Monday, January 16, 2023

សម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយ អនុប្រធានាធិបតី ម៉ាល់ឌីវ - ប្រធានរដ្ឋសភា ម៉ាល់ឌីវ - ប្រធានតុលាការកំពូល នៃម៉ាល់ឌីវ និង រដ្ឋមន្រ្តីការបរទេស ម៉ាល់ឌីវ


នៅរសៀលថ្ងៃទី១៦នោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម Faisal Naseem អនុប្រធានាធិបតី ឯកឧត្តម Mohamed Nasheed ប្រធានរដ្ឋសភា ឯកឧត្តម Ahmed Muthasim Adnan ប្រធានតុលាការកំពូល និងឯកឧត្តម Abdulla Shahid រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ។ 

ក្នុងជំនួបដាច់ដោយឡែកពីគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ នៃប្រទេស​ម៉ាល់ឌីវ ក្នុងនាមជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ ក្នុងឆ្នាំដែលពិភពលោក បានជួបប្រទះនូវបញ្ហាប្រឈម គួរឲ្យព្រួយបារម្ភជាច្រើន។ សម្តេចតេជោបានសំដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋម៉ាល់ឌីវ ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព ឧស្សាហកម្មទេសចរណ៍រឹងមាំ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនម៉ាល់ឌីវ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក។ 

សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកថា ដមណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសម៉ាល់ឌីវនៅពេលនេះ និងធ្វើឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា ម៉ាល់ឌីវ ត្រូវបានពង្រឹងនិងពង្រីកឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ សម្តេចតេជោក៏បានវាយតម្លៃខ្ពស់ ចំពោះការបន្តរក្សាបាន នូវស្ថេរភាពនយោបាយនៅក្នុងប្រទេសម៉ាល់ឌីវ ចាប់តាំងពីក្រោយការបោះឆ្នោតសកល កាលពីខែកញ្ញា ឆ្នាំ២០១៨ ដែលជាកត្តាចំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងពង្រឹងទំនុកចិត្តផ្នែកធុរកិច្ច ជាពិសេសភ្ញៀវទេសចរអន្តរជាតិ មកកំសាន្តនៅម៉ាល់ឌីវ។ 

ឯកឧត្តម Faisal Naseem អនុប្រធានាធិបតី ឯកឧត្តម Mohamed Nasheed ប្រធានរដ្ឋសភា ឯកឧត្តម Ahmed Muthasim Adnan ប្រធានតុលាការកំពូល និងឯកឧត្តម Abdulla Shahid រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ។ 

មេដឹកនាំទាំងអស់ បានចាត់ទុកថា សម្តេចតេជោ គឺជាប្រមុខដឹកនាំជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចប្រទេសដែនកោះនេះ។ នៅក្នុងជំនួបដាច់ដោយឡែកពីគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំកំពូលៗរបស់ម៉ាល់ឌីវ បានពិភាក្សាយ៉ាងស៊ីជំរៅ ទាក់ទិនទៅនិងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ពិសេសបានសំដែងនូវការរីករាយ និងកត់សំគាល់ថា កម្ពុជា ម៉ាល់ឌីវ មានកិច្ចសហប្រតិបត្តិការគ្នាល្អ និងបានគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរជាតិ។ 

មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាបន្តសម្របសម្រួលគោលជំហរ និងសហការគ្នាឲ្យកាន់តែជិតស្និទ្ធ ក្នុងវេទិកាតំបន់ និង អន្តរជាតិនានា ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម។ នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តម Faisal Naseem អនុប្រធានាធិបតី ឯកឧត្តម Mohamed Nasheed ប្រធានរដ្ឋសភា ឯកឧត្តម Ahmed Muthasim Adnan ប្រធានតុលាការកំពូល និងឯកឧត្តម Abdulla Shahid រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ បានសំដែងនូវការវាហយតម្លៃខ្ពស់ និងកោតសរសើរចំពោះកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បញ្ចប់ទៅប្រកបដោយលទ្ធផលដ៏យត្រចៈត្រចង់បំផុត ពិសេសផ្តល់នូវមោទនភាពជាតិរបស់កម្ពុជា លើឆាកអន្តរជាតិ។ 

បណ្តាមេដឹកនាំគ្រប់ស្ថាប័នទាំងអស់ នៃប្រទេសម៉ាល់ឌីវ បានអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជន កម្ពុជា នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនាឆ្នាំ២០២២ និងបានចាត់ទុកដំណើរទស្សនកិច្ចជាលើកដំបូង របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅម៉ាល់ឌីវ ជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រ និងជាកត្តាជម្រុញដ៏សំខាន់  ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ច សហប្រតិបត្តិការបច្ចេកទេស។ ឯកឧត្តម Faisal Naseem អនុប្រធានាធិបតី ឯកឧត្តម Mohamed Nasheed ប្រធានរដ្ឋសភា ឯកឧត្តម Ahmed Muthasim Adnan ប្រធានតុលាការកំពូល និងឯកឧត្តម Abdulla Shahid រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ បានទទួលយកនូវការគោរពអញ្ជើញពីសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ក្នុងពេលវេលាដ៏សមស្របនាពេលខាងមុខ៕


#ហ៊ុនសែន #HunSen

#កម្ពុជា #Cambodia 

#FaisalNaseem

#MohamedNasheed

#AhmedMuthasimAdnan

#AbdullaShahid

#ម៉ាល់ឌីវ #Maldives

No comments:

Post a Comment