Tuesday, March 14, 2017

អគ្គនាយកអាជ្ញាធរជាតិអប្សរា ចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំស្ថាប័នមួយចំនួនរបស់ជប៉ុនដែលបានជួយលើការងារអភិរក្សនៅតំបន់អង្គរ

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនលោក បណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានដឹកនាំមន្ត្រីបច្ចេកទេសមួយចំនួន ដើម្បីចូលជួបសម្ដែងការគួរសមដល់ថ្នាក់ដឹកនាំស្ថាប័នមួយចំនួនដែលតែងតែផ្ដល់ការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងសំខាន់ដល់កិច្ចការអភិរក្សប្រាសាទនៅតំបន់អង្គរ។

ស្ថាប័នដែលលោកនាយក និងក្រុមការងាររួមជាមួយលោកសាស្ត្រាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា បានចូលជួបពិភាក្សា និងសម្ដែងការគួរសមជាបន្តបន្ទាប់នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះរួមមាន៖ ១-ជួបជាមួយលោក Toshiaki koso ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ សូហ្វីយ៉ា នៅសាកលវិទ្យាល័យ សូហ្វីយ៉ា ក្រុងតូក្យូប្រទេសជប៉ុន ២-ជួបពិភាក្សាជាមួយលោក YAMAZAKI Hide Yasu អគ្គនាយកបេតិកភណ្ឌវប្បធម៌ រដ្ឋាភិបាលជប៉ុន ៣-ជួបពិភាក្សា និងសម្ដែងការគួរសមជាមួយលោកស្រី Hiroko Tsuka អនុប្រធានស្ថាប័ន Japan Foundation ៤-ជួបជាមួយលោក Makita Shinokawa អគ្គនាយកទទួលបន្ទុកកិច្ចការវប្បធម៌ នៃក្រសួងការបរទេសជប៉ុន។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំស្ថាប័នសំខាន់ទាំងនោះ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះការជួយយកចិត្តទុកដាក់លើកិច្ចការអភិរក្សជួសជុល ក៏ដូចជាការស្រាវជ្រាវក្នុងតំបន់អង្គរនារយៈកាលកន្លងមក។ លោកមក៏មិនភ្លេចថ្លែងអំណរគុណចំពោះរដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលតែងតែជួយកម្ពុជាគ្រប់កាលៈទេសៈទោះក្នុងស្ថានភាពណាក៏ដោយ។
ថ្នាក់ដឹកនាំនៃស្ថាប័នជប៉ុនដែលអគ្គនាយកបានជួបពិភាក្សា និងសម្ដែងការគួរសមជាបន្តបន្ទាប់នោះ សុទ្ធតែបានអរគុណ និងសន្យាជួយដល់កម្ពុជាជាបន្តទៀតជាពិសេស ផ្ដោតលើកិច្ចការបណ្ដុះបណ្ដាលធនធានមនុស្សការស្រាវជ្រាវ ជួសជុលប្រាង្គប្រាសាទ ក៏ដូចជាការផ្ដល់នូវមធ្យោបាយផ្សេងៗទៀតសម្រាប់បម្រើដល់កិច្ចការអភិរក្សជាដើម៕







No comments:

Post a Comment