Monday, July 16, 2018

ទស្សនៈមិត្តអ្នកអាន៖ ផែនការទុច្ចរិតរបស់ក្រុមប្រឆាំង ក្រៅច្បាប់ដើម្បីបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា !

ដោយពេលវេលានៃការ បោះឆ្នោតនៅកម្ពុជាកាន់តែខិតជិតមកដល់ហើយប្រជាពលរដ្ឋកម្ពុជា​នៅក្នុងប្រទេស​កំពុងទន្ទឹងរង់ចាំ ថ្ងៃអាទិត្យទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ដើម្បីនាំគ្នាទៅបោះឆ្នោតតាមលិទ្ធិប្រជាធិបតេយ្យនោះ ក្រុមប្រឆាំងក្រៅច្បាប់ដែលមាន ពួកបរទេសខ្លះនៅជួយជ្រោមជ្រែងពីក្រោយខ្នងក៏កាន់តែបង្ហាញនូវឧបាយកល ទុច្ចរិតតាមរយះផែនការបំផ្លាញការបោះឆ្នោតទោះបីជាផែន ការណ៍ជាច្រើនរបស់ពួកគេត្រូវបានវាយ​អោយ​បរាជ័យនិងត្រូវបានវាយបំបែកជាបន្តបន្ទាប់ក៍ដោយ។
អ្វីដែលមេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី រួមនឹងបក្សពួកមួយក្តាប់ នៃខ្មោចបក្សសង្គ្រោះជាតិ កំពុងតែបន្ត​អនុវត្តនៅក្នុងដំណាក់កាលចុងក្រោយបង្អស់ ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ នេះ គឺការកៀងគរអោយ មានការប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដូចដែល ពួកគេធ្លាប់បាន​ធ្វើនាពេល​កន្លងមក និងដោយមានការជួយបន្ទរតាមក្រោយពីសំណាក់ពួក បរទេសមួយចំនួនដែលព្យាយាម​ធ្វើជាម៉ែឪ​របស់កម្ពុជាពោលគឺចង់ឱ្យកម្ពុជាបោះបង់ចោលនូវឯករាជ្យភាពនិងអធិបតេយ្យជាតិ របស់ខ្លួនមកដើរតាមបន្ទាត់ នយោបាយគូសវាសដោយពួកគេ។ ប្រសិនបើកម្ពុជាមិនដើរតាមពួកគេទេនោះ ទោះបីជាមានការគោរព​សិទ្ធិមនុស្ស និងមានការអនុវត្តលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវ លើសពីនេះយ៉ាងណាក៏ដោយ ក៏កម្ពុជា​នឹងត្រូវបាន​ចាត់ទុកថាជាប្រទេសដែលមានស្ថានភាព នយោបាយអាក្រក់បំផុត ឬជាប្រទេសផ្តាច់ការ ព្រោះអ្វីៗ គឺវាស្រេច​តែលើបបូរមាត់របស់ពួកបរទេស មួយក្តាប់តូចនិងក្រុមប្រឆាំងលាបពណ៌តែប៉ុណ្ណោះ។ ក្រៅពីការញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋការបំភ្លៃបំផ្លើសអំពី ស្ថានការណ៍ ពិតរបស់កម្ពុជា មេក្បត់ជាតិ សម រង្ស៊ី ក៍នៅមាន​ផែនការទុច្ចរិតផ្សេងៗទៀត ដើម្បីបំផ្លាញកម្ពុជាផងដែរ។ នៅក្នុងផែនការដ៏ស្មោគគ្រោកនេះ គឺប្រភពពី សកម្មជនអតីតបក្សប្រឆាំងបាន បង្ហើបឱ្យដឹងថា ក្រុមសមាជិកខ្មោចបក្សសង្គ្រោះជាតិនៅ ក្រៅប្រទេស​និងក្នុងប្រទេសមួយចំនួនក្រោមខ្សែញាក់របស់បរទេស ជាចៅហ្វាយ បាននិងកំពុងបន្តអនុវត្តផែនការ​ក្នុងការ​គៀងគរអន្តរជាតិកុំឱ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិ អាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ប្រភពនេះបានបញ្ជាក់ថា សម រង្ស៊ី ​ដែលជាមេខ្លោងបាននិងកំពុងបញ្វេញសារញុះញង់​សព្វបែបយ៉ាងតាម​បណ្តាញផ្សព្វផ្សាយសង្គមក្នុងចេតនា បង្កចលាចលសង្គមនិងប្រឆាំងការបោះឆ្នោត។ សកម្មជនខ្មោច​បក្សសង្គ្រោះជាតិមួយចំនួនដែលដើរតាមសម រង្ស៊ី បានចាប់ផ្តើមបំផុសនិងឱ្យសកម្មជន​អ្នកគាំទ្រខ្លួន​ផ្តិតស្នាម​មេដៃដោយពួកគេអះអាងថាដើម្បីដាក់ជូនទៅអង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនទៀត​នៅក្នុងនោះ​មានសហភាពអឺរ៉ុបជាដើមដើម្បីប្រឆាំងការបោះឆ្នោត។ សកម្មភាពនេះបានចាប់ធ្វើនៅសហរដ្ឋអាមេរិក កាណាដា និងប្រទេសអឺរ៉ុបមួយចំនួនដែល មានបងប្អូនពលរដ្ឋខ្មែររស់នៅ ព្រមទាំងនៅតំបន់អាស៊ីខ្លះដែរ ជាពិសេសនៅក្នុងប្រទេសថៃជាដើមដែលមានមេក្លោងឡុង រី និង ម៉ោញ សារ៉ាត់ ជាអ្នកទទួល បន្ទុកអមដោយ​ឈ្មោះលី ចាន់រតន រស្មី ~ ឌឿន ~ សីហា ~ ទុន សេន កញ្ញាឆ្មាខ្មៅ ។ល។ ចំណែកនៅក្នុងប្រទេសកម្ពុជា វិញ ក៏បាននិងកំពុងចាប់ផ្តើ់មមានសកម្មភាពខ្លះៗហើយដែរតាមរយៈរចនាសម្ព័ន្ធអតីតបក្សប្រឆាំងដែលធ្វើក្នុងសភាព ស្ងៀមស្ងាត់ជាមួយអតីត សកម្មជន និងអ្នកគាំទ្រខ្លួន។ តាមផែនការ គឺពួកគេបានដាក់ចេញគម្រោង​ឱ្យ​ផែនការនេះត្រូវសម្រេចអោយបានហើយនឹងបញ្ជូនដល់ដៃអង្គការសហប្រជាជាតិនិងប្រទេសនានាឱ្យបាន​ឆាប់រហ័សបំផុតតាមតែអាចធ្វើបានដើម្បីបង្អាក់ការបោះឆ្នោតដែលគ្មានវត្តមានរបស់ពួកគេនេះ។
ហេតុអ្វីបានជាពួកគេរៀបចំ ផែនការទុច្ចរិតទាំងនេះឡើង?
១) ដើម្បីបំផ្លាញការបោះឆ្នោត បំភ័ន្តមតិសាធារណៈ កុហកស្ថាប័នអន្តរជាតិ៖ ក្រុមអ្នកនយោបាយរត់ចោលស្រុកនៃខ្មោចបក្សក្រៅច្បាប់រួមនឹងសកម្មជនរបស់ខ្លួនបានត្រៀមធ្វើបាតុកម្មនៅតាមបណ្តាប្រទេសមួយចំនួននៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបង្កើតញត្តិប្រឆាំង​នឹងការបោះឆ្នោតពីក្រៅប្រទេស។ ចំណែកខាងក្នុងប្រទេស ពួកគេរៀបចំប្រមូលស្នាមមេដៃ​ដើម្បីបង្កើតញត្តិ​ពីក្នុងប្រទេសដើម្បីតវ៉ាប្រឆាំងនឹងការបោះឆ្នោតដែរ។ ប្រភពព័ត៌មានពីសកម្មជនអតីតបក្ស​ប្រឆាំង​ដដែល​រូបនេះក៍បានឱ្យដឹងថាពួកគេនឹងយកស្នាមមេដៃ ចាស់ៗដែលធ្លាប់ក្លែងបន្លំ​និងប្រមូលបាននៅ​អំឡុងការតវ៉ា​នៅឆ្នាំ ២០១៣ បញ្ចូលក្នុងស្នាមមេដៃថ្មីដើម្បីបង្កើនចំនួនឱ្យបានច្រើន និងបញ្ជូនទៅកាន់អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀតថា ប្រជាពលរដ្ឋខ្មែរ មិនទទួលយកនូវ​ការបោះឆ្នោត​នេះ​ឡើយ។ នេះមិនត្រឹមតែជាទង្វើខុសច្បាប់ប៉ុណ្ណោះទេប៉ុន្តែក៍ជាល្បិចស្មោកគ្រោកក្នុងការ បំភ័ន្តមតិសាធារណៈ បោកប្រាស់ប្រជាពលរដ្ឋ និងកុហកស្ថាប័នអន្តរជាតិធំៗដូចជា អ.ស.ប និងសហភាព អឺរ៉ុបជាដើម។ ល្បិចថោកទាបនេះ គឺគ្មានអ្វីក្រៅពីការបង្កើតនូវសង្គ្រាមចិត្តសាស្ត្រដើម្បីបង្អាក់ និងរារាំងប្រជាពលរដ្ឋខ្មែរ ដែលត្រៀមខ្លួន រួចជាស្រេចទៅហើយនោះ កុំឱ្យទៅបោះឆ្នោត ព្រោះថា គង់តែ អ.ស.ប សហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀតមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដដែលនោះ តើចាំបាច់ទៅបោះឆ្នោតធ្វើអ្វី។ នេះគឺជាទង្វើដ៏ស្មោគគ្រោកបំផុតរបស់ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ដែលកំពុងតែបំផ្លាញជាតិខ្លួន​ឯងដោយមិនញញើតដៃបន្តិចណាឡើយហើយប្រការ នេះក៍កាន់តែបញ្ជាក់បន្ថែមទៀត យ៉ាងច្បាស់​អំពី​មហិច្ឆតាអំណាច ដ៏ឆ្កួតលេលារបស់សម រង្ស៊ីនិងបក្សពួកដែលចិញ្ជឹមចិត្តក្នុងការ​បំផ្លាញជាតិដោយគ្មាន​ស្តាយស្រណោះ។
ទី២) បំផ្លាញការបោះឆ្នោតក្នុងថ្ងៃស្ងប់ស្ងាត់ និងថ្ងៃបោះឆ្នោត៖ បាតុកម្មដែលក្រុមប្រឆាំងត្រៀមនឹងធ្វើនៅថ្ងៃទី២៨ និងទី២៩ ខែកក្កដា នៅបណ្តាប្រទេសនានា គឺជាផែនការ​ក្រឡុកការបោះឆ្នោតនៅកម្ពុជានិងជាសង្គ្រាមចិត្តសាស្ត្រមួយដើម្បីបំផ្លាញទឹកចិត្តប្រជាពលរដ្ឋខ្មែរដែល​ត្រៀមទៅបោះឆ្នោតជ្រើសតាំង ថ្នាក់ដឹកនាំរបស់ខ្លួនស្របតាមច្បាប់។ ទណ្ឌិត សម រង្ស៊ី បានបំភ្លៃការពិត និងប្រឌិតព័ត៌មានអាក្រក់អំពីកម្ពុជា និង យកឈ្មោះសហគមន៍អន្តរជាតិ មកលាបពណ៌ និងប្រើប្រាស់​ជាប្រយោជន៍នយោបាយផ្ទាល់ខ្លួន។ នេះគឺជាការបន្តអនុវត្តផែនការជាន់ឈ្លីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគេបានតាំងខ្លួនជាតួឯក លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែនេះគឺគ្រាន់តែជាអំនួតគ្មានខ្លឹមសារ និងជាការចាញ់បោកកិច្ចកលនយោបាយចៅហ្វាយនាយបរទេសរបស់ ពួកគេដែលបានគូសវាសផ្លូវឱ្យពួកគេដើរដើម្បីបម្រើផលប្រយោជន៍របស់ពួកគេតែប៉ុណ្ណោះ។ ពួកគេព្យាយាម​បិទបាំងនូវល្បិចកលទុច្ចរិតក្នុងការបំផ្លិចបំផ្លាញជាតិ និងធ្វើខ្លួនជាជនរងគ្រោះនៃទង្វើល្មើសច្បាប់របស់ខ្លួន។ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាគឺច្បាស់ណាស់ ទោះបីជាគ្មានខ្មោចបក្សសង្គ្រោះជាតិ និងក្រុមអ្នកនយោបាយ​រត់ចោលស្រុកមួយដំបរស្វា ក៏ដំណើរការ លទ្ធិប្រជាធិបតេយ្យនៅតែរស់រវើក និងកាន់តែមាន​អត្ថន័យ​បន្ថែម​ទៀត ដោយសារតែការបោះឆ្នោតនៅខែកក្កដានេះ មានគណបក្សនយោបាយចំនួន ២០ ចូលរួម។ នេះមិនមែន​ជារឿងលេងសើច ប្រជាធិបតេយ្យឡើយ! ក្រុមមតិភាគតិច និងក្រុមជនល្មើសច្បាប់ ត្រូវគោរពមតិភាគច្រើន ដែល បាននិងកំពុងគោរពយ៉ាងខ្ជាប់ខ្ជួនតាមមាគ៌ាប្រជាធិបតេយ្យ សេរី ពហុបក្ស។ ពួកគេមិនអាច បោកប្រាស់​ពលរដ្ឋខ្មែរ និងមិនអាចបោកប្រាស់សហគមន៍អន្តរជាតិបានទៀតឡើយ។ ទង្វើរបស់សម រង្ស៊ី និងគូកន​នៅ​ពេល​នេះបង្ហាញពីចរិតពិតដ៏ថោកទាបបំផុតដែលក្នុងនាមជាជនជាតិខ្មែរ ម្នាក់បានលក់ឧត្តមគតិ និងបម្រើ​ផលប្រយោជន៍បរទេស។ សណ្តាននៃជនក្បត់ជាតិរបស់សម រង្ស៊ី មិនអាចកែប្រែបានឡើយ ហើយទង្វើសម រង្ស៊ី គឺជាសត្រូវរបស់ប្រជាជន និងលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។
ទី៣) ប្រឌិតព័ត៌មានក្លែងក្លាយថា សម រង្ស៊ី នឹងវិលចូលស្រុកនៅថ្ងៃទី២៩កក្កដាដើម្បីបង្កចលាចល៖ ក្រុមសមាជិកអតីតបក្សប្រឆាំងក្រៅច្បាប់ ក៏កំពុងតែផ្សព្វផ្សាយព័ត៌មានមិនពិតថា ទណ្ឌិតសម រង្ស៊ី នឹងវិល​ចូល​ប្រទេសកម្ពុជាវិញនៅចំថ្ងៃបោះឆ្នោតតែម្តង ដែលនេះគឺជាផែនការទុច្ចរិតមួយទៀត ដែល មានចរឹតជា​សង្គ្រាម​ចិត្តសាស្ត្រ ដើម្បីបន្ទុចបង្អាក់ រារាំងអតីតសកម្មជន និងអ្នកគាំទ្រខ្លួន ហើយដែលឥឡូវនេះបានងាក មក​គាំទ្រ​គណបក្សបង្កើតថ្មីៗ បែកចេញពីខ្មោចបក្សសង្គ្រោះជាតិដូចជាគណបក្សឆន្ទៈខ្មែរ គណបក្សខ្មែរតែមួយ ឬគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាដើម មិនឱ្យទៅបោះឆ្នោត ព្រោះថា បើសម រង្ស៊ី វិលចូលស្រុកថ្ងៃនោះ នោះប្រាកដជាមានដំណោះស្រាយនយោបាយ ឬមានគំនាបពីបរទេសមកលើរាជរដ្ឋាភិបាលកម្ពុជា ហើយ​ការបោះឆ្នោតនឹងអាចត្រូវមោឃភាព ឬពន្យារពេល។ ដូច្នេះតាមរយៈ ល្បិចកលនេះ អតីតសកម្មជន និងអ្នក​គាំទ្របក្សក្រៅច្បាប់ ក៏មិនចាំបាច់ទៅបោះឆ្នោតទេដែល នេះគឺជាការទាញចូលក្នុង យុទ្ធសាស្ត្រ «ដេកផ្ទះ ឈ្នះឯង» របស់ពួកគេ។ ប៉ុន្តែពួកគេភ្លេចគិតថា សម រង្ស៊ី ពេលនេះគឺជាទណ្ឌិតដែល មានទោស រាប់សិប​ឆ្នាំ​នៅជាប់ខ្លួន ហើយខ្នោះនិងគុកបាននិងកំពុងតែរង់ចាំវត្តមានរបស់សម រង្ស៊ីនៅកម្ពុជាគ្រប់ពេលវេលា​ដែរតាម​ដិកា ចាប់ខ្លួនរបស់តុលាការ។ តាមពិត ទៅ ទណ្ឌិតសម រង្ស៊ី ជាមនុស្សមហាកំសាក ហើយកន្លងមក គឺគ្មាន​ម្តងណាឡើយដែលមាន ភាពក្លាហានវិលត្រឡប់ចូលមកក្នុងប្រទេសដើម្បីមកប្រឈមមុខ នឹងច្បាប់ឡើយ​ខណៈអ្នកនយោបាយចាញ់ចាស់វស្សារូបនេះមានជីវិត ហ៊ឺហារនៅក្រៅប្រទេស និងខ្លាចបំផុតរឿងជាប់គុក។ ហេតុដូច្នេះហើយ បានជាអ្នកប្រជាធិបតេយ្យក្លែងក្លាយរូបនេះរាល់ពេលបង្កអំពើល្មើស ច្បាប់ម្តងៗ តែងតែ​រត់​គេចខ្លួន រត់ចោលស្រុកនិងរត់ចោលគុកច្រវាក់រហូតដល់ពេលនេះ។
ទី៤) សហការជាមួយអង្គការ សង្គមស៊ីវិលបរទេស និងក្នុងស្រុកមួយចំនួនដើម្បីអនុវត្តផែនការបំផ្លាញ​ការបោះឆ្នោត៖ ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកទាំងនេះក៍មិនអាចអនុវត្តផែនការទុច្ចរិតនេះកើតឡើយប្រសិនបើ​គ្មានការជួយពីក្រុមអង្គការសង្គមស៊ីវិល លម្អៀងនិងជាភ្នាក់ងារ របស់បរទេសមួយចំនួន។ ពេលនេះក៏​ដូច​កន្លងមកដែរ គឺពួកគេអនុវត្តផែនការបំផ្លាញការបោះឆ្នោតដែលមានលក្ខណៈជាប្រព័ន្ធ។ សង្គមស៊ីវិលបរទេស​មួយចំនួននៅក្នុងរចនាសម្ព័ន្ធបដិវត្តពណ៍ ដែលទទួលបញ្ជានិងថវិកាពីចៅហ្វាយនាយរបស់ពួកគេ ដូចជា​អង្គការ NED ~ NDI ~ IDI ~ CIPR ~ Anfrel ជាដើម ហើយដែលបច្ចុបន្នអង្គការ មួយចំនួននេះកំពុងជ្រកធ្វើ សកម្មភាពក្រោមផ្លាកអង្គការផ្សេងៗបានផ្តល់មូលនិធិដល់អង្គការក្នុងស្រុកដូចជាអង្គការខុមហ្វ្រែល របស់ គល់ បញ្ញា អង្គការនិកហ្វិក សមាគមធាងត្នោត អង្គការសិទ្ធិលំនៅដ្ឋាន សមាគមសមធម៌ជាដើមក្នុងការ រំខាន អុកឡុក បង្ខូច និងបំផ្លាញការបោះឆ្នោត និងធ្វើយ៉ាងណាឱ្យដំណើរ នីតិវិធីនៃ​ការបោះឆ្នោតដែលកំពុង​តែដំណើរការដោយរលូននេះ មើលទៅមិនត្រឹមត្រូវតាមច្បាប់ ជាពិសេសគឺបង្កប់លេសបំផ្លាញ​លទ្ធផល​បោះឆ្នោត​តែម្តង។ ពួកគេយកពេលវេលានៃការបោះឆ្នោតមកធ្វើជាចំណុចក្តៅនេះ គឺដោយសារ​តែនៅអំឡុង​ពេលនេះ ពួកគេអាចញុះញង់ឱ្យមានការខឹងសម្បារ នៅក្នុងចំណោមអ្នកមាននិន្នាការ នយោបាយ​ចង្អៀត​ចង្អល់ងាយស្រួលក្នុងបញ្ឆេះកំហឹងប្រជាពលរដ្ឋ ដោយបំភ្លៃ បំផ្លើសពីដំណើរការ បោះឆ្នោតថាមិនត្រឹមត្រូវ មិនសេរី និងមិនយុត្តិធម៌។ នៅរៀងរាល់ការបោះឆ្នោត ពួកគេតែងតែសហការគ្នាមួលបង្កាច់ រដ្ឋាភិបាល និងគណបក្សកាន់អំណាចដឹកនាំដោយលោក ហ៊ុន សែន ដើម្បីទាញយក ប្រជាប្រិយភាព ឬញុះញង់​ពលរដ្ឋ​ឱ្យខឹងសម្បារនឹងរដ្ឋអំណាច។ ទាំងនេះ គឺជាល្បិចកលដែល ពួកគេរៀបចំ ឡើងក្នុងផែនការ​បដិវត្តន៍ពណ៌​ផ្លាស់ប្តូររបប តាមបែបមិនប្រជាធិបតេយ្យព្រោះពួកគេបានតស៊ូអស់លទ្ធភាពតាមការបោះឆ្នោតទៅហើយ ប៉ុន្តែនៅតែមិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបានឡើយ ព្រោះគណបក្សនេះជាគណបក្ស​ដែលមាន​បទពិសោធជ្រាលជ្រៅនិងមានធនធាន មនុស្សគ្រប់គ្រាន់ដឹកនាំគ្រប់គ្រងប្រទេស និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំផ្លាញផែនការ ទិច្ចរិតបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងនិងចៅហ្វាយនាយរបស់ពួកគេទៀតផង។
ដូច្នេះ ក្រុមអ្នកនយោបាយរត់ចោលស្រុក ព្រមទាំងចៅហ្វាយនាយរបស់ពួកគេរួម​នឹងក្រុមអង្គការសង្គម​ស៊ីវិល​ស៊ី​ឈ្មួលនិងលក់ខ្លួនឱ្យបរទេស មិនអាចបំផ្លាញការបោះឆ្នោតនៅកម្ពុជាបានឡើយ ហើយពួកគេក៏​នឹងមិនអាច​ធ្វើអ្វីស្រេចតែអំពើ ចិត្តបានឡើយព្រោះប្រទេសនេះមានច្បាប់ហើយអាជ្ញាធរ មានសម្ថកិច្ចក៍ក្តាប់បាន និងចាត់វិធានការទុកជាមុនដើម្បីបំផ្លាញនូវឧបាយកលទុច្ចរឹតទាំងអស់នេះ។ ហើយជន ទាំងឡាយណាដែល​ប្រព្រឹត្តអំពើខុសច្បាប់ បង្កហេតុ រំខាន ប្រឆាំងនិងបំផ្លាញការបោះឆ្នោតដែលជាធាតុដ៏សំខាន់នៃ លទ្ធិប្រជាធិបតេយ្យឬអុកឡុកនៅអំឡុងពេលបោះឆ្នោត រាប់សន្លឹកឆ្នោត ជនទាំងនោះ នឹងត្រូវតែប្រឈម​ចំពោះមុខច្បាប់ជាដាច់ខាតដោយមិនអាច លើកលែងបានឡើយ។ ទណ្ឌិត សម រង្ស៊ី និងក្រុមបក្ខពួក្បត់ជាតិ របស់ខ្លួនបានត្រឹមតែស្រែកពីខាងក្រៅតែប៉ុណ្ណោះ ហើយនឹងគ្មានប្រយោជន៍អ្វីឡើយ​ព្រោះអ្វីៗមិនអាច​ដូចការ​រំពឹងទុករបស់ខ្លួនឡើយ។ ផ្ទុយទៅវីញ ដំណើរការបោះឆ្នោតនៅតែប្រព្រឹត្តទៅជាធម្មតា ស្របតាមច្បាប់​និង​ស្របតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ។ ហើយទោះបីជាក្រុមជនក្បត់ជាតិខិតខំបំផ្លាញកម្ពុជា យ៉ាង​ណាក៏ដោយ ក៏ រដ្ធអំណាច ស្របច្បាប់ដឹកនាំដោយលោក ហ៊ុន សែនហើយដែលមានការ ចូលរួមនិងគាំទ្រ​ពីប្រជាពលរដ្ឋកម្ពុជាបានតាំងចិត្តរួចជាស្រេចថា ទោះបីជាក្នុងតម្លៃណាក៏ដោយ គឺមិនអនុញ្ញាតឱ្យ​ជនក្បត់​ជាតិ​បំផ្លាញសន្តិភាព ការអភិវឌ្ឍនិងលទ្ធិប្រជាធិបតេយ្យដែលរកបានដោយពិបាកបំផុតនេះបានឡើយ ៕

ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៨

No comments:

Post a Comment