Monday, July 16, 2018

ទស្សនៈកូនខ្មែរ៖ យើងជាកូនខ្មែរត្រូវចូលរួមលើកស្ទួយកិត្យានុភាពជាតិនៅ លើឆាកអន្តរជាតិ!

កាលពីមុន គេស្គាល់ប្រទេសកម្ពុជាដោយសាររបបខ្មែរក្រហម។ របបនេះបានធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាស្អុយអសោចពាសពេញពិភពលោក។ របបនេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាឋាននរកអវិចីយធ្វើឲ្យខ្មែរមានឈ្មោះជាបិសាចស្រេកឈាមដ៏ សាហាវឃោរឃៅគួរឲ្យខ្លាច។ ក្រោយពីផ្តួលរំលំរបបប្រល័យពូជសាន៍នេះហើយ គណបក្សប្រជាជនកម្ពុជាក្នុងនាមជាបក្សដឹកនាំប្រទេស មាន បេសកកម្មដ៏មហាធំធេងបន្តទៀតនៅចំពោះមុខ។
បន្ទុកដ៏មហាធ្ងន់នេះមិនអាចប្រើតែដៃពីរបានទេ គឺត្រូវប្រើយុទ្ធសាស្ត្រដៃព្រះនរាយណ៍ទើបអាចធ្វើបាន ពោលគឺ ដៃម្ខាងត្រូវចិញ្ចឹមប្រជាជន ដែលសេសសល់ពីស្លាប់ហើយមាន រូបកាយស្គមកំព្រឹងមានតែស្បែក ដណ្តប់ឆ្អឹងនោះឲ្យមានភាពជាមនុស្សម្នាឡើងវិញ រីឯដៃ ម្ខាងទៀតខំប្រឹងស្តារ ហេដ្ឋារចនាសម្ព័ន្ធប្រទេសឡើងវិញចេញពីចំណុចសូន្យខណៈដែលដៃផ្សេងទៀតត្រូវទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញរបស់ពួកខ្មែរក្រហម ត្រូវបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាព និងត្រូវលើកស្ទួយកិត្យានុភាពជាតិតាមរយៈការផ្លាស់ប្តូរស្ថានភាពប្រទេសពីអ្វីដែលគេធ្លាប់ស្គាល់ថាជាវាល ពិឃាដដ៏គួរឲ្យតក់ស្លុតឲ្យទៅជាព្រះរាជាណាចក្រអច្ឆរិយៈដែលគួរឲ្យចង់ទស្សនា។
បេសកកម្មដ៏ធំធេងនេះត្រូវធ្វើឡើងក្នុងស្ថានភាពនៃការ ហ៊ុមព័ទ្ធសេដ្ឋកិច្ចនិងនយោបាយយ៉ាងជិតឈឹងពីបណ្តាប្រទេសដែលតាំងខ្លួនថាជាបិតា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ពួកគេមិនត្រឹមតែមិនឈឺឆ្អាលនឹងទុក្ខវេទនារបស់ពលរដ្ឋខ្មែរ ប៉ុណ្ណោះទេ តែថែមទាំងបាន ដាក់ទណ្ឌកម្មទៅលើអ្នកដែលតស៊ូប្តូរជីវិតដើម្បីការរស់រានឡើងវិញរបស់ពលរដ្ឋខ្មែរថែមទៀត។
ទោះជាត្រូវឆ្លងកាត់ឧបសគ្គរាប់លានជំពូកដូច្នេះក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាក្នុងនាមជាបក្សដឹកនាំប្រទេសនៅតែពុះពារជម្នះការលំបាក ដោយឥតរាថយហើយបាន បោះជំហានទៅមុខជានិច្ចដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន គឺការចង់ឃើញប្រទេសកម្ពុជាមួយដែលឈររឹងមាំស្មើមុខមាត់នឹង គេនៅលើឆាកតំបន់ និងអន្តរជាតិ។ បច្ចុប្បន្ន ក្តីសុបិននេះបានលេចចេញជារូបរាងហើយនោះគឺកម្ពុជាជាកោះសន្តិភាពជាគោលដៅទេសចរណ៍ និងការវិនិយោគ ជាសមាជិកអាស៊ាន, សមាជិកអង្គការសហប្រជាជាតិ។ លើសពី សមាជិកធម្មតា កម្ពុជា កំពុងមានតួនាទីកាន់តែសំខាន់ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំប្រទេសតែងមានវត្តមាននៅគ្រប់វេទិកាធំៗមិនថា ថ្នាក់តំបន់ឬថ្នាក់ ពិភពលោកឡើយ។
ពីប្រទេសដែលត្រូវការកងទ័ពមួកខៀវសហប្រជាជាតិទៅជាប្រទេសដែលបញ្ជូនទ័ពមួកខៀវទៅជួយប្រទេសដទៃ។ ពីប្រទេសដ៏គួរឲ្យខ្លាចក្លាយជាប្រទេសគោលដៅ ទេសចរណ៍យ៉ាងសំខាន់របស់ពិភពលោក។ ពីប្រទេស ដែល ប្រជាជនដាច់ពោះស្លាប់ដោយសារគ្មានអាហារទៅជាប្រទេសដែលសម្បូរហូរហៀរ មានស្បៀងនាំចេញទៅលក់ក្រៅប្រទេស។ ពីប្រទេសដែលស្ទើរតែគ្មានអ្នកណានឹកនារាប់រកដោយសារតែសង្គ្រាមស៊ីវិលអូសបន្លាយទៅជាប្រទេសដែល មានសម្បត្តិបេតិកភណ្ឌជាច្រើន ដែលត្រូវបានអង្គការ យូណេស្កូ ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
ការប្រារព្ធខួប១០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងខួបមួយឆ្នាំ នៃការដាក់ ប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីដូចគ្នានេះរបស់អង្គការយូណេស្កូដែលបើកធ្វើនៅថ្ងៃទី ១៥ កក្កដានេះ ក្រោមវត្តមាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាឧទាហរណ៍ជាក់ស្តែងដែលបញ្ជាក់ពីការយកចិត្តទុកដាក់លើកស្ទួយមោទនៈភាព ជាតិពីសំណាក់រាជរដ្ឋាភិបាលដែលកូនខ្មែរគ្រប់គ្នាមានមោទនៈ ភាពយ៉ាងខ្លាំង។
មោទនៈភាពជាតិនេះបានមកពីការដឹកនាំនៅលើផ្លូវត្រូវ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយនិងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែល មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ។ ជិត ៤០ ឆ្នាំក្រោយការដួលរលំនៃរបបខ្មែរក្រហម ពលរដ្ឋខ្មែរកំពុងស្ថិតក្នុងពិភពថ្មីមួយដែលខុសស្រឡះ ពីមុន។ ប្រទេសកម្ពុជាក៏ត្រូវបាន ពិភពលោកមើលក្នុងក្រសែភ្នែកខុសស្រឡះពីមុនដែរ នោះគឺកម្ពុជាដែលមានកំណើន សេដ្ឋកិច្ចខ្លាំង មានការអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនលើសពីការរំពឹងទុក។
ដូច្នេះ យើងជាកូនខ្មែរទាំងអស់គ្នាសូមចូលរួមអបអរសាទរ និងទទួលយកនូវមោទនៈភាពនេះ ហើយយើងទាំងអស់គ្នាក៏ត្រូវចូលរួមចំណែក យ៉ាងសកម្មក្នុងការការពារនូវអ្វីៗដែលយើងកំពុងមាន និងបន្តជំរុញឲ្យវាកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។
យើងទាំងអស់គ្នាចូលរួមលើកស្ទួយកិត្យានុភាពជាតិយើងទាំងអស់គ្នា ហើយប្រឆាំងដាច់ខាតចំពោះអ្នកណាក៏ដោយដែលប៉ុនប៉ងបំផ្លាញមោទនៈភាព ជាតិនេះដើម្បីបម្រើមហិច្ឆតារបស់បរទេស។ យើងជាកូនខ្មែរគាំទ្រយ៉ាងម៉ឺងម៉ាត់នយោបាយបង្រួបបង្រួមជាតិ និងនយោបាយលើកស្ទួយមោទនៈភាពជាតិ លើកស្ទួយកិត្យានុភាពជាតិដែលរាជរដ្ឋាភិបាលកំពុងធ្វើ។

ជយោ! មោទនៈភាពជាតិខ្មែរ។
ជយោ! ព្រះរាជាណាចក្រអឆ្ឆរិយៈ!
ដោយះ យុវជនខ្មែរម្នាក់ ដែលស្រឡាញ់វប្បធម៌ជាតិ















No comments:

Post a Comment