អ្នកទេសចរណ៍បរទេសនៅលើពិភពលោកប្រមាណ៧៥ប្រទេសបានមកចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី២០នៅអង្គរវត្តខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថាជួយបង្ហាញ ពិភពលោកបានស្វែងយល់ពីកម្ពុជាកាន់តែច្បាស់ថែមទៀត អំពី សន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនរបស់កម្ពុជា។
ថ្លែងក្នុងពិធីពិសាអាហារពេលរាត្រី នៅទីលានខាងជើងប្រាសាទបាយន្តខេត្តសៀមរាប លោកស្រីយូកូ អារិមូរិ ( yuko Arimori) ប្រធានអង្គការបេះដូងមាស មានប្រសាសន៍ទៅកាន់អ្នកគាំទ្រដោយបានសំដែងការ អបអរសាទ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុននៅអង្គរពេលនេះ ជាមួយនឹងជំនឿថា មហា ព្រឹត្តិការអន្តរជាតិនេះ ជាផ្នែកមួយដ៍មានសារៈសំខាន់ក្នុងការផ្សព្វផ្សាយដល់ពិភពលោកឲ្យបានយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីកម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយពោពេញទៅដោយសម្បត្តិវប្បធម៌ដ៏ថ្កើនថ្កាននិងល្បីល្បាញនៅលើសកលលោក។
លោកស្រីមានប្រសាសន៍ថាការប្រារព្វទិវារត់ប្រណាំងម៉ារ៉ាតុននេះ គឺបានជួយ ផ្សាព្វផ្សាយអំពីសន្តិសុខ និងសន្តិភាព នៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោកថាសព្វថ្ងៃប្រទេសកម្ពុជា គឺកំពុងរក្សាបាននូវ សន្តិភាពដ៏ពេញលេញក្នុងការបង្ករបរិយាកាសយ៉ាងសប្បាយរីករាយ មិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ គឺទាំងអ្នកទេសចរអន្តរជាតិ ក៏បានមកសប្បាយរីករាយនៅកម្ពុជាផងដែរ តាមរយៈដំណើរទេសចរណ៍កំសាន្ត ដោយគ្មានការព្រួយបារម្មណ៍និងភិតភ័យអំពីបញ្ហាសន្តិសុខនិងសុវត្ថិភាព ផ្ទាល់ខ្លួនឡើយ។
លោកស្រីសូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងទាំងឡាយ ពីអ្នកគាំទ្រនិងអ្នករៀបចំ ទាំងអស់ដែលបានធ្វើឲ្យសម្រេចនូវស្នាដៃជាបន្តបន្ទាប់ចាប់តាំងពីទិវារត់ប្រណាំងម៉ារ៉ាតុនចាប់ផ្តើមជាលើកដំបូងដែលមានអត្តពលិកត្រឹមតែ៦០០នាក់ មកដល់ពេលនេះមានការកើនឡើងរហូតដល់ជាង៨ពាន់នាក់ នេះគឺជាលទ្ធផលជោគជ័យយ៉ាងធំធេងដែលយើងទាំងអស់គ្នាសម្រេចបាន។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រីក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅកាន់ជនរួមជាតិ ជាពិសេសអ្នកទេសចរណ៍បរទេសទាំង អស់ដែលបានអញ្ជើញមកពីបណ្តាប្រទេសនានាទូទាំងពិភពលោកដើម្បីមកចូលរួមគាំទ្រទិវារត់ប្រណាំងម៉ារ៉ាតុនលើកទី២០នៅអង្គរនាពេលនេះ ដែលជាកម្លាំងចិត្តដ៍ធំមួយជំរុញឲ្យព្រឹត្តិការណ៍អន្តរជាតិមួយនេះប្រព្រឹត្តិទៅក្នុងភាពអធិកអធម្មយ៉ាងខ្ហាំង ដែលបានបង្កើនបរិយាការទេសចរណ៍ដ៍សប្បាយរីករាយនៅលើទឹកដីអង្គរនៃមាតុភូមិកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ការ ប្រារព្វទិវារត់ពាក់កណ្តាលម់ារ់ាតុននៅពីមុខអង្គរនេះ គឺស្របពេលដែលកម្ពុជាកំពុងតែបោះជំហានរីកចំរើនទៅមុខលើគ្រប់វិស័យជាមួយនិងការរក្សាបាននូវសុខសន្តិភាពដ៏បរិបូរ ក្នុងការរបង្កើនបាន ជំនឿទុកចិត្តកាន់តែខ្ពស់ថែមទៀតពីប្រជាជាតិលើពិភពលោកមកលើ កម្ពុជា ជាពិសេសអ្នកទេសចរណ៍ និងអ្នកវិនិយោគបរទេស ដែលមានបំណងមកទស្សនា និងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ឯកឧត្តមមានប្រសាសន៍ថាព្រឹត្តិការណ៍នេះ អ្នកដែលបានមកចូលរួមនឹងបានទស្សនាតំបន់ប្រាសាទអង្គរ ដោយបានស្វែងយល់អំពីប្រវត្តិសាស្ត្រដ៍រុងរឿងរបស់កម្ពុជាពីអតីតកាលតាមរយៈសម្បត្តិវប្បធម៌ដ៍ល្បីល្បាញជាច្រើន ជាពិសេសគឺអង្គរដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់កម្ពុជាដែលកំពុងទទួលបានការទាក់ទាញយ៉ាងខ្លាំងដល់ភ្ញៀវទេសចរណ៍អន្តរជាតិនៅលើពិភពលោកឲ្យមកទស្សនាប្រទេសកម្ពុជា ដែលមានការកើនឡើងជានិច្ចជារៀងរាល់ឆ្នាំ។
សូមបញ្ចាក់ថាកម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលមានប្រាង្គ ប្រាសាទបុរាណជាង ១,០០០កន្លែង មានអាយុកាលរាប់ពាន់ឆ្នាំស័ក្តិសមនឹងកិត្តិនាម ថា«ព្រះរាជាណាចក្រអច្ឆរិយៈ» និងជា «ព្រះរាជាណាចក្រនៃវប្បធម៌»។
សម្រាប់ឆ្នាំ២០១៥នេះជាឆ្នាំលើកទី២០ ហើយ ដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា សហការជាមួយ អង្គការក្រៅរដ្ឋាភិបាលនានា រៀបចំទិវារត់ប្រណាំអង្តរជាតិដ៏ធំនេះឡើងគឺ មិនត្រឹមតែ មានគោលបំណងធ្វើការផ្សព្វផ្សាយអំពីសន្តិភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែ ក៍មាន គោលដៅចម្បងផ្សេងទៀងផងដែរ ក្នុងការប្រមូលថវិការ ដែលទទួលបានពីការចុះឈ្មោះចូល រួម រត់ប្រណាំងនេះ យក ទៅបំរើឲ្យវិស័យមនុស្សធម៌ដូចជា ជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា ជួយដល់ជនរងគ្រោះដោយសារគ្រាប់មីន និង កុមារក្រីក្រ នៅក្នុង ប្រទេសកម្ពុជា ។
អ្នកទេសចរណ៍ទាំងជនបរទេសនិងកម្ពុជាដែលបានមកចុះឈ្មោះរត់ប្រណាំងឆ្នាំនេះ មានចំនួនសរុប ៨.៤៩៣ នាក់ គឺកើនជាងឆ្នាំ២០១៤ប្រមាណ២០% ក្នុងនោះមានអ្នកទេសចរបរទេសជាង៤ពាន់នាក់។ ចំពោះការរត់ម៉ារ៉ាតុននេះ ចែកជា៣វិញ្ញាសារ មានរត់ចំងាយ២១គីឡូម៉ែត្រមានអត្តពលិកចំនួន៣.២០៨នាក់និង ជនពិការជិះរទេះរុញ ប្រមាណ២០នាក់ , រត់ចំងាយ១០ គីឡូម៉ែត្រចំនួន២៩៩១ នាក់ និងរត់ចំងាយ៣គីឡូម៉ែត្រ ជាលក្ខណៈកំសាន្តសម្រាប់គ្រួសារ មានអ្នកចូលរួមចំនួន២.២៩៤នាក់ផងដែរ៕





No comments:
Post a Comment