Wednesday, March 01, 2023

វិភាគអន្តរជាតិ៖ តើចិនចង់ធ្វើជា «អាជ្ញាកណ្ដាល» បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន មែនឬ?



(ប៉េកាំង)៖ នៅបន្ទាប់ពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែនផ្ទុះឡើង មេដឹកនាំសហភាពអឺរ៉ុប រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន រួមទាំងប្រធានាធិបតីបារាំង​ លោក អេម៉ានុយអែល ម៉ាក្រុង សុទ្ធតែបានធ្វើការសន្មត់ថា ក្នុងនាមជាមហាអំណាចអព្យាក្រឹតមួយដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ទីក្រុងប៉េកាំងអាចដើរតួនាទីជាអាជ្ញាកណ្ដាលសម្របសម្រួលសន្តិភាពរវាង រុស្ស៉ី និងអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមកដែរ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានចាប់ផ្ដើមនិយាយពីតួនាទីរបស់ចិននៅក្នុងការដោះស្រាយជម្លោះនៅខែមីនា និងខែធ្នូ ឆ្នាំ២០២២ និងបានបញ្ចេញផែនការសន្តិភាពចំនួន១២ចំណុច ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនកាលពីពេលថ្មីៗនេះ។

នៅក្នុងន័យការទូត តួនាទីជាអាជ្ញាកណ្ដាលរបស់ចិននឹងកាន់តែលើកមុខមាត់ចិននៅលើឆាកអន្តរជាតិ។ វានឹងជួយស្ដារឡើងវិញនូវទំនាក់ទំនងរវាងចិនជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប ដែល រងការខូចខាតយ៉ាងខ្លាំងដោយសារជំហររបស់ចិនចំពោះសង្រ្គាមសព្វថ្ងៃ ក៏ដូចជាលើកមុខមាត់ចិនជាមហាអំណាចនាំសន្តិភាពមកឱ្យពិភពលោក និងជួយបញ្ចប់សង្រ្គាមមួយដែលបានបង្ក អស្ថិរភាពដល់សេដ្ឋកិច្ចសកលលោក និងបំផ្លាញ «គំនិតផ្ដួចផ្ដើមខែ្សក្រវាត់ និងផ្លូវរបស់ចិន»។ ក៏ប៉ុន្តែ ចិនត្រូវបានគេមើលឃើញថានៅតែមានការស្ទាក់ស្ទើរក្នុងការដើរតួនាទីជាអ្នកសម្រប សម្រួលរវាងរុស្ស៉ី និងនិងអ៊ុយក្រែន។ នៅក្នុងរឿងនេះ សំណួរមួយដ៏សំខាន់ នោះគឺថាតើមកពីហេតុអ្វី? ចម្លើយដ៏សាមញ្ញមួយដែលគេអាចឆ្លើយបាន គឺដោយសារតែក្នុងពេលបច្ចុប្បន្ន ទាំងអ៊ុយក្រែន និងរុស្ស៉ីមិនបានបង្ហាញពីភាពប្រាកដប្រជាចង់ចរចាគ្នាបញ្ចប់សង្រ្គាមនៅឡើយទេ។ សង្រ្គាមអ៊ុយក្រែនមិនត្រឹមតែបង្កការខាតបង់ដល់ចិនខ្លះនោះទេ តែវាក៏ផ្ដល់ឱ្យចិនមកវិញ នូវប្រយោជន៍ក្រាស់ក្រែលគួរសមដែរ ដូចជាការបង្កើនអំណាចប្រាក់យ័នចិន ទិញថាមពលក្នុងតម្លៃថោក ហើយរឹតតែសំខាន់សង្រ្គាមអ៊ុយក្រែនបានកាត់បន្ថយការផ្តោតរបស់សហរដ្ឋអាមេរិកលើ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក​។ មួយវិញទៀត ការកើនឡើងនៃការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក គឺជាកត្តាមួយផ្សេងទៀតដែលនឹងធ្វើឱ្យតួនាទីជាអាជ្ញាកណ្ដាលរបស់ចិនផ្សះផ្សាជម្លោះ រវាងអ៊ុយក្រែនគាំទ្រដោយសហរដ្ឋអាមេរិក និងរុស្ស៉ីដែលជាមិត្តរបស់ចិននឹងកាន់តែមានភាពលំបាក។

តាមពិតទៅ តួនាទីជាអាជ្ញាកណ្ដាល ឬជាអ្នកសម្របសម្រួល វាអាចនឹងផ្ដល់ហានិភ័យច្រើនដល់ចិនទៅវិញទេ ដោយវានឹងធ្វើឱ្យពិភពលោកត្រឡប់មកតាមមើលលើគោលជំហរអព្យាក្រឹតដែល លម្អៀងទៅខាងរុស្ស៉ីរបស់ចិនតែប៉ុណ្ណោះ។ ទីក្រុងប៉េកាំងកន្លងមកតែងតែរិះគន់ជារឿយៗថាការពង្រីកឥទ្ធិពលរបស់ NATO នៅក្នុងតំបន់អឺរ៉ុបខាងកើតគឺជាហេតុផលមួយដែលបង្កឱ្យសង្រ្គាម នៅអ៊ុយក្រែនផ្ទុះឡើង ហើយថែមទាំងបានផ្ដល់ការគាំទ្រដល់រុស្ស៉ីតាមរយៈវោហាសាស្ត្រ និងនយោបាយ ដែលទាំងអស់នេះអាចនឹងងាយធ្វើឱ្យចិនរងការរិះគន់ជាថ្មី ឬមានភាពតានតឹងជាមួយ លោកខាងលិច ខណៈចិនខ្លួនឯងកំពុងព្យាយាមស្វែងរកស្ថិរភាពទំនាក់ទំនងជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិក ក្រោយបើកប្រទេសឡើងវិញពីកូវីដ១៩។

នៅត្រង់នេះ គោលជំហរគាំទ្ររុស្ស៉ីរបស់ចិន អាចនឹងត្រូវបានសហរដ្ឋអាមេរិកយកទៅប្រើដើម្បីបង្កជាការសង្ស័យទៅលើតួនាទីជា «អាជ្ញាកណ្ដាលអព្យាក្រឹត» របស់ចិន ហើយវាក៏អាចធ្វើឱ្យ កិច្ចសម្របសម្រួយបរាជ័យផងដែរ ជាពិសេសប្រសិនបើសំណើរបស់ចិនបង្កភាពចម្រូងចម្រាស។ ក៏ប៉ុន្តែ ប្រសិនបើចិនបោះចោលជំហរគាំទ្ររុស្ស៉ីវិញ វាអាចនឹងត្រូវបានសាធារណមតិនៅក្នុង ស្រុក និងអន្តរជាតិយល់ថាជារឿងដ៏អាម៉ាស់ដែលចិនចុះចាញ់សម្ពាធលោកខាងលិច ខណៈទីក្រុងមូស្គូនឹងចាត់ទុកថានេះជាអំពើក្បត់។ ជាងនេះទៅទៀត ការសម្របសម្រួលរបស់ចិនក៏អាចនឹង ផ្ដល់ភាពងាយស្រួលដល់សហរដ្ឋអាមេរិក ក្នុងការបង្ខំឱ្យចិនដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៉ីទៀតផង។ បានន័យថានៅក្នុងករណីដែលរុស្ស៉ីបដិសេធបិទបញ្ចប់សង្រ្គាម ឬក៏ច្រានចោលសម្បទាន ណាមួយដែលស្នើឡើងដោយទីក្រុងប៉េកាំង នោះលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិកនឹងទម្លាក់កំហុសគ្រប់យ៉ាងទៅលើចិន ហើយអាចនឹងកាន់តែបង្កើនការដាក់សម្ពាធទៅលើចិន ដើម្បីបង្ខំឱ្យចិនបង្ហាញការប្ដេជ្ញាចិត្តចំពោះការបិទបញ្ចប់សង្រ្គាមតាមរយៈការដាក់ទណ្ឌកម្មលើរុស្ស៉ី។

នៅក្នុងសេណារីយ៉ូបែបនេះ ចិនមានតែប្រឈមមុខនឹងការខាតបង់ប៉ុណ្ណោះ។ ពោលគឺប្រសិនបើចិនដាក់ទណ្ឌកម្ម នោះនឹងធ្វើឱ្យបាត់បង់រុស្ស៉ីជាមិត្តមហាអំណាចតែមួយគត់ដែលរឿងបែបនេះ មានតែផ្ដល់ផលចំណេញឱ្យសហរដ្ឋអាមេរិកប៉ុណ្ណោះ។ តែបើចិនមិនព្រមដាក់ទណ្ឌកម្មវិញ នោះទំនាក់ទំនងជាមួយលោកខាងលិចនឹងមិនអាចងើបចេញពីភាពតានតឹងនោះទេ។ ចិនក៏ប្រថុយ នឹងបរាជ័យក្នុងកិច្ចការធ្វើជាអ្នកសម្របសម្រួលផងដែរ ហើយចិនប្រាកដជាដឹងច្បាស់ជាងនរណាៗទាំងអស់ថាឱកាសក្នុងការសម្រេចបានជោគជ័យគឺមានតិចតួចបំផុត រីឯផលចំណេញដែលចិន អាចទទួលបានពីកិច្ចប្រឹងប្រែងសម្របសម្រួលក្នុងករណីបរាជ័យ គឺមានត្រឹមតែលើកមុខមាត់របស់ខ្លួនឡើងវិញបន្តិចនៅក្នុងចំណោមបណ្ដាប្រទេសលោកខាងលិច និងមើលទៅហាក់ដូចជា មហាអំណាចប្រកបដោយទំនួលខុសត្រូវក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពមួយរយៈពេលខ្លី។ ចំណែកឯ ផលវិបាកដែលអាចកើតចេញពីបរាជ័យក្នុងកិច្ចការសម្របសម្រួល គឺមានក្រាស់ក្រែល ជាង ដោយវានឹងបង្ហាញថាទីក្រុងប៉េកាំងមានកម្សោយ និងអសមត្ថភាពខាងការទូត ហើយរឹតតែសំខាន់គឺចិនអាចនឹងប្រឈមមុខការបាត់បង់ឥទ្ធិពលរបស់ខ្លួនលើរុស្ស៉ី។

តែទោះជាបែបនេះក្ដី ការរៀបរាប់ទាំងនេះមិនមែនមានន័យថាចិននឹងបដិសេធធ្វើជាអ្នកសម្របសម្រូលនោះទេ ប៉ុន្តែគា្រន់តែក្នុងកាលៈទេសៈសព្វថ្ងៃ ឱកាសមិនទាន់មកដល់តែប៉ុណ្ណោះ។ ឱកាស ដែលចិនចង់បាន នោះគឺចង់ឃើញរុស្ស៉ី និងអ៊ុយក្រែនបង្ហាញពីចេតនាពិតប្រាកដ ត្រឡប់មករកតុចរចាសន្តិភាពបញ្ចប់សង្រ្គាម ហើយស្ថានការណ៍អន្តរជាតិពាក់ព័ន្ធនឹងសង្រ្គាមអំណោយផល ដល់ចិន។ ចិនក៏ប្រហែលជានឹងមានចេតនាចូលរួមក្នុងកិច្ចខិតប្រឹងប្រែងការទូតជាលក្ខណៈពហុភាគី ដើម្បីរកផ្លូវបញ្ចប់សង្រ្គាម ឬសម្រួលដល់កិច្ចសន្ទនារវាងភាគីទាំង២ ជាជាងតាំងខ្លួនជា អាជា្ញកណ្ដាលដោយខ្លួនឯង ហើយកត្តាដែលអាចធ្វើឱ្យការគិតគូរបស់ចិនលើកិច្ចការធ្វើជាអាជ្ញាកណ្ដាលមានការផ្លាស់ប្ដូរ គឺអាចនឹងកើតឡើងទៅរួច ក្នុងករណីទីក្រុងមូស្គូស្នើឱ្យ ចិនជួយសម្របសម្រូល ឬក៏សង្រ្គាមដើរដល់គ្រោះមហន្តរាយសកល៕



No comments:

Post a Comment