លោកជំទាវ ឱ វណ្ណឌីន បានដកស្រង់របាយការណ៍របស់អង្គការសុខភាពពិភពលោកមកធ្វើការបញ្ជាក់ថា ជំងឺនេះមានការចម្លងពីមនុស្សទៅមនុស្សខ្លះៗ ហើយការចម្លងពីមនុស្សទៅមនុស្សនេះគឺមានកម្រិតនៅឡើយ និងក៏មិនទាន់មានភស្តុតាងច្បាស់លាស់និងពេញលេញដែលបញ្ជាក់ថាជំងឺនេះឆ្លងពីមនុស្សទៅមនុស្សនោះដែរ។ លោកជំទាវបានបន្ថែមថា គិតមកដល់ពេលនេះជំងឺប្រភេទនេះគឺមិនទាន់កើតមានឡើងនៅកម្ពុជានោះទេ។ បើទោះបីជាបច្ចុប្បន្ននេះកម្ពុជាមិនទាន់រកឃើញករណីជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ មានវត្តមាននៅកម្ពុជាក៏ដោយចុះ ក៏ក្រសួងសុខាភិបាលកម្ពុជាបានក្រើនរម្លឹកជាថ្មីឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ ក្រសួងថា បច្ចុប្បន្នជំងឺនេះបានកើតឡើងដំបូងបង្អស់ និងកំពុងបន្តផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៊ី ប្រទេសចិន និងបានកំពុងរាលដាលទៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ក្វាងចូវ និងទីក្រុងហុងកុង។ ក្រសួងសុខាភិបាលក៏បានក្រើនរម្លឹកឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងការការពារសុខភាពពីការឆ្លងជំងឺខាងលើនេះនារដូវបុណ្យចូលឆ្នាំចិនខាងមុខនេះ ដោយក្នុងនោះគួរតែចៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វ បសុបក្សី និងសត្វដទៃទៀត។ លើសពីនេះ គួរចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហូណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ និងត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភេទចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ ៕
ដោយ ចាន់ សុធីវង្ស

No comments:
Post a Comment