Wednesday, March 01, 2023

ផ្សាយបន្តផ្ទាល់: សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់។ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ ថ្ងៃពុធ ១០ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

 អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហាវិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់ និង២០បន្ទប់ មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។

សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១នាក់។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។ អតីតនិស្សិតទាំងនោះបាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស។

#វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា #ITC
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia

No comments:

Post a Comment