ក្រោយពីស្តាប់នូវការឡើងប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកថ្មីរួចមក លោកអភិបាលខេត្តបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកអភិបាលស្រុកចាស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានល្អកន្លងមក និងអបអរសាទរចំពោះលោកអភិបាលស្រុកថ្មីដែលត្រូវបានប្រកាសតែងតាំងនាថ្ងៃនេះ។ឆ្លៀតក្នុងឱកាសនេះលោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើទៅលោកអភិបាលស្រុកថ្មីដឹកនាំរក្សា ឱ្យបាននូវ សាមគ្គីភាពផ្ទៃក្នុងចាត់ទុកមន្ត្រីក្រោមឱវាទរបស់ខ្លួនប្រៀបដូចជាក្រុមគ្រួសារត្រូវយកចិត្តទុកដាក់ជួយយកអាសារចំពោះមន្ត្រីរបស់ខ្លួន ហើយមិនត្រូវទុកមន្ត្រីណាម្នាក់ដែលជួបប្រទះបញ្ហាដោយពុំអើពើឡើយ។
បន្ថែមពីនោះអភិបាលស្រុកត្រូវចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្តាប់ឱ្យបាននូវបញ្ហាក្នុងមូលដ្ឋាន ហើយត្រូវសហការឱ្យបានជិតស្និតជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះអណ្តែត ដោះស្រាយបញ្ហាទាំងនោះឱ្យបានឆាប់រហ័សបំផុតតាមអភិក្រមទាំង៣គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព។
ជាចុងក្រោយ លោកអភិបាលខេត្តក៏បានផ្តាំផ្ញើបន្ថែមដល់លោកអភិបាលស្រុកថ្មី ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវ យកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពបំផុត ហើយត្រូវចាត់ទុកបញ្ហាល្បែងស៊ីសង និងគ្រឿងញៀនជាបញ្ហាអាទិភាពដែលត្រូវ បង្ក្រាប និងទប់ស្កាត់ឱ្យបានផងដែរ ៕
No comments:
Post a Comment