Friday, September 13, 2019

ទណ្ឌិត សម រង្ស៊ី ត្រូវតែមានទោសពីបទជេរប្រមាថព្រះមហាក្សត្រ និងប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា


ទីបំផុតទណ្ឌិត សម រង្ស៊ី ដែលមានទោសត្រូវជាប់គុកច្រើនករណី បានស្រែកជេរប្រមាថអង្គព្រះមហាក្សត្រកម្ពុជា ជាសាធារណៈយ៉ាងកប់មាត់ ដោយសម្តីអាក្រក់ស្តាប់បំផុត ហើយដែលមហាជនទូទៅមិនអាចទទួលយកបានឡើយ។ នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងលោក ​មួង ណារ៉េត ក្នុងវេទិការវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ទណ្ឌិត សម រង្សី បានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ គឺ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាយ៉ាងដូច្នេះថា៖ «អ្នក​នៅលើទឹកដីប្រទេសកម្ពុជា ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន​ សែន ដូច្នេះលោកអត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ»។ ទង្វើរបស់ទណ្ឌិតរូបនេះ ពិតជាបាននិងកំពុងប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលនៃប្រទេសទាំងស្រុង។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ តើសម្តីទណ្ឌិតថា ទុកព្រះមហាក្សត្រមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ាងរបស់ ហ៊ុន សែន ដូចសព្វថ្ងៃនេះបានទេ តើនេះពិតជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រកម្ពុជាឬទេ? នេះ គឺជាទោសប្រមាថអង្គព្រះមហាក្សត្រខ្មែរយ៉ាងច្បាស់ ​និងដ៏ធ្ងន់ធ្ងរបំផុត។
ជាការពិត សម្រាប់ប្រជាជនកម្ពុជាទូទៅ និងសម្រាប់ប្រជាជាតិខ្មែរទាំងអស់ រស់ក្នុងព្រះរាជាណាចក្រកម្ពុជា គឺបានគោរពដ៏ខ្ពង់ខ្ពស់បំផុតដល់ព្រះមហាក្សត្រខ្មែរយើង ដែលព្រះអង្គជាម្លប់ដ៏ត្រជាក់ដល់កូនចៅទាំងអស់ ហើយព្រះអង្គ គឺជាទីគោរពសក្ការៈបំផុតនៃប្រជារាស្រ្តខ្មែរទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា​យើង។
ទង្វើប្រមាថរបស់ទណ្ឌិតរូបនេះ គឺពិតជាជនក្បត់ជាតិ ដែលត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់គុកលើច្រើនករណីរាប់មិនអស់ ពីបទបរិហាកេរ្តិ៍អ្នកដទៃ និងបទក្បត់ជាតិប្រឆាំងនឹងច្បាប់ប្រទេស។ល។ ហើយទណ្ឌិតរូបនេះ បាននិងកំពុងតាំងខ្លួនធ្វើជាឧទ្ទាមក្រៅច្បាប់ ដែលកំពុងប្រព្រឹត្តអំពើបំផុសបំផុស ញុះញង់ ដុតកំហឹងមហាជនឱ្យងើបបំបះបំបោរប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ ប្រកាសទាញទំលាក់លោក នាយករដ្ឋមន្រ្តីស្របច្បាប់ ឱ្យចុះចេញពីអំណាច ផ្ទុយពីរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងឆន្ទៈរបស់អ្នកបោះឆ្នោត ដែលមានចំនួនជាង ៨៣,០២% បានចេញទៅបោះឆ្នោតយ៉ាងភ្លូកទឹកផ្លូកដី បន្តគាំទ្រលោកនាយករដ្ឋមន្រ្តីដឹកនាំប្រទេស ដើម្បីជ្រោងទង់សន្តិភាព និងការអភិវឌ្ឍ។ ជាការពិត ករណីរបស់ទណ្ឌិត គឺជាករណីក្បត់ជាតិ ដែលទណ្ឌិតរូបនេះ បាននិងកំពុងព្យាយាមទាញទំលាក់ប្រទេសជាតិកម្ពុជា និងប្រជាជនកម្ពុជាទាំងមូលឱ្យធ្លាក់ចូលក្នុងមហាគ្រោះថ្នាក់ គ្រោះមហន្តរាយ អសន្តិសុខ អស្ថិរភាព និងភាពវឹកវរដូចក្នុងទសវត្សឆ្នាំ១៩៧០ ពេលដែលក្រុមសាធារណៈរដ្ឋ លន់ នល់ និងសារីមៈតៈ បានទាញទំលាក់អតីតព្រះមហាក្សត្រខ្មែរ ព្រះបីតាជាតិ ព្រះបាទ នរោត្តម ពីអំណាចដោយមានការជួយជ្រោមជ្រែងពីប្រទេសមហាអំណាចមួយនៅពីក្រោយខ្នងយ៉ាងច្បាស់ក្នុងគ្រានោះ។
ដូច្នេះ ទង្វើដ៏ថោកទាបបំផុតរបស់ទណ្ឌិតរូបនេះ ពិតជាបាននិងកំពុងប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ហើយហ៊ានប្រមាថអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈបំផុតនៃប្រជារាស្រ្តខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយដែលប្រជារាស្រ្តខ្មែរក្នុងនគរនេះក៏មិនអាចព្រមទទួលយកការប្រមាថ និងទង្វើដ៏ថោកទាបរបស់ទណ្ឌិតនេះបានឡើយ។ ទោសប្រមាថព្រះមហាក្សត្រ គឺជាទោសប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដែលច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានហាមប្រាមមិនឱ្យអ្នកណាម្នាក់រំលោភបំពានបានឡើយ។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ប្រជារាស្រ្តនឹងតាមដានមើលថា តើពេលណាទណ្ឌិតរូបនេះ នឹងត្រូវបានតុលាការផ្តន្ទាទោសតាមច្បាប់ពីបទប្រមាថអង្គព្រះមហាក្សត្រ ដែលអង្គព្រះអង្គ គឺជាម្ហប់ដ៏ត្រជាក់ និងជាទីគោរពសក្ការៈបំផុតនៃប្រជារាស្រ្តខ្មែរទូទាំងក្នុងនគរនេះ៕
 ដោយ ឡុង បូរិតា



No comments:

Post a Comment