Tuesday, March 14, 2017

រដ្ឋបាលខណ្ឌឫស្សីកែវ បានអំពាវនាវឱ្យចូលរួមឧបត្ថម្ភដល់ កងទ័ពការពារព្រំដែនខេត្តព្រះវិហារ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានអំពាវនាវដល់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការ ក្នុងខណ្ឌឫស្សីកែវ ឱ្យចូលរួមឧបត្ថម្ភដល់កងទ័ពការពារព្រំដែនខេត្តព្រះវិហារ ដែលនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ រដ្ឋបាលខណ្ឌឫស្សីកែវ និងដឹកនាំប្រតិភូនាំយកអំណោយទៅឧបត្ថម្ភ និងសួរសុខទុក្ខគ្រួសារកងទ័ព ព្រមទាំងកងទ័ពវរៈសេនាតូចលេខ៣៩១ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលមានទីតាំងឈរជើង នៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ មានចំនួន១៣១គ្រួសារ និងកងទ័ព ចំនួន១៥២នាក់ ដែលជាអង្គភាពសម្ព័ន្ធ មេត្រីភាពជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ ។
ការចុះសាកសួរសុខទុក្ខនេះ ដើម្បីជាការលើកទឹកចិត្តដល់គ្រួសារកងទ័ព ក៏ដូចជាកងទ័ពដ៏អង់អាចក្លាហាន របស់យើង ដែលបាននិងកំពុងឈរជើងការពារព្រំដែននៅសមរភូមិមុខ និងដើម្បីរួមចំណែកក្នុងស្មារតី ស្នេហាជាតិតាមពាក្យស្លោកពោលថា «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។
ជាមួយគ្នានោះ រដ្ឋបាលខណ្ឌឫស្សីកែវ សូមអំពាវនាវដល់ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងអស់លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់ សូមមេត្តាចូលរួមជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ ឬជាថវិកាក្ដីតាមលទ្ធភាពជាក់ស្ដែង ដល់រដ្ឋបាលខណ្ឌឫស្សីកែវ រៀងរាល់ម៉ោងធ្វើការ ឱ្យបានមុនថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ ឬទំនាក់ទំនងតាមទូរសព្ទលេខ០១២ ៥៣៩ ០៣៩ /០៧៧ ៩០៨ ៩០៩ /និង០៧៧ ៥៧១ ០១០។

រដ្ឋបាលខណ្ឌឫស្សីកែវ សង្ឃឹមជឿជាក់ថា លោក លោកស្រី ជាពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងអស់លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់ ពិតជាចូលរួមចំណែកតាមការអំពាវនាវ ខាងលើជាក់ជាមិនខាន៕




No comments:

Post a Comment