ក្នុងឱកាសនោះដែរ លោក Horinouchi Hidehisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុននាពេលខាងមុខ ដែលក្នុងនោះរួមមាន ការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្ត្រ ហើយក៏នឹងពិភាក្សាទៅលើការតភ្ជាប់ ការអភិវឌ្ឍវិស័យធនធានមនុស្ស ការសម្រួលចរាចរណ៍នៅទីក្រុងភ្នំពេញ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន និងការពិភាក្សាអំពីការរៀបចំឱ្យមានអគ្គកុងស៊ុលជប៉ុន នៅខេត្តសៀមរាប។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះគឺចំពេលខួប២៥ឆ្នាំរបស់ជប៉ុនដែលបញ្ជូនក្រុមរក្សាសន្តិភាពមកកាន់កម្ពុជា ហើយក៏ត្រូវនឹងខួប៦០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលើកទី១ មកកាន់ប្រទេសកម្ពុជាកាលពីក្នុងឆ្នាំ១៩៥៧។ នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនខាងមុខនេះ លោក ហ៊ុន សែន នឹងចូលរួមសិក្ខាសាលាដែលមានការចូលរួមពីអ្នកវិនិយោគទុនជប៉ុនជាច្រើននាក់ផងដែរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពជាគោលការណ៍ចំពោះកម្មវិធី ដែលបានដាក់ចេញទាំងនេះ ហើយលោក បានស្នើឱ្យភាគីជប៉ុន មានការសម្របសម្រួលបន្ថែមទៀតនៅក្នុងកម្មវិធីនេះក្នុងករណីមានការផ្លាស់ប្តូរ។ ជាការបញ្ជាក់នូវការស្វាគមន៍ លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីជប៉ុន រួមនិងមន្រ្តីជាន់ខ្ពស់ និងប្រជាជនជប៉ុន នឹងរង់ចាំទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនខាងមុខនេះ៕


No comments:
Post a Comment