ការបោះឆ្នោតនៅប្រទេសទីម័រខាងកើតបានរំលេចឱ្យឃើញនូវបញ្ហាមួយចំនួនដែលកំពុងតែប្រឈមនៅក្នុងប្រទេសដ៏ក្រីក្របំផុតមួយក្នុងចំណោមប្រទេសក្រីក្រជាច្រើនទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំពេលដែលមានការព្យាករណ៍ថា ធនធានឧស្ម័ន និងប្រេងដ៏សំខាន់របស់ខ្លួនអាចនឹងហិចហោចនៅត្រឹមចុងទសវត្សរ៍នេះ។
លទ្ធផលបឋមកាលពីថ្ងៃអាទិត្យដែលចេញពីការបោះឆ្នោតសភាបានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលចម្រុះដែលកំពុងតែគ្រប់គ្រងអំណាចនៃគណបក្ស Revolutionary Front for an Independent East Timor (Fretilin) និងគណបក្ស National Congress for Timorese Reconstruction (CNRT) ទទួលបានសម្លេងភាគច្រើន ទោះបីជាគណបក្សប្រឆាំងទទួលបានការគាំទ្រកើនឡើងក៏ដោយ។
នៅត្រឹមពាក់កណ្តាលថ្ងៃអាទិត្យ លោក Xanana Gusmao ដែលជាវិរបុរសនៃគណបក្សឯករាជ្យ CNRT នោះ ទទួលបានសម្លេងឆ្នោតគាំទ្រ២៧,៦ ភាគរយ គឺបានធ្លាក់ចុះពីចំនួន ៣៦,៧ ភាគរយក្នុងការបោះឆ្នោតឆ្នាំ២០១២ ខណៈដែលគណបក្ស Fretilin បានកើនឡើងបន្តិចបន្តួចត្រឹម៣១ ភាគរយ។ គណបក្ស Democratic Party ទទួលបានសម្លេងឆ្នោតគាំទ្រ១០ ភាគរយ ខណៈដែលគណបក្ស People’s Liberation Party ជាគណបក្សថ្មីមួយដែលដឹកនាំដោយអតីតប្រធានាធិបតី Taur Matan Ruak ទទួលបានសម្លេងឆ្នោតគាំទ្រប្រហែល៩ ភាគរយនោះ។
ការបោះឆ្នោតដោយសន្តិវិធី គឺជាការបោះឆ្នោតសភាលើកដំបូងរបស់ប្រទេសជាតិមួយនេះ ចាប់តាំងពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិបានចាកចេញនៅឆ្នាំ២០១២ ម្ល៉េះ។ ចំនួនអ្នកចេញទៅបោះឆ្នោតប្រហែលជា៧០ ភាគរយ ដែលមានគណបក្សចំនួន២១ បានធ្វើការប្រកួតប្រជែងគ្នាសម្រាប់អាសនៈចំនួន៦៥។
ការគាំទ្របានថយចុះសម្រាប់គណបក្ស CNRT គឺត្រូវបានគេសន្និដ្ឋានថា ដោយសារតែអ្នកបោះឆ្នោតមិនសប្បាយចិត្តទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងអំពើពុករលួយ ចំពេលដែលមានក្តីកង្វល់ថា ប្រទេសដែលមានប្រជាជនចំនួន១,៣ លាននាក់នេះ គឺពឹងពាក់ទាំងស្រុងលើចំណូលឧស្ម័ន និងប្រេង។
អ្នកបោះឆ្នោតមួយរូប ដែលមានឈ្មោះ Jacinta Mau បានប្រាប់សារព័ត៌មាន AAP ថា «ពួកគេចាំបាច់ត្រូវតែផ្តល់ផ្លូវ អគ្គីសនី ទឹក និងអនាម័យ ដោយសារតែបញ្ហាទាំងនេះ គឺជាភាពចាំបាច់ដែលប្រជាជនកំពុងតែប្រឈមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ»។
អ្នកបោះឆ្នោតមួយរូបទៀត គឺលោក Aleixo da Costa Sarmento បាននិយាយថា រដ្ឋាភិបាល «ត្រូវតែបង្កើតការងារឱ្យបានច្រើនបន្ថែមទៀតសម្រាប់យុវជន ពីព្រោះមានមនុស្សច្រើនណាស់ដែលគ្មានការងារធ្វើ»។
ប្រហែលជា៧៨ ភាគរយនៃថវិការដ្ឋចំនួន១,៣៨ ប៊ីលានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៧ បានមកពីចំណូលឧស្ម័ន និងប្រេង ប៉ុន្តែវិស័យផលិតឧស្ម័នតែមួយមុខគត់របស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងរីងស្ងួតនៅត្រឹមឆ្នាំ២០២០។ អត្រានៃភាពក្រីក្រនៅតែមានកម្រិតខ្ពស់ គឺប្រហែលជា៣០ ភាគរយ ចំពេលដែលភាពគ្មានការងារធ្វើឡើងដល់កម្រិតខ្ពស់ កម្រិតការអប់រំទាប និងផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់ៗទទួលបានត្រឹមតែ១.២៣៩ ដុល្លារអាមេរិកប៉ុណ្ណោះ។
រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្រ្តី Rui Maria de Araujo បានធ្លាក់ទៅក្នុងមូលនិធិទ្រព្យសម្បត្តិរដ្ឋរបស់ប្រទេសទីម័រខាងកើត ដែលជាមូលនិធិប្រេងឥន្ធនៈមានទឹកប្រាក់ចំនួន១៦ ប៊ីលានដុល្លារអាមេរិកដើម្បីគាំទ្រថវិកានេះ គឺចំពេលដែលមានការធ្លាក់ចុះចំណូលប្រេងយ៉ាងគំហុក ដែលបានធ្លាក់ចុះពីចំនួន១ ប៊ីលានដុល្លារនៅឆ្នាំ២០១៥ មកត្រឹមចំនួន៤០០ លានដុល្លារកាលពីឆ្នាំមុន។ នៅឆ្នាំ២០១៦ ឱនភាពថវិការបស់រដ្ឋាភិបាលត្រូវបានគេព្យាករណ៍ថា នឹងឈានដល់២៩ ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ក្រៅពីប្រេង ការនាំចេញទំនិញសំខាន់បំផុតនោះ គឺកាហ្វេ ជាមួយនឹងការនាំចេញប្រចាំឆ្នាំដែលមានទឹកប្រាក់ចំនួន៣០ លានដុល្លារកាលពីឆ្នាំ២០១៦។ វិស័យទេសចរណ៍ក៏មានកម្រិតផងដែរ ដោយត្រូវបានគេប៉ាន់ប្រមាណថា មានភ្ញៀវអន្តរជាតិប្រហែល៦០.០០០ នាក់ក្នុងមួយឆ្នាំ ទោះបីជាចំនួននេះបានកំពុងតែកើនឡើងបន្តិចម្តងៗក៏ដោយ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបនឹងងើបឡើងនៅឆ្នាំក្រោយ ដោយកើនឡើងបានចំនួន៦ ភាគរយ បើប្រៀបធៀបទៅនឹងការព្យាករណ៍ទុក៤ ភាគរយនៅឆ្នាំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលស្ថិតនៅក្រោមសម្ពាធក្នុងការបង្កើតការងារថ្មីៗនៅក្នុងប្រទេសមួយដែលមានអាយុមធ្យម១៩ ឆ្នាំ និង៦០ ភាគរយនៃចំនួនប្រជាជនសរុបរបស់ខ្លួនដែលមានអាយុ២៥ ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសអូស្រ្តាលី និងទីម័រខាងកើតមានជម្លោះពាក់ព័ន្ធគ្នានៅលើកោះមួយដែលមានឈ្មោះថា Greater Sunrise ខណៈដែលវិនិយោគិនវិស័យឧស្ម័នមិនប្រញាប់ប្រញាល់ដើម្បីអភិវឌ្ឍន៍តំបន់ឧស្ម័ននេះ ចំពេលតម្លៃឧស្ម័នធ្លាក់ទាបនាពេលបច្ចុប្បន្ននេះ។ គម្រោងរបស់លោក Gusmao ក៏ត្រូវបានគេរិះគន់ផងដែរ ដោយសារតែផ្តល់ផលប្រយោជន៍តិចតួចពេក។
ក្នុងរបាយការណ៍របស់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ការប៉ាន់ប្រមាណកម្រិតមធ្យមសម្រាប់ប្រទេសទីម័រខាងកើត គឺត្រូវពឹងផ្អែកយ៉ាងខ្លាំងលើពិពិដ្ឋកម្មសេដ្ឋកិច្ច ជាមួយនឹងហានិភ័យមួយចំនួន រាប់បញ្ចូលទាំងការវិនិយោគទុនសាធារណៈដែលនាំមុខគេ នឹងបង្កើតឱ្យទទួលបានមកវិញនូវសេដ្ឋកិច្ចសង្គមសមរម្យ៕
ប្រភព: The Diplomat ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧
No comments:
Post a Comment