Thursday, January 23, 2020

ពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២០ និងលើកទិសដៅបន្ត សម្រាប់អភិវឌ្ឍខេត្តក្រចេះ ឱ្យកាន់តែរីកចម្រើន

ក្រចេះ ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោក ប៉ូច បុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ក្រោមជាតិ ផ.យ.អ.ជ ២០១៩-២០២៣ ក្នុងតំបន់ខេត្តក្រចេះ នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ប៉ែន លីណាត អភិបាលខេត្តស្តីទី និងចូលរួមពីមន្ទីរអង្គភាព សភាពាណិជ្ជកម្ម អង្គការសង្គមស៊ីវិល និងមកពីខេត្តចំនួន៨ខេត្ត គឺខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង រតនៈគីរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែង។
ពិធីនេះត្រូវរៀបចំធ្វើឡើងដើម្បីសម្រេចនូវគោលបំណងសំខាន់៣រួមមាន៖ ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រជុំចម្បង ដែលបានកើតមានឡើងនៅក្នុងការអនុវត្តផ.យ.អ.ជ ២០១៤-២០១៨ ក្នុងអាណត្តិកាលរបស់ផែនការនេះទាំងមូល ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ដើម្បីកំណត់នូវបណ្ដារវិធានការគោលនយោបាយនានា ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា តាមវិស័យនៅដំណាក់កាល នៃអាណត្តិរបស់ផែនការដើម្បីស្ថេរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា នឹងឆ្ពោះទៅសម្រេចបាននូវស្ថានភាពនៃប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់(ប្រទេសអភិវឌ្ឍន៍)នៅឆ្នាំ២០៥០ នឹងដើម្បីដាក់ចេញនូវប្រព័ន្ធមួយសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំនៃការអនុវត្តផ.យ.អ.ជ២០១៩-២០២៣ របស់ក្រសួងស្ថាប័ននានា ។
លោករដ្ឋលេខាធិការក្រសួងផែនការ បានថ្លែង អំពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផ.យ.អ.ជ ឆ្នាំ២០១៩-២០២៣ គឺជាឧបករណ៍មួយដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាតែមួយគត់ សម្រាប់អនុវត្តគោលនយោបាយអាទិភាព និងចំណុចដៅអាទិភាពទាំងឡាយរបស់ជាតិ ជាពិសេសក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍នានាទាំងថ្នាក់ជាតិ និងក្រោមជាតិ ត្រូវរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍតាមវិស័យ និងយុទ្ធសាស្ត្រគាំទ្រឲ្យមានសង្គតិភាព ជាមួយអាទិភាពនិងឈានទៅការសម្រេចបានការអនុវត្តផ.យ.អ.ជ ២០១៩-២០២៣។
លោកបានបន្តថា ៖ ផ.យ.អ.ជ ២០១៩-២០២៣ បានឆ្លុះបញ្ចាំងនូវការប្ដេជ្ញាចិត្តដ៏មោះមុតឥតរាថយ របស់រាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យ នៃកម្មវិធីនយោបាយអភិវឌ្ឍជាតិដែលបានដាក់ចេញ ដើម្បីធានាឆ្លើយតបទៅនឹងការវិវត្តនៃបរិការណ៍អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលជាបច្ច័យនៃការលេចចេញនូវបញ្ហាប្រឈម និងកាលានុវត្តភាពនានាដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយទោះជាត្រូវរែកពុនយ៉ាងណាក៏ដោយ ជាពិសេសដើម្បីឈានទៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពកម្ពុជា ២០១៦-២០៣០។
ចក្ខុវិស័យកម្ពុជា២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ជាប្រទេសអភិវឌ្ឍន៍ ។ ហើយផ.យ.អ.ជ ២០១៩-២០២៣ ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋានមួយចំនួនរួមមាន-ធាតុចូលដែលទទួលបានពីក្រសួងស្ថាប័ននានា-ការគិតគូរនិងការគណនាផល ចាំបាច់មួយចំនួនរបស់ក្រសួងផែនការ -ការពិគ្រោះយោបល់បន្ថែមជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន -ការពិគ្រោះយោបល់ជាមួយនឹងដៃគូអភិវឌ្ឍន៍នានា-ការពិនិត្យមើលឡើងវិញលើទិន្នន័យថ្មីៗ ជាពិសេសទិន្នន័យស្ដីពីការអង្កេតសេដ្ឋកិច្ចសង្គមកិច្ច និងទិន្នន័យរបស់រដ្ឋបាលរបស់បណ្ដាក្រសួង-ស្ថាប័ន និងការពិនិត្យមើល និងបញ្ចូលនូវឯកសារគោលនយោបាយថ្មីៗមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងចក្ខុវិស័យ ២០៣០ និង ២០៥០ របស់កម្ពុជា ៕



No comments:

Post a Comment