Thursday, January 23, 2020

លោកឧបនាយករដ្ឋមន្ត្រី ស ខេង ថ្លែងថា ការិយាល័យច្រកចេញចូលតែមួយទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីសំណាក់អ្នកប្រើប្រាស់

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ច្រកចេញចូលតែមួយ បានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីសំណាក់អ្នកប្រើប្រាស់សេវា ដោយសារបានកាត់បន្ថយជាអតិបរមានូវភាពអាណាធិបតេយ្យ និងអំពើពុករលួយ។ លោក បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រាជធានី-ខេត្ត នៅរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានថ្លែងបន្ថែមទៀតថា ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋដែលសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលដាក់ចេញដើម្បីបង្ករលក្ខណៈ ងាយស្រួល និងឆ្លើយតបតាមសំណូមពរ ពេលវេលា ព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋ ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍បន្តថា “យន្តការច្រកចេញចូលតែមួយ បានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីសំណាក់អ្នកប្រើប្រាស់សេវា ដោយសារបានកាត់បន្ថយជាអតិបរមានូវការិយាធិបតេយ្យ និងអំពើពុករលួយក្នុងដំណើរការសុំសេវាផ្សេងៗពីស្ថាប័នរដ្ឋ ។ហើយលើសពីនេះទៅទៀត នៅតាមបណ្ដាប្រទេសដែល មានធនធានមនុស្សមានសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន គេក៏បានអភិវឌ្ឍន៍នូវប្រព័ន្ធ និងយន្តការនេះរហូតដល់តាមប្រព័ន្ធអនឡាញ និងឌីជីថលទៀតផង”។
លោកឧបនាយករដ្ឋមន្ត្រីបានរំលឹកថា កម្ពុជាបានអនុវត្តសាកល្បងនូវដំណើរការច្រកចេញចូលតែមួយនេះ រយៈពេល១៥ឆ្នាំរួចមកហើយ ដោយចាប់ផ្ដើមដំបូង នៅស្រុកក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ដោយមានការគាំទ្រពីរដ្ឋបាលស្រុកនៅអាល្លឺម៉ង់ និងអ៊ីតាលី។ ដោយសារយន្តការនេះមានប្រសិទ្ធភាពខ្ពស់ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងពាក់ព័ន្ធ ពង្រីកការិយាល័យនេះនៅតាមបណ្ដាក្រុងស្រុកជាបន្តបន្ទាប់ គិតត្រឹមឆ្នាំ២០១៩ មានថ្នាក់ក្រុងស្រុកខណ្ឌចំនួន១១៥រួចមកហើយ ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា ការិយាល័យច្រកចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រាជធានីខេត្តទូទាំងប្រទេស បានដំណើរការផ្ដល់សេវាជិត៦០០ប្រភេទសេវា ហើយថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យពាក់ព័ន្ធនឹងការផ្ទេរមុខងារ និងធនធានមួយចំនួនពីថ្នាក់ជាតិមកឲ្យថ្នាក់ក្រោមជាតិ ព្រមទាំងបានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រងស្រុក និងបង្កើនថវិកាឃុំសង្កាត់នៅឆ្នាំ២០២០ដែរ ។ ក្នុងនោះថវិកាអភិវឌ្ឍន៍មូលដ្ឋានមានជាង៧ម៉ឺនដុល្លារ ដើម្បីធានាឲ្យឃុំសង្កាត់បំពេញបានតាមតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការបង្កើតការិយាល័យ ច្រកចេញចូលតែមួយ ក៏បង្កើតការិយាល័យប្រជាពលរដ្ឋមួយទៀតដែរ ដែលមានតួនាទីទទួល សម្របសម្រួល និងដោះស្រាយពាក្យបណ្ដឹង ឬការតវ៉ានានារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការសម្រេចរបស់រដ្ឋបាលមូលដ្ឋាន ភាពមិនប្រក្រតីនៃការផ្ដល់សេវា ឬការបញ្ចេញអកប្បកិរិយាមិនសមរម្យណាមួយពីមន្ត្រីក្នុងពេលផ្ដល់សេវាជូនប្រជាពលរដ្ឋ៕



No comments:

Post a Comment