Tuesday, March 14, 2017

ហ្វេសប៊ុក ចៅចាក់ស្មុក៖ គ្រាប់ពូជជេរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុក ចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ មួយក្រោមចំណងជើងថា «គ្រាប់ពូជជេរ» ដែលបានបកស្រាយជូនសាធារណជនឱ្យបានយល់ការពិត យល់ច្បាស់ពីទង្វើ និងសកម្មភាពរបស់គណបក្សសង្រ្គោះជាតិ ដែលចេះតែជេរប្រមាថ គេគ្រប់រូបភាព ដែលមានខ្លឹមសារដូចខាងក្រោម៖
«ពួកលក់ក្បាលឱ្យគណបក្សប្រជាជនកម្ពុជា, ពួកក្បាលយួន, ពួកនេះ ទុកក៏មិនចំណេញ ដកចេញក៏មិនខាត, ក្រុមថោកនៅតែថោក, ពួកក្បត់ជាតិ…»។ ទាំងអស់នេះគឺជាពាក្យជេរប្រមាថប្រទេចផ្តាសារបស់ក្រុមសកម្មជន និងអ្នកគាំទ្របន្ទាយព្រះអាទិត្យចំពោះអតីតសហការីរបស់ខ្លួនដែលអស់ចិត្តអស់ជំនឿលើមេទ័ពព្រះអាទិត្យហើយបានចាកចេញពីបន្ទាយដ៏ក្តៅក្រហាយនេះ និងមកចូលរួមជីវភាពនយោបាយក្រោមផ្ទះទេវតា ដ៏ត្រជាក់ត្រជុំនិងរីកចម្រើនគួរជាទីមោទនៈ។
តម្លៃសកម្មជនដែលបានចាកចេញបានធ្លាក់ពី «វីរៈបុរស អ្នកស្នេហាជាតិ អ្នកជាតិនិយម» ទៅជា «ក្រុមក្បត់ជាតិ ពួកលក់ខ្លួន ឬពួកក្បត់បក្ស» ជាដើម។ តើនេះ ឬជាតម្លៃនៃគោលនយោបាយរបស់បន្ទាយព្រះអាទិត្យដែលអះអាងថា «មិនយកខ្មែរណាម្នាក់ធ្វើជាសត្រូវ»នោះ? មាត់ដែលនិយាយចេញមកល្អណាស់គឺជាទេវតា ប៉ុន្តែទង្វើដែលធ្វើនេះ គឺបង្កប់ដោយគំនិតអាក្រក់ពិសពុល និងប្រកាន់ពូជសាសន៍ និងបង្កើតភាពស្អប់ខ្ពើមក្នុងសង្គមខ្មែរ។
ហេតុអ្វីបានជាក្រុមសកម្មជន និងអ្នកគាំទ្របន្ទាយព្រះអាទិត្យពូកែជេរប្រមាថ និងលាបពណ៌ជនជាតិឯងម៉្លេះ? ដោយមិននិយាយពីគ្រាប់ពូជជេរដែលបង្កើតឡើងដោយ LDP ការជរប្រមាថ មាក់ងាយមនុស្សរបស់បន្ទាយព្រះអាទិត្យ គឺជាគ្រាប់ពូជដែលបន្ទាយនេះបានសាបព្រួសតាំងពីការកកើតបក្សមកជាមួយកម្មវិធីនយោបាយរបស់ខ្លួនដោយសុន្ទរកថាស្អប់ផ្សេងៗ ដូចជាបង្កាត់ភ្លើងកំហឹងជាតិសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម បង្កើតឱ្យមានកំហឹងវណ្ណៈក្នុងសង្គមខ្មែររវាងអ្នកមាន និងអ្នកក្រ រវាងរាស្ត្រ និងមន្ត្រីជាដើម និងការប្រើវោហាសាស្ត្រជេរបញ្ចោររបស់មេបន្ទាយនេះតរៀងមក។
ឥឡូវនេះគ្រាប់ពូជដែលបន្ទាយព្រះអាទិត្យបានបណ្តុះមកគឺជាធនធានមនុស្សដែល ពូកែជេរ និងគ្មានហេតុផល គឺ ជួបជេរ ប៉ះជេរ ឃើញជេរ។ ក្រុមបន្ទាយព្រះអាទិត្យត្រូវដឹងថា បន្ទាយខ្លួនបានចោទក្រុម LDP របស់លោក ខឹម វាសនា ថា ពូកែជេរ និងមានគោលនយោបាយជេរ ប៉ុន្តែបន្ទាយខ្លួនឯងវិញមើលមិនឃើញ តាមពិតបន្ទាយព្រះអាទិត្យនេះ សម្បូរដោយអ្នកជេរដូចគ្នា។ ទោះជាពួកគេពូកែជេរ ប៉ុន្តែអ្វីដែលសំខាន់គួរដឹងខុសត្រូវថា ដោយសារតែក្នុងបន្ទាយរបស់ខ្លួនមានបញ្ហាក្តៅក្រហល់ក្រហាយ រួមនឹងការអស់ជំនឿជាមួយនឹងកម្មវិធីនយោបាយបោកប្រាស់ ទើបអ្នកដែលធ្លាប់តែគាំទ្រខ្លួន សម្រេចចិត្តចាកចេញ និងស្វែងរកកន្លែងដែលផ្តល់សេចក្តីសុខ ភាពថ្លៃថ្នូរដល់ខ្លួន និងដល់គ្រួសារ និងសង្គមជាតិទាំងមូល។ ពួកគេ គួរតែចេះគោរពមនុស្សដូចគ្នា គោរពសិទ្ធិ និងសេរីភាពនៃការមាននិន្នាការនយោបាយ ចូលក្នុងគណបក្សនយោបាយណាមួយរបស់បុគ្គលម្នាក់ៗ។ ហេតុអ្វីបានជាត្រូវជេរគេ ចោទគេ និងប្រមាថគេ នៅរាល់ពេលដែលគេចាកចេញពីក្រុមរបស់ខ្លួន ឬមួយនេះគឺជាវប្បធម៌របស់បន្ទាយព្រះអាទិត្យ?
ចៅចាក់ស្មុក យល់ថាបងប្អូនដែលទទួលរងនូវការជេរប្រមាថពីសំណាក់ក្រុមបន្ទាយព្រះអាទិត្យ គួរខាំមាត់សង្កត់ចិត្ត និងសូមរីករាយចំពោះការសម្រេចចិត្តត្រូវរបស់ខ្លួនដែលបានចាកចេញពីបន្ទាយជេរ បន្ទាយគ្មានហេតុផល មករកបន្ទាយហេតុផល និងរាប់អានគ្នាដោយសេចក្តីថ្លៃថ្នូរ ក្នុងនាមជាភាតរភាពជាបងប្អូនដើម្បីរួមគ្នាកសាងជាតិ៕





No comments:

Post a Comment