នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ាហឡេប (Ibrahim Mahlah) នាយករដ្ឋមន្រ្តីអេហ៊្សីប។
ក្នុងជំនួបពិភាក្សាដែលធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ី‑ អាហ្រ្វិក ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា‑ អេហ៊្សីប បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា អេហ៊្សីប ឲ្យកាន់តែរឹងមាំនិងរីកចំរើនទ្វេឡើងថែមទៀត។ ក្នុងជំនួបពិភាក្សា គ្នានេះដែរ ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ជុំវិញការបើកស្ថានឯកអគ្គរាជទូតរបស់ប្រទេសកម្ពុជា នៅក្នុងទីក្រុងកៃរ៉ូប្រទេសអេហ៊្សីប ដើម្បីឲ្យទំនាក់ទំនងការទូត នៃប្រទេសទាំងពីរកាន់តែវិវត្តន៍រីកចំរើនទៅមុខ។
សម្តេចតេជោមានប្រសាសន៍បន្តថា ដោយសារមានដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងអញ្ជើញទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសអេហ៊្សីប នៅពេលខាងមុខនោះ ស្ថានឯកអគ្គរាជទូតកម្ពុជាគ្រោងនឹងបើកនៅពេលនេះផងដែរ។ ឯកឧត្តមអ៊ីប្រាហ៊ីម បានមានប្រសាសន៍ថា កន្លងមកប្រទេសយើងទាំងពីរកម្ពុជា អេហ៊្សីប មានទំនាក់ទំនងជាមួយគ្នាល្អណាស់ ហើយចាប់ពីពេលនេះតទៅមុខគឺយើងរួមគ្នា ធ្វើយ៉ាងណាឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែមានភាពល្អប្រសើរឡើងថែមទៀត ពិសេសធ្វើយ៉ាងមានទំនាក់ទំនងល្អ ក្នុងបណ្តាប្រទេសអាស៊ានទាំងមូលផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចនឹងខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរ មានភាពល្អប្រសើរឡើង។ សម្តេចតេជោ បន្តថា សម្តេច និងឯកឧត្តមនាយករដ្ឋមន្រ្តី គឺជាអ្នកដឹកនាំជំនាន់ក្រោយ ប៉ុន្តែថ្នាក់ដឹកនាំជំនាន់មុន បានផ្សារភ្ជាប់នូវទំនាក់ទំនងកាលពីអតីតកាលដ៏ល្អ ដូចនេះ យើងត្រូវតែរួមគ្នានិងបេ្តជ្ញារួមគ្នា ក្នុងការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែសកម្មថែមទៀត ពិសេសការរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការកែប្រែនូវគោលជំហរមួយចំនួនទាក់ទិនទៅនិងបញ្ហាអន្តរជាតិមួយចំនួន ពិសេសការផ្លាស់ប្តូរនូវការគាំទ្រគ្នាទៅវិញទៅមក។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ ចំពោះសភាពការណ៍នៅប្រទេសអេហ៊្សីប ដែលបានវិលមករកប្រក្រតីភាពឡើងវិញ។
សម្តេចតេជោមានប្រសាសន៍បន្តថា សម្តេចតេជោតែងតែធ្វើការតាមដានចំពោះសភាពការនៅអេហ៊្សីប និងបណ្តាប្រទេសក្នុងតំបន់ ដោយសារតែមាននិស្សិតកម្ពុជាបានទៅសិក្សានៅទីនោះ និងដោយសារតែសភាពការណ៍បានវិលមករកប្រក្រីភាពហើយនោះ សម្តេចផ្ទាល់មានការត្រេកអរខ្លាំងណាស់ ហើយនិស្សិតកម្ពុជាមួយចំនួនក៏បានវិលទៅសិក្សានៅប្រទេសអេហ៊្សីបផងដែរ។
ជាការឆ្លើយតបទៅនិងប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម អ៊ីប្រាហ៊ីម មានប្រសាសន៍ថា ពេលនេះអេហ៊្សីប មានប្រក្រតីភាពឡើងវិញហើយ គឺមិនដូចសភាពការណ៍ក្នុងបណ្តាប្រទេសជិតខាងខ្លួននោះទេ ។ តាមរយៈនេះ ប្រទេសទាំងពីរនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឲ្យកាន់តែប្រសើរឡើងថែមទៀត៕



No comments:
Post a Comment