Friday, October 21, 2022

ឯកឧត្តមបណ្ឌិត ប្រធានាធិបតីទីម័រខាងកើត អញ្ជើញទស្សនកិច្ចនៅសកលវិទ្យាល័យប៊ែលធីអន្តរជាតិ

 នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូល អរតា ប្រធានាធិបតីនៃសាធារណរដ្ឋទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញបំពេញដំណើរទស្សនកិច្ចនៅសកលវិទ្យាល័យប៊ែលធីអន្តរជាតិ ឋិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីទ្បា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងសកលវិទ្យាធិការនៃសកលវិទ្យាល័យប៊ែលធីអន្តរជាតិ។ក្នុងឪកាសចុះបំពេញទស្សនកិច្ចនេះ ក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ Honorary Doctorate Degree in Educational Administration and Leadership (EAL) ជូនឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូល អរតា ប្រធានាធិបតីនៃសាធារណរដ្ឋទីម័រខាងកើត សម្រាប់ស្នាដៃ និងសមិទ្ធផលនានារបស់ ឯកឧត្ដមបណ្ឌិត សម្រេចបានក្នុងរយៈពេលជាងបួនទសវត្សរ៍មកនេះ។ កម្មវិធីប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយស ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំនេះ និងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីទ្បា។សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃនេះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។កាលពីថ្ងៃទី១៩ ខែតុលា ដែលជាថ្ងៃទី១នៃដំណើរទស្សនកិច្ច ឯកឧត្តមបណ្ឌិត បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន និងអញ្ជើញជួបសម្តែងការគួរសម ព្រមទាំងពិសាអាហារពេលល្ងាចជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅសណ្ឋាគារ Sofitel ភ្នំពេញ។ចំពោះថ្ងៃទី២ ក្នុងដំណើរបំពេញទស្សនកិច្ច ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូបព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ, អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, ព្រមទាំងកិច្ចប្រជុំកំពូលទ្វេភាគី និងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។សូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចាប់តាំងពីឆ្នាំ២០០២មកម៉្លេះ។ ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត ធ្លាប់បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋម្តងរួចមកហើយកាលពីឆ្នាំ២០១១។ កម្ពុជា និងទីម័រខាងកើត មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ដឹកជញ្ជូន វិស័យការងារ និងវិស័យសំខាន់ៗមួយចំនួនទៀត៕





No comments:

Post a Comment