Tuesday, June 27, 2017

លោក​ឧបនា​យក​រដ្ឋមន្រ្តី​ប្រចាំកា​រ ប៊ិន​ ឈិន៖​ គ្មាន​ប្រជាជន​កម្ពុជា​ណា​ម្នាក់​អាច​បំភ្លេច​បាននូវសោកនាដកម្ម​ និងការ​កាប់​សម្លាប់​រង្គាលក្នុង​សម័យ​ប៉ុល ​ពត

នៅ​ថ្ងៃទី២៧​ ខែ​មិថុនា​ ឆ្នាំ២០១៧នេះ​ លោក​ឧបនា​យករដ្ឋ​មន្រ្តី​ប្រចាំការ​ ប៊ិន ​ឈិន​ រដ្ឋ​មន្រ្តីស្តី​ទីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី​ និងជាប្រធានក្រុម​ការងាររាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់ការ​រៀប​ចំដំណើរការ​កាត់ក្តី​មេដឹកនាំខ្មែរក្រហម បានថ្លែង​ថា គ្មានប្រជាជនកម្ពុជាណាម្នាក់អាចបំភ្លេចបាននូវសោកនាដកម្ម និងការកាប់សម្លាប់រង្គាលក្នុងសម័យប៉ុល ពត ទេ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់ថា គ្មានប្រជាជនកម្ពុជាណាម្នាក់ អាចបំភ្លេចបាននូវសោកនាដកម្ម និងការកាប់សម្លាប់រង្គាលដែលបានប្រព្រឹត្តឡើង ដោយរបបកម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺនៅចន្លោះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ដែលក្រុមប៉ុល ពតកាន់អំណាចនោះទេ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ក៏បានបញ្ជាក់ថា សូម្បីតែក្មួយៗដែលកើតក្រោយឆ្នាំ១៩៧៩ ដែលមិនបានជួបប្រទះ និងឆ្លងកាត់ដោយផ្ទាល់នូវឧក្រិដ្ឋកម្មទាំងនោះ ក៏ទទួលរងនូវបន្ទុកដ៏ធ្ងន់ធ្ងរនេះដែរ ដោយបានឃើញឪពុកម្តាយ និងសាច់ញាតិប្រុសស្រីរបស់ខ្លួន បន្តរស់នៅជាមួយភាពឈឺចាប់ខ្លោចផ្សានេះនៅឡើយ៕





No comments:

Post a Comment