ឧត្តម ហង្ស ពុទ្ធា ដែលជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) ត្រូវបានជ្រើសរើសឲ្យកាន់មុខដំណែងជាអ្នកនាំពាក្យ គ.ជ.ប ថ្មី ដែលដំណែងនេះ
នៅអាណត្តិមុនៗ គឺពុំធ្លាប់មាននោះទេ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់
គ.ជ.ប ចេញពីកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៥កន្លងទៅ បានឲ្យដឹងថា គ.ជ.ប
បានសម្រេចតែងតាំង ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប ធ្វើជាអ្នកនាំពាក្យនៃ
គ.ជ.ប។
ឧត្តម ហង្ស ពុទ្ធា នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៥នេះ បានប្រាប់គេហទំព័រ
GNN
Cambodia ថា លោករីករាយនឹងទទួលយកតួនាទីនេះ ដោយ ឯកឧត្តម យល់ថា
តួនាទីនេះមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវជាក់លាក់ជូនដល់បណ្តាញ
ព័ត៌មាន ហើយក៏ជាយន្តការមួយ ជួយឲ្យបណ្តាញព័ត៌មាន បន្តការជូនដំណឹងក៏ដូចជាអប់រំដល់ប្រជាពលរដ្ឋ
សាធារណៈជន ពិសេសអ្នកដែលមានសិទ្ធិបោះឆ្នោត។
ឧត្តម ហង្ស ពុទ្ធា បន្តថា ការសំរេចជ្រើសរើស ឯកឧត្តម ជាអ្នកនាំពាក្យ
គ.ជ.ប ថ្មី ជាគឺជាសញ្ញានៃដំណើរការមួយប្រកបដោយតម្លាភាព ដែលសមាជិកទាំងអស់
ក្នុងនាមជាសមាជិកដែលចេញពីសភាដែលប្រកាសខ្លួនថាឯករាជ្យហើយ សំលឹងទៅឃើញថាបុគ្គលទី៩នេះឯង
ជាបុគ្គល ដែលនៅកណ្តាលរវាងសមាជិកទាំងអស់ ក្នុងការផ្តល់ព័ត៌មានដោយមិនលំអៀង។
នៅក្នុងតួនាទីថ្មីនេះ ឯកឧត្តម
ហង្ស ពុទ្ធា បញ្ជាក់ថា លោកនឹងប្រកាន់យកជំហរដូចពេលដែល
ឯកឧត្តម ចូលមកដល់ គ.ជ.ប គឺឯករាជ្យ
ហើយនឹងផ្តល់ព័ត៌មានពិតជូនដល់សាធារណៈជន។
ឯកឧត្តម ហង្ស ពុទ្ធា បន្តថា
ខ្ញុំនឹងរៀបចំប្រតិទិនជាក់លាក់ដើម្បីផ្តល់ព័ត៌មានទៅបណ្តាញ
ព័ត៌មានទាំងអស់ដើម្បីធ្វើការផ្សព្វផ្សាយបន្ថែម។
តាមរយៈតួនាទីថ្មីនេះ ឯកឧត្តម ហង្ស ពុទ្ធា រំពឹងថា នឹងជួយក្នុងការអប់រំ
ការជូនដំណឹងដល់សាធារណៈជន ដើម្បីឲ្យទទួលបានសិទ្ធិបោះឆ្នោត ហើយនិងកាត់បន្ថយភាពមិនប្រក្រតីដែលកន្លងមក
តែងតែលេចលឺថាមានភាពមិនប្រក្រតី ហើយបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនយល់ឃើញថា
លទ្ធផលនៃការបោះឆ្នោត មានភាពស្រពិចស្រពិល និងធ្វើឲ្យមានបញ្ហាខ្លះ
ដែលបង្កឲ្យសង្គមមានភាពវឹកវរ ដែលជាក្តីព្រួយបារម្ភរបស់សមាជិក គ.ជ.ប ថ្មី។
ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់បន្ថែមថា ឯកឧត្តម នឹងតាំងចិត្តប្រឹងប្រែង ដើម្បីបង្កើតបាននូវលទ្ធផលបោះឆ្នោតមួយ
ដែលគណបក្សនយោបាយ និងអ្នកប្រកួតប្រជែងទាំងអស់ ទទួលយកបាន។
គួរបញ្ជាក់ថា ការជ្រើសរើស ឯកឧត្តម ហង្ស ពុទ្ធា ជាអ្នកនាំពាក្យ
គ.ជ.ប ថ្មីនេះ កើតចេញពីការ សំរេចចិត្ត របស់សមាជិក គ.ជ.ប ទាំង៩រូប ដែលរួមមាន
ឯកឧត្តម ស៊ិក ប៊ុនហុក មកពីគណបក្សប្រជាជនកម្ពុជា ជាប្រធាន ឯកឧត្តម គួយ ប៊ុនរឿន
មកពីគណបក្សសង្គ្រោះជាតិជាអនុប្រធាន និងសមាជិក៧រូបទៀត មាន ឯកឧត្តម មាន សាទិ
ឯកឧត្តម ឌុច សុន ឯកឧត្តម ឯម សូផាត ឯកឧត្តម លោក រ៉ុង ឈុន ឯកឧត្តម ហ៊ីង ធីឫទ្ធិ
លោកជំទាវ តែ ម៉ានីរ៉ុង និងឯកឧត្តម ហង្ស ពុទ្ធា ។
គួររំលឹកថា នៅអាណត្តិមុន ឯកឧត្តម ទេព នីថា អគ្គលេខាធិការ នៃ
គ.ជ.ប ថ្វីបើមិនបានតែងតាំងជាអ្នកនាំពាក្យក្តី ប៉ុន្តែឯកឧត្តមបានបំពេញតួនាទីជាអ្នកឆ្លើយឆ្លងព័ត៌មាន
ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជុំវិញបញ្ហានានា ដែលពាក់ព័ន្ធ និងស្ថាប័នមួយនេះ។
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment