ឆ្លើយតបនឹងការលើកឡើងរបស់ លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់ សំរាប់សហគមន៍ ក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមចំណងជើងថា «របាយការណ៍អឺរ៉ុប៖ ពលករកម្ពុជា ក្នុងឧស្សាហកម្មកែច្នៃសាច់មាន់ ត្រូវថៅកែថៃ រំលោភបំពាន» នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មានមួយ ក្នុងបំណងបំភ្លឺចំពោះការលើកឡើងខាងលើនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្រសួងតែងបានធ្វើការណែនាំ ជាប់ជាប្រចាំដល់ស្ថានតំណាងកម្ពុជានៅក្រៅប្រទេសទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការ ជួយដោះ ស្រាយរាប់បញ្ហារបស់ពលរដ្ឋកម្ពុជា ពិសេសគឺពលករខ្មែរនៅបរទេស និងស្រ្តីខ្មែរដែលរងគ្រោះ ពីការជួញដូរនៅបរទេស។
ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចម្ចាស់ផ្ទះ ហើយដោះស្រាយ បាននូវបញ្ហាជាច្រើនកន្លងមក។ ក្នុងនោះស្ថានទូតកម្ពុជានៅប្រទេសថៃ បានសំរួលការបញ្ជូនពលករខ្មែរ ទៅធ្វើការនៅថៃតាម MOU មានចំនួន ១៩៧.១២៥នាក់។ ស្ថានទូត និងស្ថានអគ្គកុងស៊ុល នៅខេត្តស្រះកែវ បានជួយដោះស្រាយបញ្ហាជាច្រើនរាប់មិនអស់ដូចជា៖ ការរំលោភបំពានលើពលករ កម្ពុជា ផ្តល់ការគាំទ្រផ្នែកច្បាប់ (ផ្តល់មេធាវីពេលត្រូវអាជ្ញាធរថៃចាប់ឃុំឃាំង) ការទាមទារសំណងផ្សេងៗ សំរួលការធ្វើមាតុភូមិនិវត្តន៍។ល។
ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន បានជួយសង្រ្គោះ និងរៀបចំ មាតុភូមិនិវត្តន៍របស់ស្ត្រីកម្ពុជាដែលរងគ្រោះពីការជួញដូរ៖ គឺនៅឆ្នាំ២០១៤បានចំនួន ៥៩នាក់, ឆ្នាំ២០១៥ បានចំនួន៧៧នាក់។ ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ី បានជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ របស់ពលការិនីកម្ពុជា ឆ្នាំ២០១៤បានចំនួន៣៤នាក់ និងឆ្នាំ២០១៥បាន៣៨នាក់។ ស្ថានទូតកម្ពុជា នៅប្រទេសឥណ្ឌូនេស៊ី បានជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ របស់កម្មករកម្ពុជាធ្វើការ លើទូកនេសាទ ឆ្នាំ២០១៤បានចំនួន២៣នាក់ និងឆ្នាំ២០១៥ចំនួន៤១៤នាក់។ ជួយសង្គ្រោះ និងរៀបចំ មាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជា ពីប្រទេសវៀតណាម ឆ្នាំ២០១៤១១នាក់, ប្រទេសប្រុយណេឆ្នាំ២០១៤ ជួយបាន០៧នាក់, ប្រទេសអារ៉ាប់ប៊ីសាអូឌឹក ឆ្នាំ២០១៤ចំនួន០៧នាក់ និងឆ្នាំ២០១៥បាន០២នាក់, ប្រទេសប៉ាពូញ៉ូហ្គីណេ ឆ្នាំ២០១៥ចំនួន០៦នាក់ និងប្រទេសអាហ្រ្វិកខាងត្បូង ឆ្នាំ២០១៥បាន១នាក់៕
No comments:
Post a Comment