ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ត្រូវបានរៀបចំប្រារព្ធឡើងយ៉ាងអធិកអធម
ជារៀងរាល់ឆ្នាំនៅក្រោមព្រះអធិបតីភាព នៃព្រះមហាក្សត្រ
ប្រចាំនគរ រួមទាំងមន្ត្រី អ្នកមុខអ្នកការ និងប្រជានុរាស្ត្រគ្រប់ជាន់ថ្នាក់
មកពីគ្រប់ខេត្តក្រុងនៅទីលាន វាលព្រះមេរុនៅភ្នំពេញ
និងនៅតាមបណ្តាខេត្តក្រុងរាជធានី នៅទូទាំងប្រទេស
ដោយនឹងត្រូវប្រារព្ធធ្វើឡើង ផ្លាស់ប្តូរវេនគ្នា ប៉ុន្តែ
ជាញឹកញាប់គេបានសង្កេតឃើញថា ភាគច្រើនពិធីនេះច្រើនធ្វើនៅវាលព្រះមេរុ។
ព្រះរាជពិធីនេះ ជាពិធីមង្គលមួយដែលព្រះករុណា
ព្រះមហាក្សត្រ ចាត់ទុកថា ជាការចាប់ផ្តើម
ប្រកក់ ប្រសិទ្ធី ឲ្យដល់ប្រជាកសិករ ក្នុងការធ្វើស្រែចម្ការនៅរដូវវស្សា
ឲ្យទទួលបានទិន្នផលខ្ពស់ ព្រមទាំងបង្ហាញឲ្យប្រជាកសិករទូទាំងនគរឲ្យបានដឹងថា
ដល់ពេលដែលត្រូវចាប់ផ្តើមការ ដាំដុះហើយ ។
ពិធីនេះត្រូវបានប្រារព្ធឡើងដោយមានបុរសម្នាក់ឈ្មោះថា (ស្តេចមាឃ) ដែលកាន់នឹម និងនង្គ័ល, និងស្ត្រីម្នាក់ ឈ្មោះថា (ព្រះម៉ែ មេ ហួរ) ដែលសាបពូជស្រូវ
ដើរតាមក្រោយនង្គ័ល។
គេមានជំនឿថា
ពិធីនេះត្រូវបានគេរៀបចំតាមលំនាំសាសនាព្រហ្មញ្ញ ដោយផ្សងទឹកភ្លៀងតាមរយៈការដាក់ភោគផល
ឬ អាហារ៧យ៉ាង រៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ
ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ដើម្បីឲ្យគោឧសុភរាជស៊ីផឹកតាមចិត្តរយៈពេលពេញមួយកម្មវិធីផ្សងនេះ
។
ទាក់ទងនឹងពេលវេលា
កាលពីបុរាណ ពិធីនេះត្រូវបានគេប្រារព្ធរយៈពេល ៣ថ្ងៃ។ តែក្រោយមកដោយការវិវត្តជឿនលឿន
នៃសង្គម និងម្យ៉ាងដោយព្រះរាជា មន្ត្រីដែលជាអ្នកមុខអ្នកការ រួមទាំងប្រជារាស្ត្រមានភាពមមារញឹកផងនោះ
ទើបព្រះរាជា បានសម្រេចការប្រារព្ធពិធីនេះមកនៅត្រឹមរយៈពេលមួយថ្ងៃវិញ ពោលគឺចំថ្ងៃ
៤ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ។
សារៈសំខាន់
នៃបុណ្យច្រត់ព្រះនង្គ័លមានដូចជា៖
•ជាពិធីមួយដើម្បីផ្សងប្រផ្នូរកម្រិតទឹកភ្លៀង
និងភោគផលប្រចាំឆ្នាំនៅគ្រប់តំបន់ ខេត្តក្រុងទូទាំងនគរខ្មែរតាមរយៈ ការ
សោយព្រះស្ងោយរបស់គោឧសភារាជ ។
•ជាសញ្ញាប្រាប់ដល់ប្រជានុរាស្ត្រខ្មែរទាំងអស់ដែលមានមុខរបរជាកសិករ
អ្នកស្រែចំការឲ្យលោកដឹងថា ដល់ពេល ដែលត្រូវចាប់ផ្តើមធ្វើស្រែចំការហើយ ។
•ជាពេលវេលាដែលព្រះរាជា
ថ្នាក់ដឹកនាំរដ្ឋ មានឱកាសជួបជុំ សួរសុខទុក្ខប្រជារាស្ត្រដែលមាននាទីជាកសិករ
។
•ជាពេលវេលាដែលថ្នាក់ដឹកនាំគ្រប់ខេត្តក្រុង
មានឱកាសរៀបចំការដាក់តាំងភោគផលកសិកម្ម ប្រចាំខេត្តក្រុងរបស់ខ្លួនឲ្យមហាជនបានដឹង
និងងាយស្រួលលក់ភោគផលនៅពេលក្រោយ។
•ជាពេលវេលានៃការដឹងគុណព្រះម៉ែធរណី
និងព្រះភិរុណដែលបានបង្អុលទឹកភ្លៀង និងភោគផលគ្រប់គ្រាន់ នាពេលកន្លងមក ។
•ជាពេលវេលានៃការបួងសួងសុំទឹកភ្លៀង
និង សុំភោគផលបានសម្បូរហូរហៀរក្នុងឆ្នាំថ្មីបន្តទៀត ។
•ជាពេលវេលាដែលបង្ហាញឲ្យឃើញពីទឹកព្រះទ័យ
ឬការយកចិត្តទុកដាក់របស់ព្រះរាជា និងមន្ត្រីគ្រប់ជាន់ថ្នាក់
ចំពោះ ប្រជារាស្ត្រទូទៅដែលជាកសិករ ។
គួរបញ្ជាក់ថា ប្រទេសខ្មែរ មានប្រភេទស្រូវល្បីច្រើនមុខស្ទើររាប់មិនអស់ដូចជា៖
ស្រូវសែនពិដោរ
ស្រូវសូម៉ាលី ស្រូវផ្កាខ្ញី ស្រូវផ្កាម្លិះ ស្រូវផ្ការំដួល ស្រូវឆ្មាព្រុំ
ស្រូវនាងម៉ិញ ស្រូវដំណើបស ស្រូវដំណើបខ្មៅ ស្រូវខា ស្រូវប្រដេញទឹក
ស្រូវឡើងទឹក ។ល។
ចំណែកប្រភេទសត្វដែលបម្រើឲ្យការអូសទាញក្នុងវិស័យកសិកម្មរួមមាន៖
គោ ក្របី សេះ ដំរីដែលសត្វទាំងនេះខ្មែរ និយមប្រើតាំងពីសម័យបូរាណមកម្លេះ ។
សរុបមក ពិធីច្រត់ព្រះនង្គ័ល ពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ សម្រាប់ប្រទេសកម្ពុជាយើង ដោយសារពិធីនេះ ជាសកម្មភាព ឬដំណើរនៃព្រះរាជា ដែលទ្រង់សង្កត់នង្គ័ល
ដោយព្រះហស្ថរបស់ព្រះអង្គ ដើម្បីភ្ជួររាស់ព្រះស្រែជានិមិត្តរូប
សម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គ៕
អត្ថបទ៖
ច័ន្ទ ទេវី


No comments:
Post a Comment