Tuesday, March 14, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញធ្វើជាអធិបតីភាព នៅក្នុងកិច្ចប្រជុំតុមូលចិនលើកទី៥ នៅខេត្តសៀមរាប

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំតុមូលចិនលើកទី៥ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី ១៣ មិនា ២០១៧។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នៅក្នុងឋានៈជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍ តិចតួច (LDCs) ប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការ WTO ក្រោមប្រធានបទ«ការអនុវត្តល្អបំផុតស្តីពីការចូលជាសមាជិករបស់ប្រទេសអភិវឌ្ឍតិចតួច» ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗជូនក្រុមប្រទេស LDCs ដ៏ទៃទៀត ដែលបានស្នើសុំចូលជាសមាជិក WTO ឱ្យទទួលបានជោគជ័យដូចប្រទេសកម្ពុជា និងបណ្តាប្រទេសអភិវឌ្ឍ តិចតួចចំនួន៨ផ្សេងទៀត។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងទៀតថា កិច្ចប្រជុំតុមូលចិននេះត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរៀបចំដោយលេខាធិការដ្ឋានអង្គការពាណិជ្ជកម្មពិភពលោក សហការជាមួយនឹងប្រទេសកម្ពុជាដើម្បីជួយពង្រឹងសមត្ថភាពប្រទេស LDCs ដែលបានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដោយអនុលោមតាមមាត្រា ១២នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយកំពុងរង់ចាំការអនុម័តពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី ១០ ដល់ ១៤ ធ្នូ ២០១៧ ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងទៀតថា សម្រាប់កិច្ចប្រជុំតុមូលចិនឆ្នាំ២០១៧នេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា, គណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសចិន និងបណ្តាប្រទេសអភិវឌ្ឍតិចតួចច្រើនជាង២០ប្រទេស ហើយនឹងលើកយកប្រធានបទសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងបទពិសោធន៍នៃការត្រៀមខ្លួនចូលជាសមាជិក និងក្រោយពេលក្លាយជាសមាជិក WTO ដូចជា៖ លក្ខខណ្ឌតម្រូវ, បញ្ហាប្រឈម និងកាលានុវត្តភាព ព្រមទាំងកាតព្វកិច្ចដែលត្រូវបំពេញចំពោះមុខ។
គួររម្លឹកថា កម្ពុជាបានក្លាយជាប្រធាននៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ជាផ្លូវការ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រាប់អណត្តិដែលមានរយៈពេល ១ឆ្នាំ គិតចាប់ពីពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ពាក់កណ្តាលខែកុម្ភៈឆ្នាំ២០១៨។ ក្រុមនេះមានសមាជិកចំនួន ៣៦ និងប្រទេសសង្កេតការណ៍ចំនួន៨ ហើយពិធីផ្ទេរតំណែង បានធ្វើឡើងនៅអង្គការពាណិជ្ជកម្មពិភពលោកប្រទេសស្វីស៕



No comments:

Post a Comment