Tuesday, June 27, 2017

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន៖​ ការ​លើក​ឡើង​ថាការបោះឆ្នោត​មិនទាន់​មាន​សេរីភាព​ និងយុត្តិធម៌​គ្រប់គ្រាន់​​ព្រោះ​តែ​ផែនការ​ដណ្តើមយកព្រឹទ្ធសភាត្រូវបរាជ័យ

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ថ្លែងថា​ ការលើក​ឡើងថា​ ការបោះ​ឆ្នោត​នៅកម្ពុជា​មិនទាន់មាន​សេរីភាព និង​យុត្តិធម៌​គ្រប់គ្រាន់​នោះ​ ក៏ព្រោះតែ​ផែនការ​ដណ្តើមយក​ព្រឹទ្ធសភា​ត្រូវបរាជ័យ។ លោក​ បានថ្លែង​ដូចនេះ ​នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលសរុប ៧៥១អង្គ/នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលផ្លូវការហើយ គណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយកលទ្ធផលបោះឆ្នោតនេះ ហើយចាត់ទុកថាការបោះ​ឆ្នោតនេះ គឺជាការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែបែរជាបក្សនយោបាយ និងអង្គការរដ្ឋាភិបាលមួយចំនួន ចាត់ទុកថាមិនទាន់សេរីទៅវិញ ការលើកឡើងនេះព្រោះផែនការដណ្តើមយកព្រឹទ្ធសភា ដើម្បីក្លាយទៅជាប្រមុខរដ្ឋស្តីទី ត្រូវបានរលាយផុតទៅហើយ ដូចនេះហើយបានជាគេថា មិនសេរីនោះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា លោកគឺជាមនុស្សដំបូង ដែលស្នើសុំជំនួយបរទេស សម្រាប់ការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ដែលក្នុងនោះមានទាំងការចុះឈ្មោះឡើងវិញផងដែរ។ ចំណែកខាងគណបក្សប្រឆាំង ស្នើសុំតែកែទម្រង់ គ.ជ.ប ប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ បន្ទប់ស្ថានការណ៍បោះឆ្នោត ក្នុងនោះមានអង្គការសង្គមស៊ីវិលមួយចំនួន បានវាយតម្លៃ ចុងក្រោយមួយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅកម្ពុជា មានភាពវិជ្ជមាន និងប្រសើរជាងមុន។ ប៉ុន្ដែទោះជាយ៉ាងណា បន្ទប់ស្ថានការណ៍នៅតែអះអាងថា មានភាពមិនប្រក្រតី ហើយរឹតត្បិតសេរីភាព។ គណបក្សប្រជាជនកម្ពុជា រួមទាំងគណបក្សផ្សេងៗមួយចំនួនទៀត បានប្រកាសទទួលយកនូវលទ្ធផលផ្លូវការ ដែលផ្សព្វផ្សាយដោយគ.ជ.ប។ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានកត់សម្គាល់ថា កិច្ចដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សា៕





No comments:

Post a Comment