សភានៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ សភាតំបន់អាស៊ី (អេភីអេ)
លើកទី៨ នាសប្តាហ៍ក្រោយនេះ។ តើអ្វីទៅជាសភាតំបន់អាស៊ីនេះ?
សភាតំបន់អាស៊ី ដែលហៅកាត់ថា APA មានឈ្មោះពេញថា
“Asian Parliamentary Assembly” ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦
ដោយបានប្តូរមកពី សមាគមសភាអាស៊ី ដើម្បីសន្តិភាព ហៅកាត់ថា AAPP។ សភាប្រទេសកម្ពុជា
ជាសមាជិកស្ថាបនិកAAPP ដែលបានប្រសូត្រ ឡើងនៅឆ្នាំ១៩៩៩។ AAPP ជាស្ថាប័នមួយ ដែលបានប្រមូលផ្តុំសំឡេង អ្នកតំណាងប្រជាពលរដ្ឋ នៅក្នុងតំបន់អាស៊ី
ឲ្យរួបរួមគ្នាជាធ្លុងតែមួយ ក្នុងគោលដៅស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ប្រជាជាតិទំាងឡាយនៅក្នុងតំបន់អាស៊ីនេះ ឲ្យក្លាយជាមហាគ្រួសារតែមួយ
ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍស្មើៗគ្នាដោយចីរភាព។
បន្តបេសកកម្មពីសមាគមសភាអាស៊ីដើម្បីសន្តិភាព(AAPP), សភាតំបន់អាស៊ី(APA) បានពង្រីកទំាងទំហំ និងភារកិច្ចរបស់ខ្លួនជាលំដាប់ ដែលរហូតដល់ពេលនេះ សភាតំបន់អាស៊ី មានសមាជិកចំនួន៤២ប្រទេស
មានអ្នកសង្កេតការណ៍ចំនួន១៦ប្រទេស និងអង្គការជាដៃគូចំនួន១០។
ឈរលើគោលបំណងនៃការជំរុញនូវសុខសន្តិភាព និងសមាហរណកម្មសម្រាប់ប្រជាជាតិនៅក្នុង
តំបន់អាស៊ីAPA បានកំណត់ឲ្យមានជំនួបកំពូលជាមហាសន្និបាតនៃថ្នាក់ដឹកនាំសភានៃបណ្តាប្រទេស ដែលជាសមាជិក និងកិច្ចប្រជុំ គណៈកម្មាធិការនានា
ជាទៀងទាត់ប្រចំាឆ្នំា ដើម្បីប្រមូលនូវឆន្ទះរួម ដំណោះស្រាយរួម យុទ្ធសាស្រ្តរួម
ដាក់ជូនដល់អ្នកអនុវត្តច្បាប់ គឺរដ្ឋាភិបាលនៃប្រទេសនីមួយៗ នៃរដ្ឋជាសមាជិកAPA ដើម្បីធានាឲ្យបាននូវសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។
ក្នុងរយៈពេល១៦ឆ្នាំ ដែលកម្ពុជាបានចូលរួមជាស្ថាបនិក សមាគមសភាអាស៊ីដើម្បីសន្តិភាពមក
សភាកម្ពុជាធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសភាតំបន់អាស៊ី
បានជាច្រើនលើកមកហើយ ក្នុងនោះបានទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី២ របស់សមាគមសភាអាស៊ីដើម្បីសន្តិភាព
នៅក្នុងឆ្នាំ២០០១ ដើម្បីជំរុញដំណើរការសមាហរណកម្មសភាតំបន់អាស៊ី និងកិច្ចប្រជុំអនុ
គណៈកម្មាធិការស្តីពី “ការកាត់បន្ថយភាពក្រីក្រក្នុងតំបន់អាស៊ី” នៅឆ្នាំ២០០៩។
រហូតមកដល់ពេលនេះ សភាតំបន់អាស៊ីបានរៀបចំមហាសន្និបាតចំនួន៧លើក ព្រមទំាងរៀបចំ
កិច្ចប្រជុំគណៈកម្មការជាច្រើនលើក។ ក្រៅពីព្រះរាជាណាចក្រកម្ពុជា
ប្រទេសជាសមាជិកផ្សេងទៀត រួមមានសាធារណរដ្ឋអ៊ីស្លាមអ៊ឺរ៉ង ឥណ្ឌូនេស៊ី ស៊ីរី
និងប្រទេសប៉ាគីស្ថានសុទ្ធតែធ្លាប់បាន ទទួលរៀបចំមហាសន្និបាតប្រចំាឆ្នាំរបស់ APA ។
ប្រធានបទសំខាន់ៗ ត្រូវបានលើកយកមកពិភាក្សានៅក្នុងជំនួបប្រចំាឆ្នាំទំាងនោះ។
“សាមគ្គីភាព ក្នុងតំបន់អាស៊ីដើម្បីសន្តិភាព និងយុត្តិធម៌” ជាប្រធានបទនៃមហាសន្និបាតលើកទី១
របស់អេភីអ ដែលបានប្រារព្ធធ្វើនៅប្រទេសអ៊ីរ៉ង់
ក្នុងឆ្នាំ២០០៦។ “តួនាទីសភាតំបន់អាស៊ី ក្នុងការពង្រឹងលទ្ធិ ប្រជាធិបតេយ្យ
ឆ្ពោះទៅរកវិបុលភាព សន្តិភាព និងយុត្តិធម៌ នៅក្នុងតំបន់ “ជាប្រធានបទ នៃមហាសន្និបាតលើកទី៤
ដែលប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ នៅឆ្នាំ២០០៩។ ចំណែក នៅឆ្នាំ២០១៤ កន្លងទៅនេះ
មហាសន្និបាតលើកទី៧ របស់ APA ដែលប្រទេសប៉ាគីស្ថានទទួល ធ្វើជាម្ចាស់ផ្ទះ
បានពិភាក្សាលើប្រធានបទ ”កិច្ចស្វះស្វែងរួមគ្នាដើម្បីសម្រេចបាននូវសភាអាស៊ី
ក្នុងសតវត្សអាស៊ី”។ ជាមួយគ្នានេះដែរ សមាជិកសភាដែលជាសមាជិកAPA បានឯកភាពគ្នា ធ្វើការសិក្សាដើម្បីរកមធ្យោបាយមួយ ធ្វើជាផែនទីបង្ហាញផ្លូវក្នុងការប្រែក្លាយពី
APA ទៅជា AP(សភាអាស៊ី) នៅពេលអនាគត។
ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែធ្នូ នេះ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ
សភាតំបន់អាស៊ី លើកទី៨ នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ ដោយមានប្រធាន
ឬថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋសភា ព្រឹទ្ធសភា បណ្តាប្រទេសជាសមាជិកអេភីអេ
យ៉ាងតិចំនួន២៣ ប្រទេសចូលរួម ជាមួយនឹងវត្តមានគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍
អង្គការដៃគូ របស់អេភីអេ ជាច្រើនទៀត។
ហេតុអ្វីបានជាមហាសន្និបាតលើកទី៨ ជ្រើសរើសប្រធានបទ
“ការជំរុញសន្តិភាព ការផ្សះផ្សា និងការសន្ទនាក្នុងតំបន់អាស៊ី”?
“ការជំរុញសន្តិភាព ការផ្សះផ្សា និងការសន្ទនាក្នុងតំបន់អាស៊ី”?
“ការជំរុញសន្តិភាព ការផ្សះផ្សា និងការសន្ទនាក្នុងតំបន់អាស៊ី”
អាចថាជាប្រធានបទមួយ មានលក្ខណៈសមស្របទៅនឹងភាពជាក់ស្តែងរបស់តំបន់និងពិភពលោក។ ប៉ុន្តែវាក៏មិនមែនជាការចៃដន្យពេកនោះទេ
ដែលប្រធានបទនេះ ត្រូវលើកយកមកជជែកលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ យើងជឿជាក់ថា
រាល់ទំនាស់សុទ្ធតែអាចដោះស្រាយបានតាមកិច្ច សន្ទនាគ្នា ប្រសិនបើរាល់គ្នាប្តេជ្ញាចិត្ត
បែរខ្នងដាក់ការប្រើអំពើហឹង្សា ហើយវិលមករកការ ដោះស្រាយតាមកិច្ចសន្ទនាវិញ។
វប្បធម៌សន្ទនា
ជាកេរដំណែល ដែលបន្សល់ពីអតីតព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានប្រើប្រាស់ ការសន្ទនាជាមួយ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីផ្សះផ្សា បញ្ចប់ជម្លោះខ្មែរគ្រប់ភាគី
រហូតបង្កើតបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
នៅក្នុងការដឹកនាំប្រទេសតាមគោលការណ៍លិទ្ធិប្រជាធិតេយ្យសេរីពហុបក្ស
វប្បធម៌សន្ទនា បានបន្តអនុវត្តនៅ កម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន។ ពិសេសនៅក្នុងនីតិកាលទី៥
នៃរដ្ឋសភានេះ វប្បធម៌សន្ទនាត្រូវបានពង្រឹង និងអនុវត្ត រវាងគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា
ដើម្បីដោះស្រាយបញ្ហាជាតិសំខាន់ៗ។
បទពិសោធន៍ជាក់ស្តែងដ៏ល្អ
ពីការអនុវត្តវប្បធម៌សន្ទនានេះ គេរំពឹងថាកម្ពុជានឹងចែករំលែក ដល់បណ្តាប្រទេសជាមិត្តទំាងឡាយ
នៅក្នុងមហាសន្និបាតលើកទី៨ នៃសភាតំបន់អាស៊ីនេះ៕
ចំណាំ
រូបថតដែលយើងខ្ញុំភ្ជាប់មកជួយនេះ
មួយ រូបសញ្ញាឡូហ្គោ អេភីអេ ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះ និងមួយទៀត
ជាកិច្ចប្រជុំគណៈកម្មការរៀបចំមហាសន្និបាតអេភីអេ នាពេលកន្លងមក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត
ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈកម្មការ រៀបចំមហាសន្និបាតអេភីអេ
។


No comments:
Post a Comment