យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីលទ្ធផល នៃសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ក្នុង៤៦សំឡែង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ក្រោមអធីបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ រួមមាន០៥ជំពូក ចែកជា ១៦មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ ដែលព្រះរាជាណាចក្រ កម្ពុជា ស្ថិតនៅក្នុងសន្តិភាព ឯកភាពទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច ដោយធានាបាននូវកំណើនសេដ្ឋកិច្ច៧%។ សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៦នេះ ត្រូវបានរៀបចំឡើងក្នុងឆ្នាំដែលឋិតនៅពាក់កណ្តាលអាណត្តិនៃរាជរដ្ឋាភិបាល ដែលដើរតួនាទី យ៉ាងខ្លាំង ដើម្បីសម្រេចបានតាមការប្តេជ្ញា និងការសន្យាកន្លងមក ដោយបង្ហាញពីលទ្ធផល ដែលបានសម្រេចបាន។ ម៉្យាងវិញទៀតជាឆ្នាំដែលកម្ពុជា ឆ្លងផុតពីប្រទេសដែលមានចំណូល កម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នាំឲ្យការកាត់បន្ថយភាពក្រីក្រ នៅសល់ ១៣,៥% នៅចុងឆ្នាំ២០១៤។ ជាមួយគ្នានេះដែរ ដោយសារឆ្នាំ២០១៦ ក៏ជាឆ្នាំទីមួយ នៃការចាប់ផ្តើមរបស់សហគមន៍អាស៊ាន ហើយកម្ពុជាក៏មានភាពចាំបាច់ត្រូវរៀបចំខ្លួនឲ្យបានល្អ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង ដែលទាមទារឲ្យមានការប្រឡងប្រណាំងទាំងសេដ្ឋកិច្ច និងធនធានមនុស្សផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦នេះ គឺពិតជាដើរតួនាទី ជាឧបករណ៍ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ជាពិសេស ការខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃការកៀរគរចំណូលគ្រប់ប្រភេទ ប្រកបដោយ មហិច្ឆតា តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ និងមុតស្រួច ទាំងវិធានការរដ្ឋបាល និងវិធានការ គោលនយោបាយ ដែលមានចែងក្នុងយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ សំដៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមទៀត ដើម្បីធានាបាននូវដំណើរ ផ្លាស់ប្តូរមួយ ឆ្ពោះទៅរកការអភវិឌ្ឍប្រកបដោយគុណភាព និងចីរភាព ដោយផ្សារភ្ជាប់ ការគិតគូរអំពីតុល្យភាពនៃកំណើនសេដ្ឋកិច្ច និងការបែងចែកផលនៃកំណើននេះ ទៅនឹងជីវភាព រស់នៅប្រចាំថ្ងៃ និងបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងឆ្លើយតបទៅនឹងបរិការណ៍ថ្មី របស់កម្ពុជា និងនិន្នាការពិភពលោក និងតំបន់ ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយ សុខសន្តិភាពយូរអង្វែង វិបុលភាព និងយុត្តិធម៌សង្គម៕






No comments:
Post a Comment