Monday, January 16, 2023

សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវហើយ នៅព្រឹកថ្ងៃទី១៦មករានេះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវហើយ នៅព្រឹកថ្ងៃទី១៦មករានេះ។ នេះគឺជាដំណើរបំពេញទស្សនកិច្ចផ្លូវការ ជាប្រវត្តិសាស្រ្តលើកដំបូងបង្អស់ របស់ប្រមុខដឹកនាំកំពូលកម្ពុជា ទៅកាន់ប្រទេសដែនកោះដ៏ស្រស់បំព្រងមួយនេះ ដែលស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា។ 

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលប្រារព្វធ្វើឡើងនៅទីលាន Jumhooree Maildhaan ទីលានសាធារណៈជាប់ឆ្នេរសមុទ្រ នៃទីក្រុងម៉ាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តមអ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ រដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវ ជាច្រើនរូប។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពី ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ បានអញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋម៉ាល់ឌីវ រួមទាំងការសំដែងសិល្បៈតាមបែបប្រពៃណីរបស់ សាធារណរដ្ឋម៉ាល់ឌីវ ដោយក្រុមសិល្បៈនិស្សិត នៃសាធារណរដ្ឋម៉ាល់ឌីវ និងការបាញ់កាំភ្លើងធំ ៧ដើម របស់កងទ័ពម៉ាល់ឌីវ ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៥។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ប្រទេសទាំងពីរកម្ពុជា-ម៉ាល់ឌីវ ស្ទើតែមិនទាន់មានទំនាក់ទំនងជាមួយគ្នានោះទេ រួមទាំងការផ្លាស់ប្តូរដំណើរបំពេញទស្សនកិច្ចផ្លូវការ ពាណិជកម្មទ្វេភាគី និងការទំនាក់ទំនងខាងវប្បធម៌។ សាធារណរដ្ឋម៉ាល់ឌីវ គឺជាប្រទេសដែនកោះមួយ ស្ថិតក្នុងមហាសមុទ្រឥណ្ឌា ដែល មានផ្ទៃក្រឡាទំហំជិត ៣០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណជាង៥សែននាក់។ ផលិតផលសរុបរបស់ប្រទេសម៉ាល់ឌីវ មាន៤,៨៩ប៊ីលានដុល្លា ក្នុងឆ្នាំ២០២០។ ផលិតផលជាតិសម្រាប់ប្រជាជនម្នាក់ ៨ ៩៩៤ ដុល្លា សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២០។ សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសម៉ាល់ឌីវ ពឹងផ្អែកលើវិស័យសេវាកម្ម ៧៨ភាគរយ ឧស្សាហកម្ម១៣ភាគរយ និងកសិកម្ម ៨,៨ភាគរយ។ ផលិតផលនាំចេញក្រៅប្រទេសមានទំហំ ១,៨៥ប៊ីលានដុល្លា ផលិតផលនាំចូលពីក្រៅប្រទេសមាន ២,៥៦ប៊ៅលានដុល្លា។ ទេសចរណ៍ជាវិស័យសេដ្ឋកិច្ចចម្បង រួមចំណែកដល់ផលិតផលក្នុងស្រុកសរុបប្រមាណ ២៨ភាគរយ។ សាធារណរដ្ឋម៉ាល់ឌីវ បានចាប់ផ្តើមបើកប្រទេសឡើងវិញ ដើម្បីទទួលទេសចរណ៍អន្តរជាតិ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ ម៉ាល់ឌីវ ជាគោលដៅទេសចរណ៍កោះ រួមមាន ការកំសាន្តបែបអេកូទេសចរណ៍ តាមឆ្នេរ ដែលត្រូវបានចាត់ទុកជាឆ្នេរស្អាតជាងគេនៅលើពិភពលោកជាប់លំដាប់ទី១។ ក្នុងរយៈពេល១១ខែឆ្នាំ២០២២ ម៉ាល់ឌីវទទួលបានទេសចរណ៍អន្តរជាតិ ជិត១លាន៥សែននាក់ កើនឡើង ៣២,៥ភាគរយ ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១។ កម្ពុជា ម៉ាល់ឌីវ មានគោលបំណងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រួមមាន ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការចែករំលែកព័ត៌មានទេសចរណ៍ ចែករំលែកបទពិសោធន៍ លើការអភិវឌ្ឍធនធានមនុស្ស ជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចឬណ៍ ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការ រវាងមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍ ជំរុញសកម្មភាពសេដ្ឋកិច្ច វិនិយោគ ការតភ្ជាប់ការហោះហើរ និងលំហូរទេសចរប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង។ សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចំនួន ៤៨រូប។  



No comments:

Post a Comment