Thursday, April 23, 2015

ឯកឧត្តម ហង្ស ពុទ្ធា ប្រាប់ លោក រ៉ុង ឈុន ឲ្យមើលច្បាប់ គ.ជ.ប ឡើងវិញមុននឹងនិយាយ

ឯកឧត្តម រ៉ុង​ ឈុន​ ដែលបច្ចុប្បន្នជា​ សមាជិកនៃ​ គ.ជ.ប ថ្មី ​កាលពីថ្ងៃទី ២០​ ខែមេសា​ ឆ្នាំ២០១៥ ​កន្លងទៅ​ បានធ្វើបទ​សម្ភាសន៍​ជាមួយវិទ្យុ​អាស៊ីសេរី ​ដោយបាន​និយាយ​ ទាក់ទង ​នឹង​បញ្ហាប្រាក់​ឈ្នួលកម្មករ​ និង​ប្រាក់ខែ​មន្ត្រីរាជការ​ ដោយ ​ឯកឧត្តម​ រ៉ុង​ ឈុន​ បានលើក​ឡើងថា​ រាជរដ្ឋាភិបាល​មិនគួរ​រង់ចាំដល់​ឆ្នាំ​២០១៨​ទេ​ ដោយ​ឯកឧត្តម​ អះអាងថា​ វាជាការ​អូស​បន្លាយពេល​ដ៏យូរ​ ហើយ​ឯកឧត្តម​ថា​ គួរ​តំឡើង​ប្រាក់​ខែជូន​កម្មករ​ ១៧៧ ​ដុល្លារ​ នៅចុង​ឆ្នាំនេះ​។
ការលើក​ឡើង​របស់​ ឯកឧត្តម​ រ៉ុង ឈុន ​ដែល​ជាសមាជិក​គ.ជ.ប​ ដែលជ្រើស​ចេញ​ពីគណបក្ស​សង្រ្គោះជាតិ​ ត្រូវបាន​មន្ត្រីជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ចាត់ទុកថា​ ជាការដាក់​គំនាប​មកលើ​រាជរដ្ឋាភិបាល​ និង​ជាការ​ជ្រៀតជ្រែក​រឿង​នយោបាយ ​ដែល​ខុសពី​តួនាទី​ដែលខ្លួន​ត្រូវ​ប្រកាន់​ជំហរ​ជា​បុគ្គល​ឯករាជ្យ​ ក្នុង​នាមជា​សមាជិក​ គ.ជ.ប​។
ទាក់ទង​នឹងការ​លើកឡើង​របស់​ ឯកឧត្តម ​ ​រ៉ុង ឈុន ​ដូចខាងលើនេះ​ដែរ​ អ្នកនាំពាក្យ ​គ.ជ.បនិង​ជាសមាជិក​ទី៩ ​ដែល​ជាសមាជិក​ឯករាជ្យ​នៃ ​គ.ជ.ប ថ្មី ​ឯកឧត្តម ​ហង្ស ពុទ្ធា ​បាន លើកឡើង​ថា​ សមាជិក ​គ.ជ.ប ម្នាក់ៗ ​ត្រូវតែ​ពិនិត្យ​ទៅលើ​គោលការណ៍ ​បទបញ្ជា ​និង​នីតិវិធី​នៃ​ការបោះ​ឆ្នោត​ដែលទោះ​បី​ជាថ្មី​ពុំ​ទាន់មាន​ ប៉ុន្តែ​អាចប្រើ​ប្រាស់​នូវអ្វី​ដែលជា​គោលការណ៍​ចាស់​បាន​។
ឯកឧត្តម ​ហង្ស ពុទ្ធា ​បានបន្តថា​ ឯកឧត្តម​សុំមិន​ទាន់​វាយ​តំលៃថា​ ការ​និយាយ​របស់ ​ឯកឧត្តម​ រ៉ុង ឈុន​ ជារឿង​ខុស​រឺ​ត្រូវ​នៅឡើយ​ទេ​ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ ឯកឧត្តម​ រ៉ុង​ ឈុន​ ជាបុគ្គល​ម្នាក់​ដែល​បាន​ធ្វើ​ការស្បថ​រួចហើយ​ ហើយ​ប្រសិន​បើ ​ឯកឧត្តម​ រ៉ុង​ ឈុន​ គាត់​យល់ថា​អ្វីដែល​គួរធ្វើ​នឹង​អ្វី​ដែល​មិន​គួរ​ធ្វើនោះ​ជាការ​សំរេច​ចិត្ត​របស់គាត់​។
អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment