Thursday, January 23, 2020

កងទ័ពកម្ពុជា-សឹង្ហបូរី បង្ហាញពីគោលជំហររក្សាចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការពារសន្តិភាពឱ្យបានល្អគង់វង្សយូរអង្វែង

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យ ឧត្ដមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ មេបញ្ជាការកងទ័ពជើងគោកសឹង្ហបូរី និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងកិច្ចជំនួប ដែលបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកសឹង្ហបុរី បានសម្តែងនូវគារវកិច្ច ប្រកបដោយភាពស្និទ្ធស្នាល និងការស្វាគមន៍យ៉ាងកក់ក្តៅ ដោយបានរំឭកឡើងវិញ ពីកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កានាពេលកន្លងមក នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា និងសឹង្ហបូរី។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីសម័យអតីតកាល ដែលកម្ពុជាជួបប្រទះនូវភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ បានបង្កមហន្តរាយស្ទើរគ្មានសល់ នូវហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ជាពិសេសការដាក់ចេញនយោបាយឈ្នះឈ្នះរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងសង្គមជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។ ដោយឡែកលើវិស័យការពារជាតិ កងយោធពលខេមរភូមិន្ទ បាននិងកំពុងមានការវិវត្តន៍គួរឲ្យកត់សម្គាល់ ក្នុងការពង្រឹងសមត្ថភាពការពារជាតិ ក៏ដូចជាការធ្វើសមាហរណកម្មនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងមកដល់បច្ចុប្បន្ននេះ កម្ពុជាបានក្លាយជាប្រទេសមួយ ដែលបានបញ្ជូនកម្លាំង និងក្រុមជំនាញជាច្រើនចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់សាធារណរដ្ឋសឹង្ហបូរី ដែលកន្លងមកបានជួយដល់កងទ័ពកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស និងការជួយដោះស្រាយមធ្យោបាយមួយចំនួនទៀត។
ជាកិច្ចឆ្លើយតប ឧត្ដមសេនីយ៍ទោ ហ្គូ សុីហ៊ូ បានថ្លែងអំណរគុណដល់នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានចែករំលែកនូវចំណេះដឹង ពីស្ថានការណ៍វិវត្តន៍នានា ឆ្ពោះទៅរកសន្តិភាពរបស់ប្រទេសកម្ពុជា ដោយក្នុងនោះ លោកឧត្តមសេនីយ៍ បានចាត់ទុកថា សន្តិភាពពិតជាមានតម្លៃ និងបានមកដោយលំបាក ដែលក្នុងនាមជាកងទ័ពមានកាតព្វកិច្ចសំខាន់រួមគ្នាថែរក្សា។ ដោយឡែកលើទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ បានបង្ហាញនូវការជឿជាក់ថា នឹងមានទំនាក់ទំនងល្អ និងមានកិច្ចការជាច្រើនទៀត ដែលត្រូវបន្តសហការជាមួយគ្នា៕



No comments:

Post a Comment