Tuesday, March 14, 2017

CMAC៖ លុយកម្ពុជាជំពាក់អាមេរិកកើនដល់៦៦២លានដុល្លារហើយ គេបានកើនលុយ កម្ពុជាកើនស្លាប់មនុស្សពិតជាអយុត្តិធម៌ណាស់!

(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ពិតជារងនូវភាពអយុត្តិធម៌ និងឈឺចាប់ខ្លាំងណាស់ ចំពោះបញ្ហាបំណុល ដែលជំពាក់អាមេរិក ដោយបំណុលនេះ អាមេរិក ចេះតែអះអាងថា កើនឡើងជាបន្តបន្ទាប់ ខណៈប្រជាជនកម្ពុជា ស្លាប់ដោយគ្រាប់បែកអាមេរិក ទម្លាក់លើដីខ្មែរ ចេះតែកើនឡើងផងដែរ។
លោក ហេង រតនា បានលើឡើងយ៉ាងដូច្នេះ បន្ទាប់ពីសារព័ត៌មានបរទេសមួយឈ្មោះថា «The Sudney Morning Herald» បានចុះផ្សាយអត្ថបទមួយ ចំណងជើងថា «Fury in Cambodia as US asks to be paid back hundreds of millions in war debts» ដោយលើកឡើងថា បំណុលសង្គ្រាមដែលកម្ពុជា ជំពាក់អាមេរិកនៅសម័យ លន់ នល់ បានកើនឡើងពី២៧៤លានដុល្លារអាមេរិក មកដល់៦៦២លានដុល្លារអាមេរិកទៅហើយ។ អគ្គនាយក CMAC រូបនេះយល់ឃើញថា ការកើនឡើងបំណុលដល់៦៦២លានដុល្លារនេះ គឺជាការប្រាក់ ដែលពេលកន្លងមកអ្នកការទូតអាមេរិក (ឯកអគ្គរដ្ឋទូតអាមេរិក) ព្យាយាមមិនប្រើប្រាស់តួលេខ ដែលច្បាស់លាស់ពេក ដោយបានអះអាងជាលេខមូលថា ៥០០លានដុល្លារ ដែលតាមពិតកើនដល់ ៦៦២លានដុល្លារអាមេរិកទៅហើយ។
លោក ហេង រតនា បានបញ្ជាក់ថា «បំណុលនេះ វាអយុតិ្តធម៌ និងជាការបន្ថែមការឈឺចាប់ សម្រាប់ប្រជាជនកម្ពុជា។… លុយជំពាក់អាមេរិក បានកើនពី២៧៤លាន ដល់៦៦២លានដុល្លារហើយ! គេបានកើនលុយ ចំណែកកម្ពុជាបានកើនស្លាប់មនុស្ស និងបង្កអសុវត្ថិភាព និងភាពភ័យខ្លាច ដល់ភាពសុខសាន្តនៃជីវភាព រស់នៅរបស់ប្រជាជន និងសង្គមជាតិ!»។ លោកយល់ឃើញថា បំណុលដែលអាមេរិកអះអាងថា កម្ពុជាជំពាក់ដ៏ច្រើនលានដុល្លារនេះ គឺជាការបន្ថែមការឈឺចាប់ចំពោះជនរងគ្រោះ និងអ្នកស្លាប់ដោយសារគ្រាប់បែកទម្លាក់ដោយទ័កអាកាសរបស់អាមេរិក ដែលគ្រាប់បែកទាំងនោះ ត្រូវបានប្រទះឃើញនៅលើទឹកដីខ្មែរជារៀងរាល់ថ្ងៃ។លើសពីនេះ វាជារឿងអយុត្តិធម៌បំផុត ចំពោះកម្ពុជា ដែលអាមេរិកយកគ្រាប់បែកទម្លាក់ សម្រាប់ប្រជាជនកម្ពុជាហើយ មកទារលុយថ្លៃគ្រាប់បែកនោះទៀត ពិតជាអយុត្តិធម៌ខ្លាំងណាស់។ តើប្រជាពលរដ្ឋខ្មែរ អាចទទួលយកបានទេ ចំពោះបំណុលនេះ?។
មន្ត្រីដែលកំពុងដឹកនាំក្រុមការងារ ដោះគ្រាប់បែកទម្លាក់ដោយអាមេរិករូបនេះ បញ្ជាក់ទៀតថា ក្រៅតែបង្កក្តីឈឺចាប់ និងភាពយុត្តិធម៌ហើយនោះ បំណុលនេះ បានក្លាយជាចំណាប់ខ្មាំងខាងសេដ្ឋកិច្ច លើប្រទេសកម្ពុជាផងដែរ ដែលវាជាទណ្ឌកម្មជាមួយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង World Bank ជាដើម ដែលមិនអាចផ្តល់ជំនួយដល់កម្ពុជា។ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសបើកសន្និសីទអន្តរជាតិ ថ្នាក់តំបន់អាស៊ី ប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍន៍កុមារតូច ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា នៅខេត្តសៀមរាប-អង្គរ បានថ្លែងរិះគន់ខ្លាំងៗចំ ពោះមហាអំណាចអាមេរិកថា បានយកគ្រាប់បែកមកទម្លាក់ លើក្បាលកម្ពុជាហើយ បែរជាត្រូវមកទារបំណុលពីកម្ពុជាថែមទៀត។
លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អាមេរិកបង្កហេតុលើប្រទេសខ្ញុំ ហើយទារលុយខ្ញុំទៀត។ ខ្ញុំមិនបានទាន់លើកសំណើផ្លូវការ ទៅប្រធានាធិបតីថ្មី របស់អាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឱ្យលុបបំណុលកម្ពុជា។ រឿងយកគ្រាប់បែកទម្លាក់លើក្បាលកម្ពុជា ហើយត្រូវឱ្យកម្ពុជា សងលុយទៀត អានេះវ៉ៃទារលុយ។ មិនដឹងប្រទេសដទៃយ៉ាងម៉េច ចំពោះប្រទេសខ្ញុំវាអីចឹង គេយកគ្រាប់បែកទម្លាក់លើក្បាល យើងហើយ គេប្រាប់ឱ្យយើងសង ដល់យើងមិនទាន់បានសងប្រាប់ IMF (មូលនិធិរូបិយវត្ថុអន្តរជាតិ) កុំឱ្យខ្ចីលុយ។ អើ! មិនឱ្យខ្ចីទេ ខ្ញុំមានសេដ្ឋកិច្ច ៧ភាគរយ អត់មាន IMF ចូលរួមចំណែកទេ។ អត់ IMF ក៏វាមិនងាប់ខ្មែរដែរ»។
អាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕
ប្រភព៖ Fresh News




No comments:

Post a Comment