Friday, October 21, 2022

ឯកឧត្តមបណ្ឌិតប្រធានាធិបតី នៃសាធារណៈទីម័រខាងកើតអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាធុរកិច្ចកម្ពុជា-ទីម័រខាងកើតលើកទី១

 អត្ថបទ TVK Panha 
 នៅវេលាម៉ោង៣រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូល អរតា ប្រធានាធិបតីនៃសាធារណរដ្ឋទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ទីម័រខាងកើតលើកទី១ ក្រោមប្រធាន​បទ ទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ថ្លែងសន្ទរកថាក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋា​ភិបាលកម្ពុជា ឯកឧត្ដមពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងការបើកវេទិកាធុរកិច្ចកម្ពុជា-ទីម័រខាងកើត លើកទីមួយ ឆ្នាំ២០២២ ក្រោមប្រធានបទ “ទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព” ។ ប្រជាជនកម្ពុជាពិតជាពេញចិត្តនឹងការរីកចម្រើនគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរបស់យើងលើគ្រប់វិស័យ។ ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមបណ្ឌិតប្រធានាធិបតីនាពេលនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការទៅមុខថែមមួយកម្រិតទៀត។ កាលពីរសៀលថ្ងៃទី២០ ខែតុលា ម្សិលមិញនេះ ឯកសារចំនួនពីរសំខាន់ៗ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា-ទីម័រខាងកើត គឺកិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនផ្លូវអាកាស និងអនុស្សារណៈយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ។ ពិធីចុះហត្ថលេខានេះ នឹងបើកឱកាសបន្ថែមទៀតសម្រាប់ការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន រួមទាំងវិស័យទេសចរណ៍ផងដែរ។ ប្រទេសកម្ពុជាបានឆ្លងកាត់ការលំបាក និងឧបសគ្គរាប់មិនអស់លើគ្រប់វិស័យ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាបិតាស្ថាបនិកនៃសន្តិភាព ប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកឧត្តម​បណ្ឌិត ថោង ខុន បានបន្តទៀតថា ក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយកំណត់អាទិភាព ចំនួន៤ គឺផ្លូវ ទឹក ភ្លើង និងប្រជាជន។ ក្រោមយុទ្ធសាស្ត្រនេះ កម្ពុជាបានបង្កើតការងាររាប់លានក្នុងវិស័យសំខាន់ៗ ដែលរួមមាន វិស័យកាត់ដេរ និងស្បែកជើង វិស័យកសិកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលបានរួមចំណែកកាត់បន្ថយភាពក្រីក្រពី ៥៣.២% ក្នុងឆ្នាំ ២០០៤ មកនៅត្រឹម ១៧.៨% ក្នុងឆ្នាំ ២០២០។ ប្រទេសដែលមានកំណើនសេដ្ឋកិច្ចដែលមានអត្រាជាមធ្យមលើសពី 7% ក្នុងរយៈពេលមុនការរីករាលដាលនៃជំងឺCOVID-19 ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូល អរតា ប្រធានាធិបតីនៃសាធារណរដ្ឋទីម័រខាងកើត បានមានប្រសាសន៍ថា ទីម័រខាងកើត បានចងសម័ន្ធមិត្តជាច្រើនជាមួយបណ្ដាប្រទេសអឺរ៉ុប និងអាស៊ីអាគ្នេយ៍ រួមទាំកម្ពុជា។ ឯកឧត្ដមបានបន្តថា ប្រទេស​ទីម័រខាងកើត រាប់មិត្តិច្រើន មិនរាប់សត្រូវ។ យើងអាចបង្កើតបរិស្ថានវិជ្ជមាន ទោះបីជាទីម័រខាងកើតធ្លាប់មានអំពើហឹង្សាផ្នែកនយោបាយយ៉ាងណាក្ដី ប៉ុន្តែយើងបានបង្កើតនូវតំបន់ប្រជាធិបតេយ្យ និងសេដ្ឋកិច្ច។ ឯកឧត្តមបណ្ឌិត ក៏បានសម្ដែងនូវអារម្មណ៍​រំភើប ដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំ និងរាជរដ្ឋា​ភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានពិតជានឹងរួមចំណែកក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ចំពោះក្នុងវិស័យទេសចរណ៍ យើងកំពុងតែទន្ទឹងរង់ចាំស្វាគមន៍ចំពោះការហោះហើរត្រង់នាពេលខាងមុខនេះ។ សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃនេះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ទីម័រខាងកើត៕ រូបភាព ៖ សុវណ្ណរតនៈ

No comments:

Post a Comment