បន្ទាប់ពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូលរាយការណ៍ពីសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានកាំកុងត្រូលរួចមក លោក ប៉ាន សូរស័ក្តិ បានសម្តែងនូវការកោតសសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ព្រមទាំងមានមតិណែនាំ និងអនុសាសន៍បូកសរុបដូចតទៅ៖
១- ការងារត្រួតពិនិត្យទំនិញតាមព្រំដែន៖
ក្រោយពីមានការតវ៉ារបស់អ្នកនាំចេញកសិផលលើបញ្ហាទីផ្សារ និងតម្លៃ ក្រសួងបានដាក់ចេញនូវគោលការណ៍ភ្លាមៗ គឺមិនឱ្យមានការយកកម្រៃក្រៅផ្លូវការ និងបានធ្វើសំណើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុំកាត់បន្ថយសោហ៊ុយត្រួតពិនិត្យផ្លូវការរបស់កាំកុងត្រូលលើផលិតផលកសិផល ដូចជា ដំឡូងមី ម្សៅដំឡូងមី ឬពោត ជាដើម។ មន្ត្រីសាខាប្រចាំរាជធានី-ខេត្ត ត្រូវចូលរួមសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ហើយត្រូវរាំងខ្ទប់ការលួចនាំចូលមិនសមស្របតាមច្រករបៀង។ ម្យ៉ាងវិញទៀត សូមយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញតាមលក្ខណៈបច្ចេកទេស វិទ្យាសាស្ត្រ និងកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យឲ្យបានដូចភ្លៀងរលឹម។
២- ការងារត្រួតពិនិត្យទំនិញតាមទីផ្សារ៖
សកម្មភាពការងារចុះទីផ្សារ ពិតជាសកម្មគួរឱ្យកោតសរសើរ ហើយសូមបន្តសកម្មភាពនេះទៀត និងបង្កើនសកម្មភាពចុះទីផ្សារគោលដៅចំពោះទំនិញដែលមានហានិភ័យ ពិសេសទំនិញម្ហូបអាហារដែលចាត់ទុកជាការងារអាទិភាពចំបងបំផុត។ ចំពោះទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដែលបានឃាត់ទុកកន្លងមកត្រូវប្រមូលកំទេចចោលឱ្យអស់តាមនីតិវិធី។
៣- ការងារមន្ទីរពិសោធន៍៖
មន្ទីរពិសោធន៍ចល័ត “Mobile Lab” គឺជាឧបករណ៍ជំនួយបច្ចេកទេសក្នុងការកំណត់ឱ្យដឹងពីផលប៉ះពាល់កើតចេញពីការប្រើប្រាស់សារធាតុគីមីហាមឃាត់ ពិសេសលើផលិតផលម្ហូបអាហារ ដែលយើងមិនអាចមើលបានដោយភ្នែកទទេ ឬប៉ះនឹងដៃ។ នៅដើមខែសីហា ឆ្នាំ២០១៧ យើងនឹងមានរថយន្តពិសោធន៍ចល័ត ១គ្រឿងបន្ថែមទៀត ដែលបម្រើការងារវិភាគផ្នែកប្រេងឥន្ធនៈ។
៤- ការងារពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា៖
ក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ត្រូវបង្កើនទំនាក់ទំនងឱ្យបានល្អជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជំរុញកិច្ចកសាងច្បាប់ឱ្យបានឆាប់រហ័ស។ មានច្បាប់ ៣ ដែលកាំកុងត្រូល ជាអ្នកទទួលខុសត្រូវចាត់ចែងរៀបចំ រួមមាន៖ ច្បាប់ស្តីពីម្ហូបអាហារ, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង។
៥- ការចុះយុទ្ធនាការអប់រំផ្សព្វផ្សាយបង្កើនការយល់ដឹងជូនអ្នកប្រើប្រាស់ អាជីវករ ពាណិជ្ជករ និងសិស្ស-និស្សិត៖
មន្ត្រីបានធ្វើយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងជូនមហាជន មានទាំងសិស្សានុសិស្ស និស្សិត អាជីវករ ពាណិជ្ជករ និងមន្ត្រីសាលាខ័ណ្ឌដែលពួកគាត់ជាអ្នកនៅជាប់ផ្ទាល់ជាមួយនឹងអ្នកជាប់ពាក់ព័ន្ធ។ បញ្ហារឿងការពុលចំណីអាហារ-ស្រា នៅតាមបណ្តាខេត្តមួយចំនួន យើងគួរធ្វើការសិក្សារកនីតិវិធីដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់កុំឱ្យកើតមានបាតុភាពនេះ។ ជាងនេះទៅទៀត កាំកុងត្រូល ក៏បានរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើសកម្មភាពតាមមាត់ច្រកព្រំដែនដើម្បីទប់ស្កាត់ការនាំចូល និងចរាចរគ្រឿងញៀន និងបានផ្សព្វផ្សាយការងារនេះជូនដល់សិស្ស និស្សិតផងដែរ។ សូមបន្ត និងបង្កើនសកម្មភាពទាំងនេះឱ្យបានកាន់តែសកម្មថែមទៀត តាមគោលដៅដែលបានកំណត់ ពិសេសរៀបចំជាផ្ទាំងឃោសនាអប់រំ ជាខិតប័ណ្ណ ដាក់ជារូបភាព និងខ្លឹមសារល្អៗ ដើម្បីទាក់ទាញអ្នកចូលរួម ហើយត្រូវចាក់ផ្សាយតាមបណ្តាញផ្សព្វផ្សាយពីសកម្មភាពនៃយុទ្ធនាការទាំងនេះទៀតផង។
៦- កិច្ចការការពារអ្នកប្រើប្រាស់៖
កាំកុងត្រូល ចាប់អារម្មណ៍ និងមានវិធានការណ៍គ្រប់បែបយ៉ាងទៅលើការផ្សាយពាណិជ្ជកម្មភូតកុហកបោកប្រាស់ ដូចជាគ្រឿងអលង្ការលក់បន្លំ-ក្លែងក្លាយ, ធ្វើឱ្យខាតបង់ថវិកា ប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងការប្រកបមុខរបរមិនមានសមធម៌ជាដើម។
និង៧- ការងារមន្ត្រី៖
ការផ្ទេរភារកិច្ច ផ្លាស់ប្តូរទីតាំងបម្រើការងាររបស់ប្រធាន អនុប្រធានសាខារាជធានី ខេត្ត ប្រធាន អនុប្រធានប៉ុស្តិ៍ គឺត្រូវរៀបចំទៅតាមនីតិវិធី និងបែបបទការងារព្រមទាំងធ្វើឱ្យបានសមស្រប និងមានតម្លាភាព៕

No comments:
Post a Comment