យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១៤
ខែកញ្ញា ឆ្នាំ២០១៥ បានឲ្យដឹងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី
ការចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្ត អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ
(Cambodia’s
Intended Nationally Determined Contribution: Cambodia’s INDC) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី
វេលាម៉ោង ៨:០០ ព្រឹក
ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ក្រសួងបរិស្ថានបានបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់នេះ
មានគោលបំណងប្រមូលមតិយោបល់ និងអនុសាសន៍នានាពីគ្រប់បណ្តាក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ទៅលើរបាយការណ៍ការចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលជារបាយការណ៍សំខាន់បញ្ជាក់អំពីការរួមចំណែករបស់ភាគីកម្ពុជាក្នុងការឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់អនុសញ្ញានេះ
ក្នុងគោលបំណងជំរុញឱ្យពិភពលោកធ្វើសកម្មភាពដោះស្រាយការប្រែប្រួលអាកាសធាតុ។ បន្ទាប់មក របាយការណ៍នេះ
នឹងត្រូវបានបញ្ជូនទៅកាន់លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ
មុនការរៀបចំសន្និសីទកំពូលបណ្តាភាគីជាសមាជិកនៃអនុសញ្ញា លើកទី២១ នាដើមខែធ្នូ ឆ្នាំ២០១៥ខាងមុខ នៅទីក្រុងប៉ារីស៕



No comments:
Post a Comment