Monday, January 16, 2023

លិខិតមិត្តអ្នកអាន៖ ផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ

 ចាប់តាំងពីការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងក្រោមនយោបា​យឈ្នះ-ឈ្នះនៅចុងឆ្នាំ១៩៩៨ ដាក់ចេញដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ទើបធ្វើឱ្យកម្ពុជាចាប់ផ្តើមបើកសករាជមាសរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យរួមទាំងវិស័យសេរីភាពសារព័ត៌មានផងដែរ​។

ដោយសារសេរីភាពនេះហើយ ទើបធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ និងសារព័ត៌មានដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល តែងតែផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើសបំភ្លៃក្នុងគោលបំណងបង្ខូចបង្អាប់កិត្តិ​យស​ជាតិប្រា​សចាកពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាង និងការពង្រឹងនីតិរដ្ឋ និងប្រជាធិបតេយ្យ​​ភាវូបនីយកម្មនៅកម្ពុជាថែមទៀត។

កម្ពុជាបច្ចុប្បន្ន ត្រូវបានចាត់ទុកជាស្ថានសួគ៌សម្រាប់អ្នកសារព័ត៌មានដោយមូលហេតុថា​មានក្រុមហ៊ុន​សារព័ត៌មានជាច្រើន បាននិងកំពុងរកស៊ីលើវិស័យនេះ មានទាំងសារព័ត៌មានក្នុងស្រុក សារព័ត៌មានបរទេសនិយា​យភាសាខ្មែរ សារព័ត៌មានតាមអ៊ីនធើណេត សារព័ត៌មានបណ្តាញសង្គម ដោយសេរីនិងគ្មានការរិតត្បិតសោះឡើយ។ សារព័ត៌មានខ្លះ បាននិងកំពុងធ្វើ​សកម្មភាពយ៉ាងអាណាធិបតេយ្យទៀតផង។ ចំណុចទាំងអស់នេះហើ​យដែលបង្ហាញឱ្យឃើញពីការរីកចម្រើននៅក្នុងសេរីភាពនៃការបញ្ចេញមតិ និងការទទួ​លបានព័ត៌មាន ហើយក៏ជាការបង្ហាញពីការរីកចម្រើនលើវិស័យសិទ្ធិមនុស្សផងដែរ។

ប្រជាជនកម្ពុជាបច្ចុប្បន្ន មានឱកាសទទួលបានព័ត៌មានពេញលេញ និងងាយស្រួលជាទីបំផុតនៅក្នុងដៃរប​ស់ខ្លួនតាមរយៈបណ្តាញសង្គមផ្សេងៗដែលអាចផ្តល់ព័ត៌​មានបានលឿន ដែលប្រការនេះហើ​យ ក៏ជាការងាយ​ស្រួលសម្រាប់បុគ្គលអគតិមួយចំនួនធ្វើការបំផ្លើស និងបំពុលព័ត៌មានផងដែរដែលពេលខ្លះ បានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួន​តូច មើលឃើញតែភាពខ្មៅងងឹត និងភាពអសកម្មរបស់កម្ពុជា ប៉ុ​ន្តែ​តាមការពិតកម្ពុជានៅក្នុងសារព័ត៌​មាន គឺខុសស្រឡះពីកម្ពុជាពិតជាក់ស្តែង ដែលមានការរីកចម្រើន ប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខសប្បាយរីករាយក្រោមម្លប់សន្តិភាព។

ជាការពិតមួយមិនអាចប្រកែកបានឡើយគឺ ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុង​ផ្តោ​​​តការយ​កចិត្តទុក​ដាក់ខ្ពស់បំផុតទៅលើវិស័យសារព័ត៌មានដែលត្រូវបានចាត់ទុកជាអំណាចទី៤ ក្នុងការចូលរួមកសា​ង និងអភិវឌ្ឍជាតិ ហើយលោក ក៏តែងតែរៀបចំពិធីជួបជុំសំណេះ​សំណាលសួរសុខទុក្ខជាមួយអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំផងដែរ។ ជាក់ស្តែងនៅថ្ងៃទី១៤ មករា ២០២៣នេះ គឺជាជំនួបលើកទី៥ជាមួយអ្នកសារព័ត៌មាន ប្រមុខរាជរដ្ឋាភិបាល ​ក៏បានគូសបញ្ជាក់នូវសារគន្លឹះដ៏មានអត្ថន័យមួយគឺ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»។

ប៉ុន្តែជាអកុសល ក៏មានអ្នកសារព័ត៌មានមួយចំនួនតូចដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលបម្រើបរទេស តែងតែផ្សព្វផ្សាយព័ត៌មានមួលបង្កាច់ធ្វើឱ្យអាប់ឱនដល់កិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិដែលខុស​ស្រឡះពីការពិត មិនស័ក្តសមជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈ ដែលពេលខ្លះឈានទៅដល់បទបរិហាកេរ្តិ៍អ្នកដទៃ បទរំលោភបំពានផ្សេងៗ ដែលប្រការទាំងនេះ បានដើរផ្ទុយប្រាសចាកពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ជារួម ស្របពេលដែលកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពនិងការអភិវឌ្ឍ ក្នុងនាមជាអ្នកសារព័​ត៌មាន គួរតែធ្វើការឱ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈជាអ្នកសារព័ត៌មាន បើទោះបីជាមាននិន្នាការស្រប ឬប្រ​ឆាំ​ងនឹងរាជរដ្ឋាភិបាលក្តី គឺត្រូវតែដឹងខ្លួនឯងថាកំពុងធ្វើការស្ថិតនៅក្រោ​មច្បាប់របស់កម្ពុជាដោយមិនអាចបង្កព្យុះភ្លៀងស្រេចតែចិត្តនោះ​ឡើយ ហើយក៏ត្រូវដឹងខ្លួនឯងថា អ្នកសារព័ត៌មានពុំមានអភ័យឯកសិទ្ធិពិសេសអ្វីឡើយ ឱ្យតែប្រព្រឹត្តខុសច្បាប់ ត្រូវតែមានទោសដូចប្រជាពលរដ្ឋទូទៅដែរ។

សរុបមក អ្នកសារព័ត៌មាន មិនត្រូវធ្វើខ្លួនជាឧបករណ៍ផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយនោះឡើយ ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ អាចធ្វើឱ្យសង្គមមានភាពចលាចល អស្ថេរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិភាពជាមួយបរទេសទៀតផង។ អ្នកសារព័ត៌មានទាំងអស់ មិនអាចធ្វើអំពើល្មើសច្បា​ប់ស្រេ​ចតែចិត្តនាំឱ្យប៉ះពាល់សិទ្ធិសេរីភាពផលប្រយោជន៍របស់អ្នកដទៃ ឬប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរ​បស់ជាតិ ឬបង្កអស្ថេរភាពនយោបាយតាម​រយៈការផ្សព្វផ្សាយបំពុលព័ត៌មានក្នុងគោលបំណ​ងបំផ្លាញសេចក្តីសុ​ខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិបានឡើ​យ។ ដូចនេះ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»៕

ដោយ៖ តាំង ករុណា



 

No comments:

Post a Comment