យោងតាមប្រភពពីខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី ១៦ ខែមីនា
ឆ្នាំ២០១៥ បានឲ្យដឹងថា ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កិត្តិយសជូនអ្នកគ្រូ
នាង ផល្លា ដែលបានខិតខំអប់រំបង្ហាត់បង្រៀនកុមារគ ថ្លង់ និងពិការភ្នែកកម្ពុជាអស់រយៈកាលជិត
២០ឆ្នាំកន្លងមកនេះ ដែលអ្នកគ្រូសម នឹងទទួលបានមហាកិត្តិយស ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី
នូវមេដាយថ្នាក់មហាសេរីវឌ្ឍន៍ (មេដាយមហាកិត្តិយស លំដាប់ទី២) ព្រមទាំងផ្តល់នូវរង្វាន់លើកទឹកចិត្តចំនួន
១០០លានរៀល ដែលពិធីប្រគល់នេះ នឹងធ្វើឡើង នៅក្នុងឱកាសមហាសន្និបាតរបស់ក្រសួងអប់រំយុវជន
និងកីឡា ដែលនឹងប្រព្រឹត្តិទៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

អ្នកគ្រូ នាង ផល្លា ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជន ១០ រូប ដែលប្រជែងយកជ័យលាភី
គ្រូបង្រៀនឆ្នើមពិភពលោក Global Teacher Prize 2015។
ទោះបីជាអ្នកគ្រូ នាង ផល្លា មិនបានទទួលជ័យលាភី គ្រូបង្រៀនឆ្នើមពិភពលោក ដែលត្រូវបានប្រកាសលទ្ធផល
ជ័យលាភី ប្រាក់រង្វាន់ ១ លានដុល្លារកាលពីព្រលប់ថ្ងៃអាទិត្យ ទី១៥មីនា ក៏ដោយក្រសួងអប់រំ
អំពាវនាវដល់មហាជនឲ្យបន្តបោះឆ្នោតគាំទ្រតាមអ៊ិនថឺណេត ជូនដល់អ្នកគ្រូ នាង ផល្លា
ដើម្បីឈ្នះពានរង្វាន់គ្រូបង្រៀន ដែលមានប្រជាប្រិយភាពបំផុត។ ការបោះឆ្នោតគាំទ្រនោះ
ធ្វើឡើងរហូតដល់ថ្ងៃអង្គារ ទី១៧មីនានេះ ដែលជាថ្ងៃប្រកាសលទ្ធផល។
ទោះជាបែបនេះក្តី ក្រសួងអប់រំ
បានប្រកាសថា មូលនិធិ Varkey
Foundation ដែលជាអ្នករៀបចំកម្មវិធីគ្រូឆ្នើមពិភពលោក Global Teacher Prize នឹងផ្ដល់ប្រាក់រង្វាន់ម្នាក់ៗ ២៥.០០០ ដុល្លារសហរដ្ឋអាមេរិក
ជូនបេក្ខភាពជាប់ទាំង ៩ នាក់ ចុងក្រោយ ដែលក្នុងនោះ មានអ្នកគ្រូ នាង ផល្លា ម្នាក់ដែរ។
គួរបញ្ជាក់ថា ពានរង្វាន់ជ័យលាភីគ្រូបង្រៀនឆ្នើមពិភពលោក ដែលប្រកាសលទ្ធផលកាលពីថ្ងៃអាទិត្យកន្លងទៅ
បានទៅលើអ្នកគ្រូ Nancie
Atwell ជាស្ថាបនិកបណ្ឌលសិក្សានិងជាគ្រូបង្រៀនរយៈពេល៤២ឆ្នាំ។
អ្នកគ្រូ ប្រកាសថា អ្នកគ្រូ នឹងផ្ទេររង្វាន់១លានដុល្លារនេះទៅជួយមណ្ឌលសិក្សារបស់
អ្នកគ្រូ។
ទោះបីជា អ្នកគ្រូ នាង ផល្លា មិនឈ្នះជ័យលាភីក្តី ប៉ុន្តែថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល
ក៏ដូចជាប្រជាជនកម្ពុជា ពិតជាបានមើលឃើញថា អ្នកគ្រូ
នាង ផល្លា មិនត្រឹមតែជាស្រ្តីកម្ពុជា ដែលបានបំពេញការងារមនុស្សធម៌បម្រើប្រយោជន៍សម្រាប់សង្គមជាតិ
ថែមទាំងជាស្ត្រីខ្មែរដែលមានការតស៊ូអត់ធ្មត់ជាមួយការតាំងចិត្តខ្ពស់
និង ប្តេជ្ញាចិត្តដ៏មុះមុតក្នុងការផ្តល់ចំណេះដឹងដល់កុមារពិការ និងគ
ថ្លង់។ តាមរយៈកម្មវិធី Global Teacher Prize ជាពិសេសនៅលើវេទិកា នាទីក្រុងឌូប៉ៃ ដែលនឹងមានអ្នកចូលរួមរាប់រយនាក់នោះ
អ្នកគ្រូ ផល្លា បាននាំកម្ពុជាឲ្យមនុស្សជាតិលើឆាកអន្តរជាតិ បានដឹង បានស្គាល់
ហើយដឹងកាន់តែច្បាប់ ថា កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យពិការភាព
ដែលជាឧបសគ្គមួយក្នុងការអភិវឌ្ឍសង្គមជាតិ។
អ្នកគ្រូ នាង ផល្លា ត្រូវបាន Global Teacher Prize ដកស្រង់សម្តីថា
«ចាប់ផ្តើមការបង្រៀនកម្មវិធីគ ថ្លង់ ជាពេលវេលា ដ៏លំបាកបំផុត ព្រោះមិនទាន់ការអប់រំ
ដល់ពួកគេ នៅឡើយទេ ដែលទាមទារឲ្យពួកគេរៀនចំណាំក្នុងការចងចាំ
សញ្ញា នៃភាសា គ ថ្លង់ នេះ ខណៈដែលយើងទើបតែនឹងចាប់ផ្តើម។ យ៉ាងណាក៏ដោយ
ខ្ញុំអាចនិយាយបានថា ខ្ញុំនៅតែបន្តការងារនេះ»។
អ្នកគ្រូ មានគោលដៅក្នុងការបង្រៀនវិធីនេះ តាមរយៈការយល់ដឹង ការចងចាំ និងជំនឿទុកចិត្តរបស់អ្នកគ្រូ។
បន្ថែមនេះ អ្នកគ្រូបានផ្តល់ការបង្រៀនជាអាទិភាព នូវ ភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ
ដល់ពួកគេថែមទៀត ផង។ សិស្ស នៅអង្គការគ្រួសារថ្មី បានចាប់ផ្តើមរៀនភាសាអង់គ្លេស
ដោយក្មេង គ ថ្លង់នោះបានបន្ថែមតន្រ្តី និង ភាសាបរទេស។
ដោយសារប្រព័ន្ធអប់រំ កម្មវិធីបង្រៀនសិស្ស គ ថ្លង់ ត្រូវបានអនុវត្តជាមួយក្រសួងអប់រំ
ជាលក្ខណៈជាតិ កម្មវិធី បង្រៀន ត្រូវបានពង្រីកដោយមានគ្រូ រហូតទៅដល់ ៦៩នាក់
និងមានសិស្សចំនួន ២៥០នាក់ នៅអង្គការគ្រួសារ ថ្មី ចំនួន ៤ សាខា និង សាលានានា
ជាសាធារណៈចំនួន ២៩ទូទាំងប្រទេស។
អត្ថបទ៖ ច័ន្ទ ទេវី
អត្ថបទ៖ ច័ន្ទ ទេវី
No comments:
Post a Comment