Thursday, January 23, 2020

មេធាវី គី តិច អរគុណលោក សម រង្ស៉ី ដែលជួយផ្តល់ភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ លោក កឹម សុខា

ក្រោយសវនាការនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ លោក គី តិច មេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានឆ្លៀតថ្លែងអំណរគុណដល់ ទណ្ឌិត សម រង្ស៉ី ដែលបានផ្តល់ភស្តុតាងបន្ថែមទៀត ដើម្បីជួយដាក់បន្ទុកលើ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។
លោក គី តិច បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញពីសវនាការយ៉ាងដូច្នេះថា៖ «ខ្ញុំអរគុណចំពោះការស្វែងរកភស្តុតាងដ៏មានសារសំខាន់នេះ ទី១ គឺខ្ញុំសង្ឃឹមថា តំណាងអយ្យការ សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាចៅក្រមស៊ើបសួរច្បាស់ជាប្រមូលភស្តុតាងដែលសម រង្ស៉ី បានបង្ហាញ ទុកសម្រាប់ដាក់បន្ទុកបន្ថែមទាំងទណ្ឌិត សម រង្ស៉ី ទាំងជនជាប់ចោទ កឹម សុខា»។
រយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈដែលតុលាការបើកសវនាការជំនុំជម្រះលើសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា, លោក សម រង្ស៉ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បានបង្ហាញរូបថត និងឯកសារមួយចំនួន តាមបណ្តាញសង្គម Facebook របស់លោក និងវិទ្យុអាស៊ីសេរី ដើម្បីជំរុញឱ្យ តុលាការក្រុងភ្នំពេញ កាត់ទោសលោកក្នុងសំណុំរឿងក្បត់ជាតិនេះដូច លោក កឹម សុខា ដែរ ដោយសារតែ លោកគឺជាមេដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិ មុនត្រូវតុលាការកាត់ទោសរំលាយ។
លោកមេធាវី គី តិច បានបញ្ជាក់បន្តទៀតថា ភស្តុតាងដែលបង្ហាញដោយ លោក សម រង្ស៉ី បានធ្វើឱ្យតុលាការ តំណាងអយ្យការ សមត្ថកិច្ច ឬចៅក្រមស៊ើបសួរ កាន់តែងាយស្រួលក្នុងការប្រមូលភស្តុតាងដើម្បីដាក់បន្ទុកលើជនជាប់ចោទ កឹម សុខា ហើយក៏បានធ្វើឱ្យតុលាការចំណេញពេលវេលាផងដែរ ដោយមិនចាំបាច់ស៊ើបអង្កេតច្រើន។
បើតាម លោក គី តិច, ក្នុងសំណុំរឿងក្បត់ជាតិនេះ លោក សម រង្ស៉ី ក៏មិនរួចខ្លួនដែរ។ លោកមេធាវីរាជរដ្ឋាភិបាល បានអះអាងថា តុលាការបានបំបែកសំណុំរឿងនេះរួចហើយ ដើម្បីដាក់ទោសអ្នកពាក់ព័ន្ធផ្សេងៗទៀត។ លោកបញ្ជាក់ថា៖ «សំណុំរឿងនេះ បានបំបែករួចហើយ ដើម្បីរង់ចាំស្វាគមន៍ទណ្ឌិត សម រង្ស៉ី»។
សូមជម្រាបថា នៅក្នុងសវនាការនាសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ អង្គជំនុំជម្រះ បានបន្តសួរដេញដោល និងពិភាក្សាទៅលើភស្តុតាងវីដែអូវែងរយៈពេលជាង១ម៉ោង ដែលដាក់ដោយ ជនជាប់ចោទ កឹម សុខា។
មេធាវីរាជរដ្ឋាភិបាល បានកត់សម្គាល់ថា នៅពេលដែលមានការសួរដេញដោល និងពិភាក្សាលើភស្តុងតាងនេះ ជនជាប់ចោទ និងមេធាវីរបស់ជនជាប់ចោទ ហាក់ដូចជាពិបាកឆ្លើយសំណួរ ដោយពួកគាត់ហាក់ចង់រាំងខ្ទប់មិនឱ្យយកភស្តុតាងនេះមកជជែកពិភាក្សា។ លោក គី តិច បានបញ្ជាក់តាំងពីម្សិលមិញថា ភស្តុតាងវីដេអូវែងរយៈពេលមួយម៉ោងនេះ ហាក់ក្លាយជារង្វាន់សម្រាប់លោក ដោយលោកបានមើលឃើញថា វាមិនមែនជាភស្តុតាងដោះបន្ទុកទេ ផ្ទុយទៅវិញវាជាភស្តុតាងដែលនឹងបន្ថែមបន្ទុកលើ លោក កឹម សុខា មិនឱ្យរួចខ្លួនបានថែមទៀត។
យ៉ាងណាក៏ដោយ ក្រោយសវនាការរយៈពេល១ព្រឹក នៅថ្ងៃនេះ តុលាការបានប្រកាសលើពេលទៅបន្តសវនាការនៅថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍ សប្តាហ៍ក្រោយ ហើយសវនាការរបស់ លោក កឹម សុខា នឹងបន្តធ្វើឡើងរយៈពេល២ថ្ងៃនេះជារៀងរាល់សប្តាហ៍ផងដែរ ៕





No comments:

Post a Comment