Tuesday, January 17, 2023

វិភាគអន្តរជាតិ៖ តើរុស្ស៉ី កំពុងងើបចេញពីបរាជ័យនៅអ៊ុយក្រែន យ៉ាងដូចម្ដេច?


(វ៉ាស៊ីនតោន)៖ រុស្ស៉ីបានចាប់ផ្ដើមការវាយប្រហារទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញហេដ្ឋារចនាសម័្ពន្ធថាមពលអ៊ុយក្រែន តាំងតែពីខែតុលា ឆ្នាំ២០២២មកម្ល៉េះ បន្ទាប់ពីទទួលបរាជ័យជាបន្តបន្ទាប់ នៅឯសមរភូមិ ក្នុងតំបន់ខាកៀវ និងតំបន់ខឺសុន។ បើតាមអាជ្ញាធរអ៊ុយក្រែន ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេសជាង ៤០ភាគរយរងការខូចខាត និង៣០ភាគរយនៃស្ថានីយ៍ផ្គត់ផ្គង់ថាមពល ត្រូវបានបំផ្លាញ នៅក្នុងការវាយប្រហាររបស់រុស្ស៉ី គិតត្រឹមខែវិច្ឆិកា ឆ្នាំដដែល។


ជារឿយៗ រុស្ស៉ីតែងតែអះអាងថាការវាយប្រហាររបស់ខ្លួនមិនមានគោលដៅលើជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ។ ក៏ប៉ុន្តែ ការវាយប្រហារទម្លាក់គ្រាប់បែកដែលរុស្ស៉ីនៅតែបន្តធ្វើឡើង មកទល់នឹងពេលនេះ មិនត្រឹមតែបង្ហាញពីចេតនាប៉ុណ្ណោះទេ តែវាគឺជា «យុទ្ធសាស្ត្រមួយ» តែម្ដងរបស់ទីក្រុងមូស្គូ ដែលកំពុងជួយឱ្យទាហានរុស្ស៉ីកែខៃយុទ្ធសាស្ត្រសង្រ្គាម និងកំហុសកើតមានឡើងនៅលើ សមរភូមិនាពេលកន្លងមក។ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន កំពុងដំណើរការទៅមុខតាមផែនការ ហើយលោកផ្ទាល់សង្ឃឹម ថាកងទ័ពរបស់លោកនឹងសម្រេចបានជ័យជម្នះបន្ថែមទៀត បន្ទាប់ពីទីក្រុងមូស្គូ អះអាងពីការវាយកាន់កាប់បានទីក្រុងសូឡេដា (Soledar) ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

រុស្ស៉ីកាលពីថ្ងៃសុក្រ ទី១៣ ខែមករានេះ បានប្រកាសថាកងទ័ពរបស់ខ្លួន បានវាយកាន់កាប់បានទីក្រុងសូឡេដាទាំងស្រុង ហើយដែលនេះជាជ័យជម្នះដ៏កម្រមួយរបស់ទីក្រុងមូស្គូ ក្រោយទទួលបរាជ័យ នៅលើសមរភូមិក្នុងរយៈពេលជាច្រើនខែមកនេះ។ នៅពេលត្រូវបានសាកសួរពីការដណ្ដើមបានទីក្រុងរ៉ែអំបិលរបស់អ៊ុយក្រែននេះដែរ លោក ពូទីន បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ រុស្ស៉ី រ៉ូសស៊ីយ៉ា វ័ន (Rossiya 1) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ យ៉ាងដូច្នេះថា «អ្វីៗកំពុងដំណើរការទៅមុខនៅក្នុងក្របខណ្ឌនៃការផែនការរបស់ក្រសួងការពារជាតិ និងអគ្គសេនាធិការ... ហើយខ្ញុំសង្ឃឹមថាអ្នកប្រយុទ្ធរបស់យើងនឹងសម្រេចបានជ័យជម្នះបន្ថែម នៅក្នុងសមរភូមិប្រយុទ្ធរបស់ពួកគេ»។

យុទ្ធសាស្ត្រទម្លាក់គ្រាប់បែករបស់រុស្ស៉ី មិនទាន់សម្រេចបានជោគជ័យជាក់ស្ដែងជាដុំកំភួនអ្វីទេ តែវាបានបំផ្លិចបំផ្លាញយ៉ាងមានប្រសិទ្ធភាពលើប្រព័ន្ធផលិត ផ្ទេរ និងចែកអគ្គិសនីរបស់អ៊ុយក្រែន។ ការបំផ្លាញ ប្រព័ន្ធអគ្គិសនីពិតជាប្រសិទ្ធភាព ហើយប្រសិទ្ធភាពនោះទៀតសោត ក៏មិនមែនត្រឹមតែធ្វើឱ្យប្រជាជនអ៊ុយក្រែនរស់នៅដោយលំបាកលំបិនក្នុងរដូវរងាប៉ុណ្ណោះទេ តែវាក៏បានផ្ដល់ផលប្រយោជន៍ផ្នែកយោធា ដល់រុស្ស៉ីផងដែរ។ នៅក្នុងសង្រ្គាមសម័យទំនើប ប្រព័ន្ធយោធាទំនើបៗសម្រាប់ប្រព័ន្ធការពារដែនអាកាស ទីបញ្ជាការយោធា និងការប្រមូលព័ត៌មានសម្ងាត់សុទ្ធតែពឹងផ្អែកលើអគ្គិសនី ហើយប្រសិនបើ ប្រព័ន្ធទាំងនេះមិនអាចទទួលបានការផ្គត់ផ្គង់ពីអគ្គិសនីរដ្ឋទូទៅជាធម្មតាទេ នោះចាំបាច់ត្រូវប្ដូរទៅប្រើម៉ាស៊ីនភ្លើងវិញ។ ក៏ប៉ុន្តែ ការប្ដូរពីការប្រើភ្លើងរដ្ឋ ទៅប្រើម៉ាស៊ីនភ្លើង មែនជារឿងងាយស្រួលដូចជា ការកាច់កុងទាក់ភ្លើងចុះឡើងនោះទេ។

ណាមួយ ការពឹងផ្អែកទៅលើម៉ាស៊ីនភ្លើងអាចនឹងដាក់បន្ទុកបន្ថែមឱ្យអ៊ុយក្រែនទៅវិញ ដោយទីក្រុងកៀវ នឹងត្រូវងាកទៅរកតម្រូវការឥន្ធនៈដែលកំពុងខ្វះខាតស្រាប់។ មួយវិញទៀតការប្រើប្រាស់ម៉ាស៊ីនភ្លើង វាក៏អាចបង្កគ្រោះថ្នាក់ដល់ទាហានអ៊ុយក្រែនទៅទៀត ពីព្រោះថាផ្សែង ឬកម្ដៅដែលភាយចេញពីម៉ាស៊ីនភ្លើងអាចឱ្យទីភ្នាក់ងារស៊ើបការសម្ងាត់រុស្ស៉ីកំណត់ទីតាំងរបស់ទាហានអ៊ុយក្រែនកាន់តែជាក់លាក់។ យុទ្ធនាការទម្លាក់គ្រាប់បែករបស់រុស្ស៉ី ក៏កំពុងធ្វើឱ្យអ៊ុយក្រែនត្រូវបង្កើនធនធាន ដើម្បីសម្របខ្លួនទៅនឹងការវាយប្រហារ ក៏ដូចជាបង្វែរធនធានខ្លះមកការពារប្រព័ន្ធ ឬហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន ផងដែរ។ ប្រព័ន្ធអាវុធ ឧស្សាហកម្មផលិតអាវុធ រួមទាំងប្រព័ន្ធរថភ្លើងមួយភាគធំដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ដឹកជញ្ជូនអាវុធទៅកាន់សមរភូមិ សុទ្ធតែត្រូវការថាមពលអគ្គិសនីជាចាំបាច់ តែខណៈ ប្រព័ន្ធផ្គត់ផ្គង់រងការខូចខាត ឬត្រូវបានបំផ្លាញ នោះទាហានអ៊ុយក្រែន និងប្រជាជនស៊ីវិលនឹងត្រូវងាកមកពឹងផ្អែកលើរថភ្លើងដើរដោយម៉ាស៊ូត និងម៉ាស៊ីនភ្លើងដើរដោយម៉ាស៊ូត ឬក៏ត្រូវប្ដូរមកប្រើម៉ាស៊ីនភ្លើង ដើរដោយឧស្ម័នដែលកំពុងខ្សត់ស្រាប់ផងនោះ។

ស្ថានភាពបន្ទាន់បែបនេះឯង នឹងបង្កើនតម្រូវការឥន្ធនៈសម្រាប់ប្រតិបត្តិការយោធា ឬតម្រូវឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនចាំបាច់បង្កើនការផ្ដល់ឥន្ធនៈដែលរឿងបែបនេះគឺជាការមួយដ៏លំបាកមួយ ដ្បិតប្រទេស អឺរ៉ុបក៏កំពុងខ្វះខាតប្រេង និងឧស្ម័នដើម្បីបំពេញតម្រូវការនៅក្នុងស្រុកដែរ។ ជាការពិតណាស់ លោកខាងលិច បាន និងកំពុងជួយអ៊ុយក្រែនស្ដារប្រព័ន្ធអគ្គិសនីឡើងវិញ ហើយខ្លះទៀតក៏បានផ្ដល់ជាម៉ាស៊ីនភ្លើង ស្របពេលរុស្ស៉ីនៅតែបន្តការវាយប្រហារទម្លាក់គ្រាប់បែកជាប្រចាំ។ ម្លោះហើយសម្រាប់រុស្ស៉ី នេះគឺជាដំណឹងល្អមួយ ព្រោះថាការជួសជុលនេះនឹងស្រូបទាញ ឬយ៉ាងហោចណាស់ វានឹងកាត់បន្ថយធនធានដែល អ៊ុយក្រែនត្រូវយកទៅប្រើនៅឯសមរភូមិមុខ។ ជាងនេះទៅទៀត អ្វីដែលកាន់តែគ្រោះថ្នាក់សម្រាប់អ៊ុយក្រែន នោះគឺរុស្ស៉ីកំពុងប្រើប្រាស់អាវុធដែលមានតម្លៃថោក ដូចជាយន្ដហោះដ្រូនអ៉ីរ៉ង់ នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន។ ពោលគឺអាវុធទាំងនេះមានតម្លៃថោកពិតមែន តែវាអាចបង្កការបំផ្លិចបំផ្លាញយ៉ាងធំ រីឯការប្រើអាវុធស្ទាក់ និងបំផ្លាញពួកវា ក៏ត្រូវការចំណាយថ្លៃច្រើនគួរសមដែរ។

គួរបញ្ជាក់ថា ទោះជាក្រុមមន្ត្រីអាមេរិក និងចក្រភពអង់គ្លេស បានព្យាករម្ដងហើយម្ដងទៀតថារុស្ស៉ីអាចនឹងអស់គ្រាប់រំសេវ និងអាវុធមួយចំនួនក៏ដោយ តែអ្វីដែលគេបានឃើញគឺរុស្ស៉ីត្រូវបានគេរាយការណ៍ថា បានស្វែងរកអាវុធពីកន្លែងផ្សេងបានដដែល ដូចជាទិញដ្រូនពីអ៉ីរ៉ង់ជាដើម។ ដូច្នេះការដឹកនាំយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងមានប្រសិទ្ធភាពនេះបង្ហាញថាកងទ័ពអាកាសរុស្ស៉ី ដែលសម្រេចបានជោគជ័យ តិចតួចបំផុតមកទល់នឹងបច្ចុប្បន្ន ក្នុងការវាយប្រហារលើទាហានថ្មើរជើងអ៊ុយក្រែន បានរៀនសូត្រពីបរាជ័យរបស់ខ្លួន កន្លងមក៕ (Fresh News)

No comments:

Post a Comment