Tuesday, June 27, 2017

លោកឧបនាយករដ្ឋមន្ត្រី ស ខេង៖ អភិបាលខេត្តកំពង់ចាមថ្មី ត្រូវលុប​បំបាត់​គ្រឿងញៀន​ចោលឲ្យបាន​ ព្រោះបញ្ហា​គ្រឿងញៀន​ គឺជាគ្រោះថ្នាក់​ដល់សង្គម​

នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងពិធីប្រកាសតែងតាំងជាអភិបាលខេត្តកំពង់ចាមថ្មី លោក គួច ចំរើន ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តកំពង់ចាម។ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានប្រាប់ឲ្យលោក គួច ចំរើន ដែលទើបប្រកាសចូលកាន់តំណែងផ្លូវការ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមថ្មី ត្រូវខិតខំប្រឹងប្រែងលុបបំបាត់ នូវបញ្ហាគ្រឿងញៀន ក្នុងខេត្តកំពង់ចាមទាំងមូល។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានថ្លែងថា អភិបាលខេត្តកំពង់ចាមថ្មី ត្រូវប្រឹងប្រែងធ្វើការងារនេះ ឲ្យបានល្អ និងឈានដល់ការលុបបំបាត់ចោលគ្រឿងញៀនឲ្យបាន ព្រោះបញ្ហាគ្រឿងញៀននេះ ធ្វើឲ្យខាតបង់ធនធានមនុស្សយ៉ាងច្រើន ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី និងជាគ្រោះថ្នាក់សង្គមមួយយ៉ាងខ្លាំង។

ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀននេះ នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ក្នុងរយៈពេលជាង៥ខែ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានចំនួន១០៦គីឡូក្រាម កញ្ឆាក្រៀម ១៣គីឡូក្រាម ដើមកញ្ឆាជាង ១៤ម៉ឺនដើម និងឃាត់ខ្លួនជនសង្ស័យចំនួន ៨,១៩៦នាក់ ក្នុងនោះដែរកម្លាំងជំនាញ បានផ្សព្វផ្សាយអប់រំ ដល់មហាជនជាង ៣លាននាក់ទៀតផង។

នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា ជាក់ស្តែង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ គណៈកម្មការបំផ្លាញគ្រឿងញៀន បានដុតកម្ទេចចោលនូវគ្រឿងញៀន១២៦,៣១គីឡូក្រាម មានដូចជា៖ មេតំហ្វេតាមីន ហេរ៉ូអ៊ីន ម៉ាទឹកកក អ៊ិចស្តាស៊ី ជាដើម៕




No comments:

Post a Comment