សម្តេចតេជោនាយរដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី១៥
ខែកញ្ញានេះ បានជួបសំណេះ សំណាលជាមួយសិស្សពូកែទាំង១០៨នាក់ដែលទទួលបាននិទ្ទេសA នៃការប្រឡងសញ្ញាបត្រ
មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥នេះ។
នៅក្នុងជំនួបសំណេះសំណាលនៅវិមានសន្តិភាពនេះ
សម្តេចតេជោ ហ៊ុនសែន បានមាន ប្រសាសន៍ចាត់ទុកថា លទ្ធផលនិទ្ទេសAរបស់ចៅៗទាំង១០៨នាក់នេះ
គឺអាចទទួលបាន ដោយសារមានកត្តាចំនួនពីរ ទី១‑ គឺដោយសារការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់សិស្ស
និងទី២‑ គឺដោយសារការខិតខំរបស់រាជរដ្ឋាភិបាលដែលបានផ្តល់ឱកាសឲ្យមានសន្តិភាព ស្ថេរភាព
និងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងគ្រូបង្រៀន។ បើមិនមានកត្តារួមគ្នាទាំងនេះទេ
ក៏មិនអាចមានលទ្ធផលដូចពេលនេះដែរ។ សម្តេចតេជោ ក៏បានចាត់ទុកថាការប្រឡងមធ្យមសិក្សា
ទុតិយភូមិឆ្នាំនេះពិតជាមានសុក្រឹតភាព ដោយសារក្នុងចំណោមសិស្សទទួលបាននិទ្ទេសA ទាំង១០៨នាក់ គឺមានបណ្តាខេត្តផ្សេងៗគ្នា ទាំងខេត្តធំ និងខេត្តតូចផងដែរ។
ជាការលើកទឹកចិត្ត
សម្តេចតេជោ បានផ្តល់ថវិកា២លានរៀល កាក់ប្រាក់អនុស្សាវរីយ៍ចំនួនមួយ សៀវភៅអនុស្សាវរីយ៍មួយក្បាល
និងសាមស៊ុងថេប្លេតមួយគ្រឿង បន្ថែមពីលើអាហារូបករណ៍ ដែលសាកលវិទ្យាល័យនានាផ្តល់ជូនដល់សិស្សពូកែម្នាក់ៗផងដែរ។
សូមបញ្ជាក់ថា ក្នុងចំនោមសិស្សនិទ្ទេសAទាំង១០៨នាក់
មានសិស្សចំនួន៤៨នាក់មកពី រាជធានីភ្នំពេញ។ ខេត្តសៀមរាបចំនួន១៤នាក់។ ខេត្តបាត់ដំបងចំនួន៧នាក់។
ខេត្តត្បូងឃ្មុំ និងខេត្តតាកែវមានចំនួន៦នាក់ដូចគ្នា។ ខេត្តកណ្តាលនិងខេត្តកំពង់ចាមមានចំនួន៥នាក់ដូចគ្នា។
ខេត្តខេត្តកំពតចំនួន៤នាក់។ ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ
ខេត្តក្រចេះ ខេត្តព្រះសីហនុ មានចំនួន២នាក់ដូចគ្នា។ រីឯខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង
និងខេត្តប៉ៃលិន មានចំនួន១នាក់ដូចគ្នា។
លទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥ដែលចេញដោយក្រសួងអប់រំ
យុវជន និងកីឡាកាលពីថ្ងៃទី១២ខែកញ្ញា គឺមានបេក្ខជនប្រឡងជាប់ចំនួន៤៦៥៦០នាក់ ត្រូវ៥៥,៨៨ភាគរយ
នៃបេក្ខជនសរុប៨៣៣២៥នាក់។ ក្នុងនោះសិស្សទទួលបាននិទ្ទេសA មានចំនួន១០៨នាក់។
និទ្ទេសB មានចំនួន១០៨៥នាក់។ និទ្ទេសC មានចំនួន៣២៩២នាក់។
និទ្ទេសD មានចំនួន៦០៩៣នាក់។ និងនិទ្ទេសE មានចំនួន៣៥៩៨២នាក់៕
No comments:
Post a Comment