សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន លោក លោកស្រី អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គនាយករង អគ្គស្នងការរងនគរបាលជាតិ លោក លោកស្រី លោកស្រីគណៈប្រតិភូក្រសួងមហាផ្ទៃ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាពលទ្ធកម្ម ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោកអធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រមាណ ២៥០នាក់ ។
ក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃ ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីនៅថ្ងៃនេះព្រមទាំងបានបង្ហាញជូនពីលទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ។
ទន្ទឹមនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្តដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត។
ដោយឡែកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ។
សូមបញ្ជាក់ថា ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនៅថ្ងៃនេះរួមមាន លោកស្រី ពៅ សុភាព អតីតអភិបាលរងខេត្ត ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោកស្រី ឯក សុវណ្ណភារៈ ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ៕

No comments:
Post a Comment