Monday, July 16, 2018

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ លើក​ឡើង​ថា “សុខ​សន្តិភាព​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន ដូច​បច្ចុប្បន្ន”

ស្វាយរៀង៖ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់​ខ្ពស់ លោក​នា​យក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោកស្រី​ឧប​នាយក​រដ្ឋ​មន្ត្រី​ ម៉ែន សំអន រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា ព្រឹ​ទ្ធសភា និង​អធិការ​កិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរ​សាទរ​ខួប​អនុស្សាវ​រីយ៍​លើក​ទី​២៥ នៃ​ទិវា​កង​រាជ​អាវុធ​ហត្ថ និង​ពិធី​សម្ភោធ​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​អគារ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្វាយរៀង ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់ សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ។
មាន​ប្រសាសន៍​ទៅ​កាន់​ពិធី​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ​បាន​ដាក់​ចេញ​នូវ​បទ​បញ្ជាចំនួន ៤​ចំណុច​សំខាន់​ៗ ឲ្យ​កង​កម្លាំង កង​រាជ​អាវុធ​ហត្ថ អនុ​វត្ត​ឲ្យ​បាន​នៅ​មុន​ពេល និង​អំឡុង​ពេល នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី​៦ នា​ចុង​ខែ​កក្កដា​នេះ៖ ទី១ កង​រាជ​អាវុធ​ហត្ថ ត្រូវ​ពង្រឹង​ការ​ការ​ពារ​សន្តិភាព ស្ថិរ​ភាព​នយោបាយ ទី២ រួម​គ្នា​ធា​នា​ឲ្យ​បាន​ការ​បោះ​ឆ្នោត​ដែល​ដំណើរ​ការ​ដោយ​សេរី យុត្តិ​ធម៌ និង​ស្រប​តាម​​ច្បាប់​បោះ​ឆ្នោត​បាន​តម្រូវ ទី៣. បន្ត​លើក​កម្ពស់​ការ​ថែ​រក្សា​សុខ​សន្តិភាព សាធា​រណៈ​តាម​រយៈ​ការ​ពង្រឹង​វិន័យ សីល​ធម៌ ឲ្យ​សង្គម​កាន់​តែ​មាន​ស្ថិរ​ភាព និង​​​ទី៤. កង​រាជ​អាវុធ​ហត្ថ ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ជា​មួយ​ស្ថាប័ន ក្រសួង និង​ប្រទេស​ជា​មិត្ត ធ្វើ​យ៉ាង​ណា​សំដៅ​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន និង​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​កាន់​តែ​រីក​ចម្រើន។

នៅក្នុងឱកាសដដែលនោះ​ លោក​ក៏​បាន​អប​អរ​សាទរ​ផង​ដែរ ចំពោះ​សកម្ម​ភាព របស់​កង​រាជ​អាវុធ​ហត្ថ ដែល​បាន​អនុវត្ត​កន្លង​មក ដោយ​បាន​រួម​ចំណែក ជា​មួយ​រាជ​រដ្ឋា​ភិបាល គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ក្នុង​ការ​ការ​ពារ​ជាតិ​មាតុ​ភូមិ។ លោក​បាន​លើក​ឡើង​ដែរ​ថា ការ​ប្រា​រព្ធ​ពិធី​អប​អរ​សាទរ​នា​ថ្ងៃ​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​​របស់​រាជ​រដ្ឋា​ភិបាល ក្រសួង​ការ​ពារ​ជាតិ ចំពោះ​កង​រាជ​អាវុធ​ហត្ថ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​​ការ​ថែ​រក្សា​សុខ​សន្តិភាព។ ​សុខ​សន្តិភាព​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន ដូច​បច្ចុប្បន្ន៕
















No comments:

Post a Comment