខាងមុខនេះ ៕

No comments:
Post a Comment