Wednesday, March 01, 2023

វិភាគអន្តរជាតិ៖ ហេតុអ្វី ជប៉ុនរើសយកផ្លូវប្រឆាំងរុស្ស៉ី ចំៗ?

(វ៉ាស៊ីនតោន)៖ កាលពីឆ្នាំ២០១៤ នៅពេលដែលរុស្ស៉ីកាត់យកឧបទ្វីបគ្រីមៀពីអ៊ុយក្រែន ដាក់បញ្ចូលនៅក្រោមឧបសម្ព័ន្ធរបស់ខ្លួន ជប៉ុនបានសម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៉ី ដែល មួយភាគធំបានត្រឹមតែជា «និមិត្តរូប» បានតែល្អមើលប៉ុណ្ណោះ ហើយក៏មិនបានធ្វើឱ្យជប៉ុនបោះបង់ចោលផ្លូវឆ្ពោះទៅរកការកសាងទំនាក់ទំនងឱ្យកាន់តែល្អប្រសើរឡើងជាមួយរុស្ស៉ីនោះដែរ។ ក៏ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរទាំងស្រុងក្នុងឆ្នាំ២០២២ ក្រោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីវាយសម្រុកចូលឈ្លានពានអ៊ុយក្រែន ជប៉ុនបានរើសយកផ្លូវប្រឆាំងនឹងរុស្ស៉ីចំៗ តាមរយៈ ការចូលរួមយ៉ាងពេញទីជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ជប៉ុនបានដាក់ទណ្ឌកម្មលើអង្គភាពរុស្ស៉ី និងបុគ្គលរាប់រយ ភ្ជាប់ជាមួយការសន្យាថានឹងកាត់បន្ថយបន្តិចម្ដងៗនូវការនាំចូលប្រេង និងធ្យូងថ្មពីរុស្ស៉ី។ ទីក្រុងតូក្យូក៏បាន ផ្គត់ផ្គង់ឱ្យទីក្រុងកៀវ នូវបរិក្ខារយោធាមួយចំនួនក្នុងនោះរួមមានយន្ដហោះដ្រូនស៊ើបការណ៍ ខណៈមានការរំពឹងថាជប៉ុន​អាចនឹងលុបចោលបម្រាមជុំវិញការផ្ដល់សព្វាវុធដល់ប្រទេសដទៃទៀតផង។ អ្វីដែលជប៉ុនកំពុងធ្វើ គឺមិនមែនត្រឹមតែមិនពេញចំពោះទង្វើរបស់រុស្ស៉ីប៉ុណ្ណោះទេ តែក្នុងទីក្រុងតូក្យូ ក្រុមមន្ត្រីជប៉ុនបានបង្ហាញការព្រួយបារម្ភជាខ្លាំងថាតើអ្វីទៅ​ជាការសន្និដ្ឋានដែលចិនអាចទាញ ចេញពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ស្របពេលពួកគេកំពុងព្យាយាមបញ្ជូនសារទៅកាន់ទីក្រុងប៉េកាំងថាការប៉ុនប៉ងប្រើប្រាស់កម្លាំងយោធា ដើម្បីកែប្រែស្ថានភាពដើមនៅក្នុងតំបន់អាស៊ីបូព៌ា នឹងត្រូវ ប្រឈមមុខនឹងការប្រឆាំងតបតវិញយ៉ាងសម្បើមអស្ចារ្យ។

ជាការពិតណាស់ ចាប់តាំងពីឆ្នាំ១៩៤៥មក ជប៉ុនតែងតែព្យាយាមបញ្ចៀសនូវរាល់ការប្រឈមមុខដាក់គ្នា នៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយដើម្បីអាចធ្វើបែបនេះបាន ជប៉ុនតែងតែ ចៀសវាងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេស ឬរដ្ឋឈ្លានពានលើប្រទេសដទៃ។ នៅក្រោមអំណាចនៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នាយករដ្ឋមន្ត្រីជប៉ុនសឹងតែគ្រប់ជំនាន់បានផ្ដោត ជាអាទិភាពតែទៅលើផលប្រយោជន៍ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ ឬកិច្ចការមនុស្សធម៌តែប៉ុណ្ណោះ។ ជាក់ស្ដែង សូម្បីតែមានការបង្រ្កាបហិង្សាលើក្រុមបាតុករពីសំណាក់អាជ្ញាធរចិននៅឯទីលាន Tiananmen កាលពីឆ្នាំ១៩៨៩ ក៏ជប៉ុនដែលជាសមាជិក G7​ ផងនោះ បានជំទាស់ការដាក់ទណ្ឌកម្មប្រឆាំងនឹងចិន។

ក៏ប៉ុន្តែ ហេតុអ្វីបានជាសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បែរជាអាចកែប្រែចិត្តជប៉ុនទាំងស្រុងទៅវិញ? ជប៉ុនបានដាក់ចេញកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ច មានលក្ខណៈធ្ងន់ធ្ងរ មិនខុសគ្នាប៉ុន្មានទេ ពីកញ្ចប់ទណ្ឌកម្មដាក់ចេញដោយសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប ប្រឆាំងនឹងទីក្រុងមូស្គូ។ នៅក្នុងកញ្ចប់ទណ្ឌកម្មលើកចុងក្រោយបំផុតដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលលោក​នាយករដ្ឋមន្ត្រី ហ្វូមីអុ គីស៉ីដា បានដាក់បញ្ចូលក្រុមហ៊ុនរុស្ស៉ីចំនួន៣ និងមនុស្សចំនួន៣៦នាក់បន្ថែម ក្នុងនោះរួមមានទាំងលោក វ្ល៉ាឌីមៀ ពូទីន ទៅក្នុង «បញ្ជីខ្មៅ»។ លើសពីនេះទៅទៀត ក្រុមហ៊ុនរុស្ស៉ីរហូតដល់ទៅ៣៩ ត្រូវបានហាមឃាត់ក្នុងការនាំចូលទំនិញ ឬផលិតផលដែលអាចប្រើបានទាំងក្នុងវិស័យយោធា និងស៊ីវិលពីជប៉ុន។

ជប៉ុន ក៏បានផ្ដល់ការគាំទ្រយ៉ាងសកម្មដល់ទីក្រុងកៀវដែរ។ កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅនេះ លោក គីស៉ីដា បានប្រកាសពីផ្ដល់ជំនួយ ៥.៥ពាន់លានដុល្លារ បូកបន្ថែមពីលើ ៦០០លានដុល្លារ ទៀត ដែលត្រូវបានសន្យាថានឹងផ្ដល់ឱ្យអ៊ុយក្រែន ហើយកាន់តែពិសេសទៅទៀតនោះ ទោះជាអស់រយៈពេលរាប់សិបឆ្នាំមកនេះ ជប៉ុនមានគោលនយោបាយរឹតត្បិតលើការទទួលយកជនភៀសខ្លួន ក៏ពិតមែន តែជប៉ុនសព្វថ្ងៃបានទទួលយកជនភៀសខ្លួនអ៊ុយក្រនជាង ២,០០០នាក់។ តូក្យូមិនត្រឹមតែបញ្ជូនអាវពាសដែក និងសម្ភារៈទប់ទល់នឹងរដូវរងាប៉ុណ្ណោះទេ តែក៏បានផ្ដល់យន្ដហោះដ្រូន ស៊ើបការណ៍ និងការបរិក្ខារយោធាដទៃទៀតដែរ ដែលនេះជាលើកទីមួយហើយដែលជប៉ុនយល់ព្រមជួយដល់ប្រទេសមួយកំពុងស្ថិតនៅក្នុងសង្រ្គាម ដោយកន្លងមកការធ្វើបែបនេះស្ថិតនៅក្រោម ការហាមឃាត់។

ប្រឈមមុខស្ថានភាពភូមិសាស្រ្តនយោបាយដ៏តានតឹងនាពេលបច្ចុប្បន្ន ក្រុមអ្នកវិភាគខ្លះយល់ថាជប៉ុនអាចនឹងដើរឆ្ងាយជាងនេះ ដោយអាចនឹងបញ្ជូនសព្វាវុធ ដូចជារថក្រោះ និងមីស៊ីលសម្រាប់ ជនរងគ្រោះនៃការឈ្លានពាន នោះគឺអ៊ុយក្រែនតែម្ដង។ សកម្មភាពរបស់ជប៉ុនគឺជារឿងមួយដ៏ភ្ញាក់ផ្អើលជាទីបំផុត ពីព្រោះថាជប៉ុនស្ថិតនៅឆ្ងាយពីតំបន់សង្រ្គាម ហើយក៏មិនមែនកំពុងប្រឈមមុខនឹង ការគំរាមកំហែងបន្ទាន់ណាមួយពីរុស្ស៉ីនោះដែរ។ ផ្អែកលើលក្ខខណ្ឌបែបនេះ ជប៉ុនអាចដើរតាមយុទ្ធសាស្ត្រ «រង់ចាំមើល» ដូចដែលប្រទេសមួយចំនួនដូចជាតួកគី និងអ៉ីស្រាអែលកំពុងអនុវត្ត។

ការណ៍នេះបានធ្វើឱ្យវិមានក្រឹមឡាំង អះអាងថាទីក្រុងតូក្យូបានរងសម្ពាធពីសហរដ្ឋអាមេរិក និងកំពុងក្លាយជា «រដ្ឋរណបសហរដ្ឋអាមេរិក» ដោយសុខចិត្តលះបង់​ប្រយោជន៍ជាតិរបស់ខ្លួនឯង។ ខណៈ សហរដ្ឋអាមេរិក មានឥទ្ធិពលលើជប៉ុន តែក្នុងកាលៈទេសៈនេះ វាមិនមានហេតុផលចាំបាច់អ្វីត្រូវបង្ខំ និងសម្លុតគំរាមនោះទេ ដ្បិតសង្គមជប៉ុនទាំងមូលបានរង្គោះរង្គើររួចទៅហើយដោយសារតែ ការឈ្លានពាននៅអ៊ុយក្រែន និងជាពិសេសក្រោយមានសេចក្ដីរាយការណ៍ពីការ​ប្រព្រឹត្តអំពើ​សាហាវឃោរឃៅនៅក្នុងទីក្រុង ប៊ូចា (Bucha) និងទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែន។ ការស្ទង់មតិ កាលពីនិទាឃរដូវ ឆ្នាំមុនធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Kyodo បានបង្ហាញថាប្រជាជនជប៉ុនដល់ទៅ ៨៦ភាគរយគាំទ្រការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ហើយបើតាមការស្ទង់មិតកាលពីខែតុលា ឆ្នាំ២០២២ដដែល ប្រជាជនជប៉ុនមានត្រឹមតែ ៥ភាគរយប៉ុណ្ណោះមានមនោសញ្ចេតនាមិត្តភាពចំពោះរុស្ស៉ី ដែលនេះជាកម្រិតទាបបំផុតចាប់តាំងពីមានការចាប់ផ្ដើមស្ទង់មតិលើ បញ្ហានេះតាំងពី ឆ្នាំ១៩៧៨មក។

នេះអាចបញ្ជាក់បានថាប្រសិនបើមានសម្ពាធណាមួយបង្ខំឱ្យជប៉ុនប្រកាន់ជំហរប្រឆាំងរុស្ស៉ី គឺសម្ពាធនោះកើតចេញពីសាធារណៈមតិជប៉ុន មិនមែនទីក្រុងវ៉ាស៊ីន​តោននោះទេ។ ម្យ៉ាងវិញទៀត គោលនយោបាយជប៉ុនស្ដីពីសង្រ្គាម ក៏មើលទៅបានផ្សាភ្ជាប់គ្នាទៅនឹងការគំរាមកំហែងពីចិនផងដែរ។ នៅក្រោមទស្សនៈរបស់ជប៉ុន លោក ពូទីន និងលោក ស៊ី ជិនពីង មានលក្ខណៈដូចគ្នាច្រើន ដោយមានមេដឹកនាំទាំង២នេះកំពុងក្ដាប់អំណាចតែម្នាក់ឯងនៅក្នុងដៃ និងកាន់តែមានទំនោរប្រឆាំង​លោក​ខាងលិច នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយដែលកត្តាទាំងនេះអាចនឹងនាំទៅរក ការវិនិច្ឆ័យ ឬការគណនាខុស។ ថ្នាក់ដឹកនាំជប៉ុនកំពុងព្យាយាម​ស្វែងយល់ថាតើលោក ស៊ី ជិនពីង អាចនឹងដើរតាមផ្លូវរបស់លោក ពូទីន ដោយបង្កសង្រ្គាមលើអ្នកជិតខាងរបស់ខ្លួនដែរឬក៏យ៉ាងណា? ដូចដែលលោក គីស៊ីដា ធ្លាប់បានលើកឡើងថា «អ៊ុយក្រែននៅថ្ងៃនេះ ថ្ងៃស្អែកអាចដល់វេនតំបន់អាស៊ីបូព៌ាវិញម្ដង»។

ការកត់សម្គាល់របស់លោក គីស៉ីដា គឺចង់សំដៅទៅតៃវ៉ាន់។ ប្រសិនបើសង្រ្គាមនៅតៃវ៉ាន់ផ្ទុះឡើង ជប៉ុនមិនអាចគេចផុតពីសង្រ្គាមនេះទេ ដោយកងទ័ពអាមេរិកកំពុង​ឈរជើងនៅលើទឹកដីជប៉ុន នឹង ទទួលភារកិច្ចសំខាន់ក្នុងការការពារកោះតៃវ៉ាន់ ហើយក្នុងនាមជាសម្ព័ន្ធមិត្ត ជប៉ុនមានកាតព្វកិច្ចត្រូវជួយអាមេរិក។ កាលពីឆ្នាំ២០១៥ សភាជាតិជប៉ុនបានធ្វើវិសោធនកម្មច្បាប់មួយចំនួន ដែលបាន អនុញ្ញាតឱ្យជប៉ុនប្រើកម្លាំងបាយដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួនពីការវាយប្រហារណាមួយ តួយ៉ាងដូចជាការវាយប្រហាររបស់ចិន លើនាវាចម្បាំងអាមេរិកដែលចេញដំណើរទៅជួយតៃវ៉ាន់។

ដូច្នេះដើម្បីកុំឱ្យសេណារីយ៉ូសង្រ្គាមកើតឡើង ជប៉ុនមានតែត្រូវប្រើប្រាស់គ្រប់មធ្យោបាយដែលខ្លួនមាន ដើម្បីកំញើញចិនកុំឱ្យសាកល្បងប្រើប្រាស់​កម្លាំងយោធាកែប្រែស្ថានភាពដើម នៅក្នុងតំបន់ អាស៊ីខាងកើត។ ដើម្បីអាចដើរតាមគោលដៅនេះ ជប៉ុនបានប្ដេជ្ញាចិត្តបង្កើនកញ្ចប់ថវិកាយោធាពី១ភាគរយ ដល់២ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP ស្របតាមកម្រិតស្ដង់ដាររបស់ NATO និងបានបញ្ជាទិញមីស៊ីលរាប់រយដើម ដែលអាចវាយប្រហារលើគោលដៅក្នុង​ទឹកដីចិន។ ចំណែកឯ ការប្រកាន់ជំហរប្រឆាំងនឹងរុស្ស៉ីចំៗរបស់ជប៉ុន ក៏ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងនេះដែរ ដើម្បីរារាំង កុំឱ្យរុស្ស៉ីទទួលបានជ័យជម្នះមួយដែល​អាចនឹងក្លាយជាការលើកទឹកចិត្ត ឬជំរុញឱ្យចិនយកគំរូតាម ហើយវាក៏ជាការបញ្ជូនសារមួយទៅឱ្យចិនផងដែរថាការប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់ នឹងត្រូវ ប្រឈមមុខនឹងប្រតិកម្មប្រឆាំងតបតយ៉ាងសម្បើមពីសហគមន៍អន្តរជាតិ។

គួរបញ្ជាក់ថា គោលនយោបាយរុស្ស៉ីរបស់ជប៉ុន ជាយូរណាស់មកហើយ តែងតែមានការប្រែប្រួលទៅតាមទំនាក់ទំនាក់ជាមួយទីក្រុងប៉េកាំង ដែលទីក្រុងតូក្យូចាត់ទុកថា «ការគំរាមកំហែងមួយដ៏ធំ» ដល់សន្តិសុខជាតិរបស់ខ្លួន។ នៅក្រោយរុស្ស៉ី ក្រសោបឧបទ្វីបគ្រីមៀ ពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រឆាំងជំទាស់ជារឿយៗទៅនឹង ការអំពាវនាវពីលោកខាងលិចឱ្យដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី ដោយខ្លាចក្រែងថាទណ្ឌកម្មអាចនឹង​ធ្វើឱ្យរុស្ស៉ីកាន់ខិតទៅរកចិន។ ប៉ុន្តែ បច្ចុប្បន្ន រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអុ គីស៉ីដា បែរជាជឿទៅវិញថាការចាត់វិធានការឆ្លើយតបធ្ងន់ធ្ងរ គឺជាសារចាំបាច់មួយព្រមានទៅកាន់ប្រទេសដទៃ តួយ៉ាងចិនកុំឱ្យយកគំរូតាមរុស្ស៉ី ហើយនេះក៏បង្ហាញដែរថាជប៉ុនមើលឃើញថាទោះជា សង្រ្គាមអ៊ុយក្រែននៅឆ្ងាយក៏ពិតមែន តែវាក៏ជាបញ្ហាមួយនៃសន្តិសុខជាតិសម្រាប់ជប៉ុនដែរ៕


No comments:

Post a Comment