គ្រាន់តែរយៈពេលពីរថ្ងៃប៉ុណ្ណោះ ទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក
ត្រូវបានសប្បុរសជន រួមគ្នាបរិច្ចាគ ក្នុងជំនួយសប្បុរសធម៌
ដល់កាកបាទក្រហមកម្ពុជា គ្រប់ខេត្ត ក្រុង រាជធានី
ដើម្បីបន្តបំរើសកម្មភាពមនុស្សធម៌
ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ
ពីគ្រោះធម្មជាតិ ទឹកជំនន់ ចាស់ជរា ខ្យល់ព្យុះ ជនពិការ កុមាកំព្រា ស្ត្រីមេម៉ាយ
ការសង់ផ្ទះ និងការជួយបូមទឹកបញ្ចូលស្រែជូនប្រជាពលរដ្ឋជាដើម។
កាកបាទក្រហមកម្ពុជា បាននិងកំពុងស្ថិតក្នុងការអនុវត្តវិស័យស្នូលទាំង
៤ នៃយុទ្ធសាស្ដ្រឆ្នាំ២០១១-២០២០ ហើយ បាន និងកំពុងបម្រើនូវសកម្មភាពមនុស្សធម៌ដោយប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង
៧ របស់ចលនាអន្ដរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺក្នុងភាពជាមនុស្សធម៌
ភាពគ្មានលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព
និងសកលភាព។
យោងតាមសេចក្ដីថ្លែងការណ៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងមិទ្ទិញខួបទី១៥២ បានឲ្យដឹងថា
ឆ្នាំនេះ ចលនាអន្ដរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានដាក់ចេញនូវប្រធានបទ “កម្លាំងមនុស្សធម៌
: គោលការណ៍គ្រឹះក្នុងសកម្មភាព” គឺមានបំណងគូសបញ្ជាក់នូវភាពសមស្របនៃគោលការណ៍គ្រឹះដែលនៅបន្ដជានិរន្ដ
នៅក្នុងសេវាកម្មមនុស្សធម៌ និងជាមគ្គទ្ទេសដ៏សំខាន់
ក្នុងការបំពេញការងាររបស់ខ្លួន។
មិទ្ទិញអបអរខួបទី១៥២
ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំនេះ កាលពីថ្ងៃទី៤ ខែឧសភា
ឆ្នាំ២០១៥ នៅខេត្តស្វាយរៀង ប្រមូលបានថវិកាជិត២០ម៉ឺនដុល្លារ ពិធីនេះធ្វើឡើង
ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅខេត្តតាកែវ ប្រារព្ធធ្វើឡើងនៅថ្ងៃទី០៥
ខែឧសភា ឆ្នាំ២០១៥ នេះ ប្រមូលប្រាក់វិភាគទានបានប្រមាណជិត ៤៤
ម៉ឺនដុល្លារអាមេរិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ
ឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោកជំទាវ
នៅខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី៥ ខែឧសភានេះដែរ ទទួលបានថវិកា ចំនួនប្រមាណជាង១១ម៉ឺនដុល្លារអាមេរិក
នៅខេត្តសៀមរាប សាខាក្រហមកម្ពុជា បានប្រារព្ធខួបនេះ នៅសាលសិល្បៈ រ៉ូស្សាណា (Rosana
Broadway) ក្រុងសៀមរាប បានទទួលថវិកា ពីសប្បុរសជន ចំនួនជាង ៤០
ម៉ឺនដុល្លារ និងប្រាក់រៀល ជាង ៣០លានរៀល នៅខេត្តកំពង់ឆ្នាំង ពិធីនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង
គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការ
កណ្តាលកាកបាទក្រហមកម្ពុជា បានទទួលថវិកាសរុបជាទឹកប្រាក់បានចំនួនជាង៩ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ក្រៅពីនេះ សាខាកាកបាទក្រហមកម្ពុជា
នឹងបន្តធ្វើមីទ្ទីញរំលឹកខួបលើកទី១៥២ នៃទិវាពិភពលោកកាកបាទក្រហម
និងអឌ្ឍចន្ទក្រហម ជាបន្តបន្ទាប់ទៀត ទៅតាមពេលវេលាជាក់ស្តែងរបស់ខេត្ត
ក្រុង នីមួយៗ ដោយសង្ឃឹមថា
នឹងមានសប្បុរសជនចូលរួមផ្តល់ថវិកាស្ម័គ្រចិត្តគាំទ្រ
មានចំនួនច្រើនជាងឆ្នាំកន្លងទៅ
ដោយសារតែការជឿជាក់លើសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា
ក្នុងការជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ
ដោយការអនុវត្តតាមទិសស្លោក ៖ ទីណាមានទុក្ខលំបាក
ទីនោះមានកាកបាទក្រហមកម្ពុជា « រួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ និង វប្បធម៌ចែករំលែក ចាប់ផ្តើមពីខ្ញុំ»៕


No comments:
Post a Comment