កោតតែអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជ្រើសរើសយកការធ្វើពិហិកា មិនចូលប្រជុំអនុម័តថវិកាឆ្នាំ២០១៦ និងយកសភាធ្វើជាចំណាប់ខ្មាំង និងការដាក់សម្ពាធលើគណបក្សកាន់អំណាច ដែលជាវិធីមួយដ៏ស្មោគគ្រោគ និងអាក្រក់បំផុត ពុំគួរគណបក្សប្រឆាំងយកមកអនុវត្តនោះទេ។
ទោះបីជាតំណាងរាស្ត្រទាំងអស់របស់គណបក្សសង្គ្រោះជាតិ មិនចូលប្រជុំសភាក្តី ក៏នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ មិនមានអ្វីបង្កជាឧបសគ្គរាំងស្ទះឡើយ គឺអង្គសភាដែលជាសំឡេងមកពីគណបក្សប្រជាជនកម្ពុជា បានប្រជុំពិភាក្សា និងសម្រេចអនុម័តសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នោះ ដោយសំឡេង៦៦ លើ៦៦ ដែលស្មើនឹង១០០ភាគរយ នៃសមាជិកសភាដែលបានចូលប្រជុំ។
យោងលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ច្បាប់ថវិកាឆ្នាំ២០១៦គឺជាផ្នែកមួយនៃការលុបចោលផងដែរនូវពន្ធតាមរបបម៉ៅការ ដើម្បីសម្រួលដល់អាជីវករខ្នាតតូចដែលលក់ដូរបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត។ លោក ហ៊ុន សែន បានបន្ថែមថា ច្បាប់នេះក៏នឹងលុបចោលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះមួយចំនួន ដើម្បីកាត់បន្ថយចំណាយ និងលើកកំពស់ជីវភាពប្រជាជនបានមួយកំរិត។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ តាមរយៈការអនុម័តថវិកាឆ្នាំ២០១៦នេះ ក៏រក្សាបាននូវស្ថិរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាកំណើនសេដ្ឋកិច្ចខ្ពស់ និងអតិផរណាទាបផងដែរ។ ក្រៅពីនេះ ថវិកាឆ្នាំ២០១៦ ក៏នឹងផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល ដឹកនាំចាត់ចែងការងារលើគ្រប់វិស័យ និងផ្តល់ជូនទៅក្រសួងសំខាន់ៗមួយចំនួនជាអាទិភាព ក្នុងការអភិវឌ្ឍឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គម ក្នុងនោះក៏មានការតម្លើងបៀរវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ជនផងដែរ។ ទាំងនេះ គឺជាគោលបំណងដ៏សំខាន់បំផុតដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះផ្សាយមុនពេលសេចក្តីព្រាងច្បាប់ ស្តីពីថវិកាឆ្នាំ២០១៦ ត្រូវបានសភាអនុម័ត។
ក្នុងន័យនេះ យើងខ្ញុំជាអ្នកនិពន្ធឯករាជ្យមួយរូប សូមទាញការចាប់អារម្មណ៍ពីសាធារណជន ឲ្យធ្វើការពិចារណាអំពីភាពត្រឹមត្រូវ និងហេតុផលមួយចំនួន ជុំវិញការធ្វើពហិការបស់គណបក្សសង្គ្រោះជាតិ ថា តើជាទង្វើបំរើផលប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋកម្ពុជា ឬមួយក៏ជាការបញ្ជាដាច់ខាតពីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងពីទណ្ឌិតដែលកំពុងនិរទេសខ្លួន ដោយសារតែគំនុំនិងការសងសឹក ចេញពីចេតនាទាមទារដំណែងខ្ពស់ក្នុងរដ្ឋសភាមកខ្លួនឯងវិញ ឬក៏ជាការប៉ុនប៉ងគាបសង្កត់ផ្នែកនយោបាយ ដើម្បីគោលបំណងបើកផ្លូវឲ្យលោក សម រង្ស៊ី បានវិលត្រឡប់ចូលមកមាតុប្រទេសវិញ រួចផុតពីការជាប់ពន្ធនាគារ?
មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ បាននិយាយថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានសម្រេចថា មិនចូលប្រជុំសភាទេ ដោយសារតែមិនទាន់មានការចរចាណាមួយក្នុងវប្បធម៌សន្ទនា ដើម្បីដោះស្រាយលើបញ្ហា១ចំនួន ដែលគណបក្សប្រឆាំងមួយនេះថា ជាភាពអយុត្តិធម៌របស់ខ្លួន ក្នុងនោះមានទាំងការប្រើអំពើហិង្សាលើអ្នកតំណាងរាស្ត្រ ការដកដំណែងរបស់លោក កឹម សុខា និងការដកសិទ្ធិ បុព្វសិទ្ធិរបស់លោក សម រង្ស៊ី ពីអ្នកតំណាងរាស្ត្រជាដើម។ ប៉ុន្តែ អ្នកតំណាងរាស្ត្រទាំងនោះ មិនបាននិយាយសូម្បីតែមួយម៉ាត់អំពីទង្វើខុសឆ្គងរបស់មេដឹកនាំខ្លួន និងកំហុសរបស់បុគ្គលមួយចំនួនដែលពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌ កើតចេញពីមាត់ឥតគំរប ហើយបាននិងកំពុងប្រឈមចំពោះមុខច្បាប់នោះទេ។
គេនៅចងចាំថា ក្រោយការបោះឆ្នោតឆ្នាំ២០១៣កន្លងទៅ គណបក្សសង្គ្រោះជាតិបន្ទាប់ពីចាញ់ឆ្នោត បានចោទប្រកាន់ដោយមិនសមហេតុសមផលជាច្រើនមកលើគណបក្សកាន់អំណាច អំពីភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោត វាយប្រហារលើស្ថាប័ន គ.ជ.ប និងរហូតដល់ចោទមកលើគណបក្សប្រជាជនកម្ពុជាថា ជាចោរ ទាំងដែលគណបក្សប្រជាជនខ្លួនឯងបាត់បង់អាសនៈពី៩០ មកនៅត្រឹម៦៨អាសនៈប៉ុណ្ណោះ ។ តើរបៀបដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបជាស្ថាបនិក នាំមកនូវសុខសន្តិសភាព និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃ ហេតុអ្វីក៏ត្រូវបានបក្សប្រឆាំងចោទថា ជាចោរ ដែលហាក់ដូចជាចោរល្ងង់ មិនចេះលួច ? ក្នុងន័យថា បើជាចោរមែននោះ គេលួចពីតិចទៅច្រើន មិនមែនធ្លាប់បានការគាំទ្រកាលពីអាណត្តិមុនចំនួន៩០អាសនៈ លួចគេមកនៅត្រឹម៦៨អាសនៈដូចនេះឡើយ។ ដូច្នេះ ពាក្យថាជាចោរ គឺមិនសមទាល់តែសោះ ដែលការពិតនេះគ្រាន់តែជាល្បិចកល យកការចោទប្រកាន់ធ្វើជាលេស ដើម្បីវាយប្រហារមកលើបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និងញុះញង់ កៀងគប្រមូលផ្តុំ បំផុសកម្លាំងមហាជន ក្នុងទិសដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់លោក ហ៊ុន សែនតែប៉ុណ្ណោះ។ ក្នុងពេលដំណាលគ្នានោះ គណបក្សសង្គ្រោះជាតិបានប្រើឧបាយកលទុចរិតគ្រប់បែបយ៉ាង ដូចជាដឹកនាំធ្វើបាតុកម្មតាមដងផ្លូវយ៉ាងអានាធិបតេយ្យ រហូតក្លាយជាកុបកម្មហិង្សា ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន នាំឲ្យមាននូវភាពចលាចលវឹកវធ្ងន់ធ្ងរក្នុងសង្គម ហើយថែមទាំងបានធ្វើពហិកា មិនព្រមចូលប្រជុំសភាទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេ គណបក្សសង្គ្រោះជាតិបានចោទមកលើរដ្ឋសភា ដឹកនាំដោយបក្សប្រជាជនកម្ពុជាថា ជាសភាចោរ សភាឯកបក្ស សភាប្រថាប់ត្រា សភាគូថមាន់ និងប្រកាសថា មិនព្រមចូលប្រជុំសភាជាដាច់ខាត ដែលកាលណោះស្របពេលដែលសន្ទុះនៃតវ៉ាកាន់តែឡើងកម្តៅខ្លាំងឡើងៗ ដើម្បីតថ្លៃតុល្យភាពអំណាចនៅក្នុងសភា ។
ប៉ុន្តែ នៅពេលដែលលោក ហ៊ុន សែន យល់ព្រមផ្តល់ឱកាស បើកផ្លូវឲ្យមានការចរចា និងផ្តល់លទ្ធភាពឲ្យគណបក្សសង្គ្រោះជាតិទទួលបានតំណែងរហូតដល់អនុប្រធានទី១រដ្ឋសភា និងគណៈកម្មការជំនាញនានាក្នុងសភាផងនោះ បាតុកម្មក៏បានបញ្ចប់ ហើយពាក្យថា សភាឯកបក្សក៏បានបញ្ចប់ និងការយកលេសថា ការតវ៉ាធ្វើតាមឆន្ទៈប្រជាពលរដ្ឋក៏បានរលត់ផងដែរ ទាំងដែលពួកខ្លួនចូលសភាក៏មិនបានសុំយោបល់ឯកភាពពីប្រជាពលរដ្ឋ ឬសកម្មជនរបស់ខ្លួនផងនោះ។
តំណែង បានបិទមាត់ មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់បក្សសង្គ្រោះជាតិដែលធ្លាប់តែតវ៉ា ឲ្យសម្ងំស្ងៀម ប៉ុន្តែ ក៏មានជនឆ្លៀតឱកាសម្តងៗ បង្កើតបញ្ហានៅខាងក្រៅ ដើម្បីបំពេញមហិច្ឆតា អំណាច និងលុយកាក់របស់ក្រុម និងបក្ខពួកខ្លួន មិនឆ្អែតឆ្អន់ ដោយអ្នកខ្លះទៅញុះញង់កម្មករនៅតាមរោងចក្រឲ្យបះបោរធ្វើបាតុកម្ម តំណាងរាស្ត្រខ្លះទៅគោះលុយពីថៅកែរោងចក្រ អ្នកវិនិយោគបរទេស និងក្រុមអ្នកមានលុយមួយចំនួន ជាថ្នូរនឹងការរក្សារឿងអាស្រូវខុសច្បាប់ មិនឲ្យបែកធ្លាយចេញទៅខាងក្រៅ។ គ្រាន់តែមួយរយៈពេលខ្លីប៉ុណ្ណោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងបក្សសង្គ្រោះជាតិខ្លះមានសេចក្តីរាយការណ៍មកថា បានសល់លុយរាប់លានដុល្លារ ពីជំនួញនយោបាយ និងការឃោសនាកៀងគរពី បោកប្រាស់ពីក្រុមអ្នកគាំទ្រនៅឯក្រៅប្រទេស រហូតផ្ទុះការតវ៉ា ចោទប្រកាន់គ្នាពាក់ព័ន្ធនឹងអំពើពុករលួយរវាងលោក កឹម សុខា និងលោក សម រង្ស៊ី ក្នុងទឹកប្រាក់ពី៣០ ទៅ៤០លានដុល្លារអាមេរិក។
អីឡូវនេះ យើងងាកមកស្ថានការណ៍នយោបាយចុងក្រោយវិញម្តង តើបន្ទាប់ពីវប្បធម៌សន្ទនា ដែលហាក់ដូចជាបានរលត់បាត់ទៅហើយនោះ បែរជាត្រូវគណបក្សប្រឆាំងទើបតែចាប់ផ្តើមលើកតម្កើងតម្លៃវប្បធម៌សន្ទនា ដែលលោក ហ៊ុន សែន ធ្លាប់បានអះអាងជាច្រើនលើកច្រើនសារមកហើយថា ក្នុងភាពជាអ្នកដឹកនាំនយោបាយនៅកម្ពុជា គឺជាងពាក់កណ្តាលជីវិតរបស់លោកទៅហើយ បានប្រើវប្បធម៌សន្ទនានេះ ក្នុងការដោះស្រាយបញ្ហាធំៗ នាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ ។ ដូច្នេះ អាចថា ជារឿងថ្មីថ្មោងបំផុតរបស់បក្សសង្គ្រោះជាតិ ឬគ្រាន់តែបែបលក្ខណៈជាក្មេងបៀមដៃ ហើយមកប្រកាសខ្លួនថា ជាបុគ្គលអស្ចារ្យលើវប្បធម៌សន្ទនា គឺមិនអាចយកប្រៀបឈ្នះលើអានុភាពពិតប្រាកដរបស់លោក ហ៊ុន សែនបានឡើយ។ ពួកគេអាចបន្លំប្រជាពលរដ្ឋ និងបោកប្រាស់ខ្លួនឯង បាន ប៉ុន្តែ នៅពេលពួកគេឆ្លុះកញ្ចក់ មុខមាត់អាក្រក់របស់ខ្លួន នឹងបង្ហាញប្រាប់ថា ទង្វើ និងឆាកល្ខោនដែលពួកគេ បាន និងកំពុងសំដែង គឺជាការបោកប្រាស់ដ៏គួរឲ្យអៀនខ្មាសបំផុត។
សន្លឹកបៀ កំពុងស្ថិតនៅលើដៃរបស់លោក ហ៊ុន សែន ដែលមានប្រៀបខ្លាំងបំផុតក្នុងស្ថានការណ៍នេះ។ ពាក្យបណ្តឹងព្រហ្មទណ្ឌកាន់តែមានចំនួនច្រើនឡើងៗ ត្រូវបានយកមកអនុវត្ត ក្នុងអ្វីមួយដែលជាផ្នែកនៃការបង្ហាញនូវគោលជំហរឥតងាករេ ក្នុងការពង្រឹងនីតិរដ្ឋ ការវាយបំបាក់ដៃគូទុចរិត នៃវប្បធម៌សន្ទនា ការទប់ស្កាត់ភាពចលាចលសង្គម ហាក់ដូចជាបិទច្រកទាំងស្រុង មិនផ្តល់លទ្ធភាព ឬឱកាសល្អណាមួយសម្រាប់បក្សសង្គ្រោះជាតិ ដើម្បីការតថ្លៃអំណាច និងពន្លត់ពាក្យគ្រោតគ្រាត ដែលបក្សប្រឆាំងធ្លាប់បានដៀលត្មះនាពេលកន្លងមកមកលើរាជរដ្ឋាភិបាលបានឡើយ ។ និយាយជារួមទៅ ពេលវេលាសម្រាប់លុបលាងកំហុស គឺមិនមែនជាការចិញ្ចឹមចិត្តដាក់គំនាបមកលើបក្សកាន់អំណាច ដូចល្បែងដែលបក្សសង្គ្រោះជាតិធ្លាប់បានប្រើនោះទេ ។ ពេលវេលានេះអាក្រក់បំផុតសម្រាប់បក្សប្រឆាំង ។ យ៉ាងណាមិញ ការការពារខ្លួនឲ្យរួចផុតពីសំណាញ់ច្បាប់ ដែលកំពុងវ័ណ្ឌកបក្សសង្គ្រោះជាតិ ក៏ហាក់ដូចជានៅឆ្ងាយពីការសម្រេចចិត្តរបស់លោក ហ៊ុន សែន នៅឡើយ ដ៏រាបណាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅតែប៉ុនប៉ងប្រើនយោបាយប្រជាភិថុត មកបំផ្លាញសន្តិភាព ដែលកើតចេញពីស្នាដៃរបស់លោក ហ៊ុន សែននោះ។ ការហត់លោត ការបំពងសំឡេងច្រៀងខុសចង្វាក់ភ្លេង និងការវាយប្រហារដោយប្រើដៃបរទេស ដើម្បីដាក់គំនាបមកលើរាជរដ្ឋាភិបាល មិនមែនជាមធ្យោបាយល្អសម្រាប់ដំណោះស្រាយបញ្ហាជាតិឡើយ។ ផ្ទុយទៅវិញ វាហាក់បីដូចជាយកសាំងទៅជះលើភ្លើងដែលកំពុងតែឆេះ ឲ្យឆេះសន្ធោរសន្ធៅកាន់តែខ្លាំងថែមទៀត។
ដូចគ្នានេះដែរ ការធ្វើពហិកាមិនចូលប្រជុំសភា ដើម្បីអនុម័តថវិកាជាតិឆ្នាំ២០១៦ គឺមានតម្លៃស្មើនឹងការខកខានក្នុងការបំពេញភារកិច្ចរបស់ខ្លួនជាអ្នកតំណាងរាស្ត្រដែលត្រូវចូលរួម និងការសម្រេចចិត្ត ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបែរជាបក្សសង្គ្រោះជាតិមិនបានរួមចំណែកក្នុងបេសកម្មដ៏ត្រឹមត្រូវនេះទៅវិញ។
ម៉្យាងវិញទៀត ការធ្វើពហិកាមិនចូលប្រជុំសភារបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ត្រូវបានគេចោទសួរអំពីបញ្ហាប្រាក់បៀរវត្សរបស់អ្នកតំណាងរាស្ត្រទាំងនោះ តើពួកគាត់មុខក្រាស់បើកប្រាក់បៀរវត្សប្រចាំខែដែរឬទេ បើថវិកាឆ្នាំ២០១៦ ក៏អនុម័តដើម្បីបើកប្រាក់ខែឲ្យពួកគាត់ផងនោះ ខណៈដែលអ្នកតំណាងរាស្ត្រទាំងនោះមិនបានចូលប្រជុំសភា និងមិនបានលើកដៃអនុម័តផង។
ប្រាក់បៀរវត្សប្រចាំខែរបស់អ្នកតំណាងរាស្ត្រ ត្រូវបានគេបង្ហើបឲ្យដឹងថា ម្នាក់ៗទទួលបានចន្លោះពី៩លាន ទៅ១២លានរៀល ឬស្មើនឹងជាង២ពាន់ដុល្លារអាមេរិក ក្នុង១ខែៗ អាស្រ័យឋានៈ ជាសមាជិក លេខាធិការ អនុប្រធាន និងប្រធានគណៈកម្មការនានាក្នុងរដ្ឋសភា នេះមិនបូកបញ្ចូលនូវប្រាក់បេសកម្ម និងប្រាក់ផ្សេងៗទៀត ដែលអ្នកតំណាងរាស្ត្រត្រូវទទួលបានផង។ ចុះបើអ្នកតំណាងរាស្ត្ររូបណាមិនបានចូលរួមប្រជុំ ពិភាក្សា និងអនុម័តច្បាប់ផងនោះ តើសក្តិសមនឹងគួរត្រូវបើកប្រាក់បៀរវត្សទាំងនោះឲ្យដែរឬទេ? ហើយតើ ពួកគាត់ខ្មាសអៀនខ្លះដែរទេ នៅពេលចាយថវិកាជាតិ ទាំងដែលខ្លួនឯងមិនបានចូលរួមធ្វើអ្វីមួយដែលជាប្រយោជន៍ជូនជាតិនោះ?
តាមដឹងមកថា អ្នកតំណាងរាស្ត្ររបស់គណបក្សប្រឆាំង បាននាំគ្នាមិនចូលប្រជុំសភាតាមការសម្រេច និងបញ្ជាពីថ្នាក់ដឹកនាំរបស់គណបក្សខ្លួនឯង ដោយមិនបានសុំច្បាប់ពីប្រធានរដ្ឋសភាឡើយ។ យោងតាមប្រការ៦៧ ៦៨ ៧០ ៧១ និង៧២ នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា បានចែងថា តំណាងរាស្ត្រមិនអាចអវត្តមានដោយមិនមានការអនុញ្ញាតពីប្រធានរដ្ឋសភាបានឡើយ។ ប្រធានអាចអនុញ្ញាតឲ្យសមាជិកសភាឈប់យ៉ាងយូរ១៥ថ្ងៃ ក្នុងសម័យប្រជុំនីមួយៗ។ ការឈប់លើសពី១៥ថ្ងៃ ត្រូវសុំឲ្យអង្គសភាអនុម័តយល់ព្រម។ តំណាងរាស្ត្រណាឈប់ខានមកប្រជុំលើសពី៣ថ្ងៃ ដោយគ្មានការអនុញ្ញាត ត្រូវកាត់ប្រាក់បំណាច់រដ្ឋសភាចំពោះថ្ងៃដែលអវត្តមាន និងមានអំពើទណ្ឌកម្មខាងវិន័យជាទម្ងន់ បន្ថែមលើការកាត់ប្រាក់បំណាច់តាមចំនួនថ្ងៃដែលអវត្តមាន គឺបណ្តេញចេញពីការប្រជុំរយៈពេល១ខែ ប្រកាសផ្សាយដល់មហាជននៅក្នុងមណ្ឌលរបស់តំណាងរាស្ត្រដែលបានប្រព្រឹត្តខុសនោះ។
វិធីធ្វើពហិកា អាចគ្រាន់តែជាការសម្ញើញឬទ្ធិ៍របស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជានិច្ចកាលពួកគេតែងតែមើលស្រាលលើផ្លូវច្បាប់ និងរំលោភលើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាជាហូរហែរមកហើយ ដែលក្នុងនោះមានលោក កឹម សុខា ជាឧទាហរណ៍ស្រាប់ ដែលបានរបូតដំណែងដោយសារតែគាត់ប្រព្រឹត្តកំហុសនេះ។ ដូច្នេះ ជំហានដែលបក្សសង្គ្រោះជាតិបាននិងកំពុងដើរ អាចត្រូវចិត្តខ្លួនឯង ដើម្បីផ្គាប់ផ្គុនជម្ងឺចាស់ ជាជម្ងឺទារអំណាចកំពុងងើបរើឡើងវិញ ប៉ុន្តែ វាបានប្រាស់ចាកទាំងស្រុងពីគោលការណ៍ច្បាប់ និងកំពុងតែដើរផ្ទុយស្រឡះពីគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការពង្រឹងនីតិរដ្ឋនៅកម្ពុជា។ ផ្ទុយទៅវិញ វាជាផ្លូវអាក្រក់កាន់តែខ្លាំងបំផុត អាចនាំឲ្យគណបក្សសង្គ្រោះជាតិបាត់បង់ប្រជាប្រិយិ៍ភាពទាំងស្រុង និងខ្សោះខ្យល់ ប្រសិនណាបើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយនេះ មើលរំលងនូវកំហុសរបស់ខ្លួន និងមិនបោះបង់ចោលនូវទម្លាប់យកបរទេសធ្វើជាខ្នងបង្អែក ដើម្បីគាបសង្កត់លើអំណាច ឯករាជ្យ និងអធិបតេយ្យជាតិរបស់ប្រទេសខ្លួនឯងទេនោះ៕
No comments:
Post a Comment