ឯកឧត្តមហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ បានហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថាជា
អ្នកនយោបាយ ដែលគ្មានសីលធម៌ និងប្រើសម្តីមិនថ្លៃថ្នូរ។ ការហៅដូចនេះ ឆ្លើយតបទៅនឹងសម្តីលោក
សម រង្ស៊ី ដែលបានចោទប្រកាន់រូបលោកថា ជាមេគុកបឹងត្របែក ធ្វើបាប និងចូលរួមសម្លាប់ពលរដ្ឋខ្មែរក្នុងរបបខ្មែរក្រហម។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន ក្រោយជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំ
នៅកម្ពុជា លោក William Heid នាព្រឹកថ្ងៃទី០៧ ខែធ្នូ
ឆ្នាំ២០១៥នេះ ឯកឧត្តម ហោ ណាំហុង បានឲ្យដឹងថា « រូបលោកធ្លាប់បានទុកឱកាស
និងបើកទ្វារចំហឲ្យលោក សម រង្ស៊ី រួចផុតពីការផ្តន្ទាទោស តែឱកាសត្រូវបានកន្លងផុតទៅហើយ
» ។ កន្លងផុតដោយសារមេបក្សប្រឆាំងរូបនេះ
មិនត្រឹមតែមិនទទួលស្គាល់នូវអ្វីជាកំហុសរបស់ខ្លួននោះទេ ថែមទាំងផ្គើនលើសដើម ដោយបានទាមទារឲ្យឧបនាយករដ្ឋមន្រ្តី
ហោ ណាំហុង សុំទោសក្រុមគ្រួសារពលរដ្ឋខ្មែរ ដែលស្លាប់ក្នុងរបបខ្មែរក្រហមថែមទៀត។
នេះហើយជាសម្តី ដែលត្រូវបានឯកឧត្តម ហោ ណាំហុង ចាត់ទុកថា សម រង្ស៊ី ជាអ្នកនយោបាយគ្មានសីលធម៌
ប្រើសម្តីមិនថ្លៃថ្នូរ ពីព្រោះតែឯកឧត្តម ហោ ណាំហុង បានឈ្នះក្តី ហើយជានិច្ចកាលឯកឧត្តម
ហោ ណាំហុង តែងតែលើកឡើងថា រូបគាត់ជាជនរងគ្រោះក្នុងរបបនោះ ហើយសាច់ញាតិរបស់គាត់ក៏ត្រូវបានគេសម្លាប់អស់ជាច្រើននាក់ផងដែរ។
ឯកឧត្តម ហោ ណាំហុង បានហៅសម្តីលោក សម រង្ស៊ី ថាជាពាក្យសម្តីព្រហើន
កោងកាច ដែលបង្ខំឲ្យរូបលោកសុំសាលាឧទ្ធរណ៍ អនុវត្តន៍ដីការលើបណ្តឹងលោក សម រង្ស៊ី។
ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមិននឹកស្មានអ្នកនយោបាយ បញ្ញវន្តមួយ
អត់សីលធម៌ខាងស្មារតី ប្រើពាក្យសម្តីមិនថ្លៃថ្នូរយ៉ាងនេះទេ»។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា សម្តីការបរិហារកេរ្តិ៍របស់លោក
សម រង្ស៊ី កាលបីឆ្នាំ២០០៨ គឺ ជារឿងតូចទេ ដោយគ្រាន់តែពិន័យអាចបញ្ចប់រឿង ប៉ុន្តែការញុះញង់ឲ្យមានការរើសអើង
នៅមុខមនុស្សរាប់រយនាក់ គឺជារឿងធ្ងន់ធ្ងរមិនអាចអត់ឱនបាននោះឡើយ។
កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ
បានចេញដីកាឱ្យចាប់ខ្លួនលោក សម រង្ស៊ី ដោយអនុវត្តទៅតាមសាលក្រម និង សាលដីកា របស់តុលាការពាក់ព័ន្ធបទ
«បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ ឲ្យមានការរើសអើង» លើឯកឧត្តមឧបនាយករដ្ឋមន្រ្តី
ហោ ណាំហុង ដែលបានធ្វើឡើងនៅសារមន្ទីរជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ
រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨។
ឯកឧត្តម ហោ ណាំហុង បានប្តឹងលោក សម រង្ស៊ី ទាក់ទិននឹងសម្តីចោទប្រកាន់ថា
រូបលោកជាប្រធានជំរុំបឹងត្របែក និងបានចូលរួម ធ្វើបាបប្រជាពលរដ្ឋខ្មែរនៅក្នុងសម័យខ្មែររក្រហម។
ឯកឧត្តម ហោ ណាំហុង បានហៅការចោទប្រកាន់របស់លោក សម រង្ស៊ី នេះ
ធ្វើឲ្យរូបលោកឈឺចាប់យ៉ាងខ្លាំង ត្បិតរូបបងប្អូន និងសាច់ញាតិរបស់លោក ជាង៣០នាក់ ត្រូវបានរបបខ្មែរក្រហមសម្លាប់ផងដែរ៕
No comments:
Post a Comment