Friday, October 21, 2022

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យហត្ថពលកម្មបរទេស

 នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ២១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យហត្ថពលកម្មបរទេស នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុកអន្តោប្រវេសន៍ លោកជំទាវរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក និងអគ្គនាយករងអន្តោប្រវេសន៍ ឯកឧត្តម អគ្គលេខាធិការ ឯកឧត្តម អគ្គនាយករដ្ឋបាល ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាកិច្ចប្រជុំនៅថ្ងៃនេះគឺដើម្បីស្ដាប់របាយការណ៍របស់ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ ពាក់ព័ន្ធនឹងការធ្វើអធិការកិច្ចជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជា។ សម្ដេច បានមានប្រសាសន៍ថាបន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ក្រសួងមហាផ្ទៃនឹងចេញសេចក្ដីប្រកាសព័ត៌មានមួយជូនសាធារណៈឱ្យបានជ្រាប។

យោងតាមរបាយការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ពីខែមករា ដល់ខែតុលានេះ អគ្គនាយកដ្ឋាន បានសហការជាមួយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះត្រួតពិនិត្យគោលដៅ៣.០៨០គោលដៅ ត្រួតពិនិត្យពលករបទេស៣០.៨៣៤នាក់ ផាកពិន័យជនបរទេសគ្មានបណ្ណការងារ២.៤១៦នាក់ គិតជាទឹកប្រាក់ប្រមាណ១.២០៨លានរៀល ៕ 





No comments:

Post a Comment